អានតួអត្ថបទ
អាមេរិក-ចិន-តៃវ៉ាន់

នីការ៉ាហ្កាផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងងាកទៅទទួលស្គាល់ចិនតែមួយ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ធ្នូ ប្រទេស​នីការ៉ាហ្កា​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ និង​បាន​ងាក​ទៅ​ទទួល​ស្គាល់​ចិន​តែ​មួយ។ តៃវ៉ាន់​តាម​រយៈ​ក្រសួង​ការបរទេស​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​នីការ៉ាហ្កា។ ចំណែក​អាមេរិក​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​សោកស្តាយ​ដូច​គ្នា និង​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បង្កើន​ចំណង​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់។

ប្រធានាធិបតីនីការ៉ាហ្កាលោក Daniel Ortega
ប្រធានាធិបតីនីការ៉ាហ្កាលោក Daniel Ortega AP - Alfredo Zuniga
ផ្សាយពាណិជ្ជកម្ម

« ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល​នីការ៉ាហ្កា​របស់​ប្រធានាធិបតី​លោក Daniel Ortega ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ និង​បញ្ឈប់​គ្រប់​ការ​ទាក់ទង ឬ​ទំនាក់ទំនង​ផ្លូវការ​ទាំង​អស់ » នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នីការ៉ាហ្កា​លោក Denis Moncada នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ តាម​លោក Moncada សាធារណរដ្ឋ​ប្រជាមានិតចិន​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​ដែល​តំណាង​ឲ្យ​ចិន​ទាំង​មូល ហើយ​តៃវ៉ាន់​គ្រាន់​ជា​ផ្នែក​មួយ​របស់​ចិន​ដែល​មិន​អាច​ផ្តាច់​ចេញ​បាន​ទេ។ ចិន​បាន​សាទរ និង​បាន​បញ្ជាក់​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​នីការ៉ាហ្កា​ដោយ​គ្មាន​បង្អង់​យូរ។

ចំណែក​តៃវ៉ាន់​បាន​បញ្ចេញ​ប្រតិកម្ម​សោកស្តាយ​ជា​ពន់ពេក។ ពី​អាមេរិក ក្រសួង​ការបរទេស​ក៏​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​របស់​នីការ៉ាហ្កា​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​អាមេរិក​បាន​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​ប្រធានាធិបតី​នីការ៉ាហ្កា​លោក Daniel Ortega។ គួរ​រម្លឹក​ថា ទំនាក់ទំនង​ដែល​តៃវ៉ាន់​មាន​ជាមួយ​នីការ៉ាហ្កា​ច្រើន​នៅ​ក្នុង​វិស័យ​សុខភាព ឬ​កសិកម្ម។ តាំង​ពី​ទសវត្ស៩០ មាន​រោងចក្រ សហគ្រាស​តៃវ៉ាន់​ជា​ច្រើន​បាន​បោះទីតាំង​នៅ​នីការ៉ាហ្កា។

មែនទែន​ទៅ ការ​ដោះដៃ​ចោល​ចិនដី​គោក​ទៅ​ឱប​ចិន​តៃវ៉ាន់ ឬ​មួយ​ក៏​ការ​ដោះដៃ​ចោល​ចិន​តៃវ៉ាន់​ទៅ​ឲ្យ​ចិន​ដីគោក​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​នៅ​នីការ៉ាហ្កា ព្រោះ​វា​បាន​ផ្លាស់ប្តូរ​ទៅ​តាម​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ។ ជាមួយ​នឹង​ការ​ដោះ​ដៃ​របស់​នីការ៉ាហ្កា​ពេល​នេះ គឺ​នៅ​សល់​តែ ១៤ប្រទេស​ប៉ុណ្ណោះ​ដែល​កំពុង​បន្ត​ទទួល​ស្គាល់​កោះ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ