អានតួអត្ថបទ
អាមេរិក

អាមេរិក៖ចាប់ខ្លួនវិស្វករ និងប្រពន្ធក្នុងបទលក់ព័ត៌មានសម្ងាត់ទាក់ទងនឹងនាវាមុជទឹកនុយក្លេអ៊ែរទៅឲ្យបរទេស

នៅ​អាមេរិក ក្រសួង​យុត្តិធម៌​​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី១០ តុលា​ពី​ការចាប់​ខ្លួន​វិស្វករ​ទ័ពជើង​ទឹក និង​ប្រពន្ធ​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​បរទេស។ តាម​ក្រសួង​យុត្តិធម៌​អាមេរិក រឿងរ៉ាវ​មួយ​នេះ​បាន​កើត​មាន​ជិត​មួយ​ឆ្នាំ​កន្លង​មក។ គួរ​រម្លឹក​ថា​ថ្មីៗ​នេះ នាវាមុជទឹកអាមេរិក​ដើរ​ដោយ​នុយក្លេអ៊ែរ​ជា​ប្រធានបទ​នៃ​វិបត្តិការទូត​រវាង​អាមេរិក និង​ប្រទេស​បារាំង​នៅ​ពេល​ដែល​ប្រទេស​អូស្រ្តាលី​បាន​លុប​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង ហើយ​ងាក​ទៅ​ទិញ​នាវាមុជទឹកអាមេរិក​វិញ។

ផ្ទះ​របស់​វិស្វករ​ទ័ពជើង​ទឹក និង​ប្រពន្ធ​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​នាវាមុជទឹកទៅឲ្យបរទេស។
ផ្ទះ​របស់​វិស្វករ​ទ័ពជើង​ទឹក និង​ប្រពន្ធ​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​លក់​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​នាវាមុជទឹកទៅឲ្យបរទេស។ AP - Brian Witte
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួង​យុត្តិធម៌​អាមេរិក គឺ​ព័ត៌មាន​សម្ងាត់​ស្តីពី​ការ​សាងសង់​នាវាមុជទឹកដើរ​ដោយ​នុយក្លេអ៊ែរ​ដែល​វិស្វករ​ទ័ពជើង​ទឹក​ឈ្មោះ​ចូណាថាន ថេប៊ី (Jonathan Toebbe) អាយុ ៤២ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឌីយ៉ាណា (Diana) អាយុ ៤៥ឆ្នាំ​បាន​លក់​ទៅ​ឲ្យ​បរទេស។ តែ​ក្រសួង​មិន​បាន​បញ្ជាក់​ពី​ប្រទេស​ណា​មួយ​ទេ។ តាម​ពិត​ទៅ ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការងារ​មួយ​នេះ​ជាមួយ​មនុស្ស​ម្នាក់​ដែល​ពួក​គេ​គិត​ថា ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​មហាអំណាច​មួយ។ តែ​ការ​ពិត រូប​មនុស្ស​នោះ​គឺ​ជា​ភ្នាក់ងារ​របស់ FBI ដែល​លាក់​អត្តសញ្ញាណ​ទេ​តើ។ គឺ​តាម​រយៈ​វត្តមាន​របស់​ភ្នាក់ងារ FBI លាក់អត្តសញ្ញាណ​រូប​នេះ​ដែល​នាំ​ឲ្យ​មាន​ការ​បែក​ធ្លាយ​រឿងរ៉ាវ​របស់​ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពួក​គេ។

តាម​បណ្តឹង​របស់​រដ្ឋអាជ្ញា​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់​​បាន​បញ្ជូន​ឯកសារ​យោធា​សម្ងាត់​ស្តីពី​ការ​សាងសង់​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​សម្រាប់​បំពាក់​ឲ្យ​នាវាមុជទឹក រួម​ទាំង​រចនាសម្ព័ន្ធ​របស់​នាវាមុជទឹក​កាល​ពី​ថ្ងៃទី២៦ មិថុនា ឆ្នាំ ២០២១។ នៅ​ចន្លោះ​ខែ​មិថុនា និង​ខែ​សីហា ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ទទួល​ប្រាក់​ជា​លុយឌីជីថល​ចំនួន ១០០ ០០០ដុល្លារ​ជា​ថ្នូរ​នឹង​ការ​លក់​ព័ត៌មាន​សម្ងាត់​ស្តីពី​ការ​សាងសង់​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​របស់​នាវាមុជទឹក។ ព័ត៌មាន​សម្ងាត់​ទាំង​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កាត SD និង​បង្កប់​នៅ​ក្នុង​នំប៉័ងដាក់​សាច់ ឬ​នៅ​ក្នុង​ប្រអប់​ស្ករកៅស៊ូ រួច​វិចខ្ចប់​យក​ទៅ​ដាក់​នៅ​ទីកន្លែង​ដែល​បាន​កំណត់ និង​ណាត់ជួប​មុន​ក្នុង​រដ្ឋ​វើជីញ៉ាខាងលិច។

តែ​គឺ​ទើប​នៅ​ថ្ងៃ​សៅរ៍ ទី៩ តុលា​ដែល​ប្តី ប្រពន្ធ​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​យក​កាត SD ទៅ​ដាក់​ម្តង​ទៀត​នៅ​កន្លែង​ណាត់​ជួប។ ជាប់​ចោទ​ពី​បទ​រំលោភ​លើ​ច្បាប់​ថាមពល​បរមាណូ ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​រដ្ឋ​វើជីញ៉ាខាងលិច​នា​ថ្ងៃ​អង្គារ ទី១២ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ