អានតួអត្ថបទ
FBI-រុស្ស៊ី

FBI​ស្វែងរក​ចាប់ខ្លួន ស្រ្តី​ម្នាក់ ដែល​លួចកុំព្យូទ័រ​របស់​ប្រធានរដ្ឋសភា ដើម្បី លក់​ឲ្យ​រុស្ស៊ី

ប៉ូលិស​សហព័ន្ធ FBI​កំពុង​ស្វែងរក​ចាប់ខ្លួន ស្រ្តី អាមេរិកាំង ម្នាក់ ដែល​ប៉ូលិស​សង្ស័យថា បាន​លួច​យក​កុំព្យូទ័រ​របស់​លោកស្រី Nancy Pelosi ប្រធាន​សភាអ្នកតំណាងរាស្រ្ត នៅក្នុង​ព្រឹត្តិការណ៍​សម្រុក​ចូល​វិមានកាពីតូល ពីសំណាក់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី ៦​មករា។ តាម​សាក្សី ដែល​ប៉ូលិស FBI បានស្រង់​ក្នុង​បណ្តឹង ដាក់ទៅ រដ្ឋអាជ្ញាក្រុង​វ៉ាស៊ីនតោន កាលពី ថ្ងៃ អាទិត្យ ស្រ្តីអាមេរិកាំង វ័យ ២២​ឆ្នាំ មាន​គំនិត ចង់​លក់​កុំព្យូទ័រ​របស់​ប្រធានបក្ស​ប្រជាធិបតេយ្យ នៅ រដ្ឋសភាអាមេរិក ទៅ​ឲ្យ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី។ 

ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ សម្រុក​ចូល​ដោយ​ហិង្សា ក្នុង​វិមានកាពីតូល កាលពី​ថ្ងៃទី ៦​មករា​២០២១
ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ សម្រុក​ចូល​ដោយ​ហិង្សា ក្នុង​វិមានកាពីតូល កាលពី​ថ្ងៃទី ៦​មករា​២០២១ REUTERS - LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​វ៉ាស៊ីនតោន កាលពី ថ្ងៃ​អាទិត្យ ​ប៉ូលិស FBI បាន​សុំ​ដីកា តាម​ចាប់ ស្រ្តីអាមេរិកាំង ឈ្មោះ Riley June William ក្នុង​បទចោទប្រកាន់ ឈ្លានពាន ដោយ​ហិង្សា និង​ចូល​ទៅ បង្ក​អសណ្តាប់ធ្នាប់ នៅ ក្នុង​វិមាន​កាពីតូល។ តាម​កាសែត Washington Post អាជ្ញាធរ​សហព័ន្ធ​បាន​ចាប់ខ្លួន​ស្រ្តី​ម្នាក់ នៅ​ ថ្ងៃ​ចន្ទ ប៉ុន្តែ មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​នោះទេ។

នៅក្នុង​បទចោទប្រកាន់​របស់​ប៉ូលិស FBI ស្រ្តីអាមេរិកាំង Riley June William អាយុ ២២​ឆ្នាំ ដែលមានដើម​កំណើត​នៅ រដ្ឋ​Pennsyvalnia ត្រូវ​បាន​សាក្សី ម្នាក់ ដែល​ជាអតីត​សង្សារ ចង្អុរ​មុខ​ថា មាន​គម្រោង​បញ្ជូន​កុំព្យូទ័រ​ទៅ​ឲ្យ​មនុស្ស​ស្គាល់គ្នា​ម្នាក់ នៅ ទីក្រុង​ម៉ូស្គូ ដើម្បី លក់​បន្ត​ទៅ ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​រុស្ស៊ី។

សាក្សី​ ខាងលើ​បាន​រៀបរាប់​ប្រាប់ប៉ូលិស​ថា គេ​បាន​ឃើញ​វីដេអូ​ជាច្រើន ដែលនៅក្នុង​នោះ Riley June William​បាន​លួច​យក ម៉ាស៊ីន​កុំព្យូទ័រ ឬ Hard disc នៅក្នុង​ការិយាល័យ​ធ្វើការ​របស់​លោកស្រី Nancy Pelosy នៅក្នុង​ពេល ក្រុមគាំទ្រ លោកដូណាល់ ត្រាំ សម្រុក​ចូល​វិមាន​កាពីតូល។ តាម​សាក្សី​ដដែល Riley June William​បរាជ័យ មិន​អាច​លក់​កុំព្យូព័រ ដោយសារ​ហេតុផល​ដែល​គេ​មិន​បាន​ដឹង​ច្បាស់។ កុំព្យូទ័រ កំពុង​ស្ថិតក្នុង​ដៃ​របស់​Riley June William ឬ​ត្រូវ​បាន​កម្ទេច​ចោល។

រហូត​មកដល់ពេលនេះ គេ​នៅ មិនទាន់​ដឹងច្បាស់​ថា តើ​កុំព្យូទ័រ​របស់​ប្រធាន​ក្រុមបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា ពិតជា​ត្រូវ​បាន​គេ​លួច​មែនដែរឬទេ។ ប៉ូលិស FBI កំពុង​ស៊ើបអង្កេត​ពីរឿងនេះ ចំណែក ការិយាល័យ​រដ្ឋអាជ្ញា​របស់​ក្រុង​វ៉ាស៊ីនតោន បាន​បដិសេធ​មិនអត្ថាធិប្បាយ​អ្វីទាំងអស់​ជុំវិញ រឿង​នេះ។

ចាប់តាំង​ពី កើតមាន​ហេតុការណ៍ សម្រុក​ចូល​ដោយ​ហិង្សា​របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ក្នុង​វិមាន​កាពីតូល ប៉ូលិស FBI ដែល​បាន​ប្រើ​រូបភាព​វីដេអូ និង​សាក្សី បាន​កំណត់​អត្តសញ្ញាណ និង​តាមចាប់ខ្លួន មនុស្ស បាន​ជិត ៧០នាក់ ក្នុង​បទចោទប្រកាន់​ពី កាន់កាប់​អាវុធ​ខុសច្បាប់ បង្ក​អសណ្តាប់ធ្នាប់​សង្គម ហើយនិង​យាយីធ្វើបាប ទីភ្នាក់ងារ​រក្សា​សន្តិសុខ​របស់​រដ្ឋ។ ព្រឹត្តិការណ៍​សម្រុក​ចូល​វិមាន​កាពីតូល របស់​ក្រុមគាំទ្រ លោកដូណាល់ ត្រាំ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត នៅ អាមេរិក បាន​ជំរុញ ឲ្យពិធីស្បថ​ចូល​កាន់តំណែង របស់​លោកប្រធានាធិបតី ចូ បៃដិន ត្រូវ​រៀបចំឡើង នៅក្រោម បរិយាកាស យាម​ការពារ ដ៏តឹងរ៉ឹង របស់​ឆ្មាំជាតិ ដើម្បី ពង្រឹង​សន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ កុំ​ឲ្យ​មាន​កុប្បកម្ម របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ដូច​កាលពី​ថ្ងៃទី ៦​មករា​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ