អានតួអត្ថបទ
ធនាគារពិភពលោក

ធនាគារពិភពលោក​ព្រមាន​ពី​ហានិភ័យ​នៃ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នៅឆ្នាំ ២០២៣

នៅពេល​ធនាគារកណ្តាល​នៅតាម​បណ្តាប្រទេស​ជាច្រើន​ដំឡើង​អត្រាការប្រាក់ ដើម្បី​ទប់ទល់​វិបត្តិអតិផរណា ធនាគារ​ពិភពលោក​ព្រួយបារម្ភថា នយោបាយ​បង្កើន​អត្រាការប្រាក់​ក្នុងពេល​ដំណាលៗគ្នា​យ៉ាងដូច្នេះ​នឹង​អាច​បង្កើន​ហានិភ័យ​នៃ​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ ឆ្នាំ ២០២៣។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធនាគារពិភពលោក​នៅតែបញ្ជាក់ពីសារៈសំខាន់​នៃ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដើម្បីទប់ស្កាត់​ការឡើងថ្លៃទំនិញ។

ស្លាកសញ្ញា​របស់​ធនាគារពិភពលោក នៅ​ទីក្រុង​តូក្យូ
ស្លាកសញ្ញា​របស់​ធនាគារពិភពលោក នៅ​ទីក្រុង​តូក្យូ REUTERS - Kim Kyung Hoon
ផ្សាយពាណិជ្ជកម្ម

តាមការសិក្សា​របស់​ធនាគារពិភពលោក ធនាគារកណ្តាល​របស់​ប្រទេសជាច្រើន​បាន​ដំឡើង​អត្រាការប្រាក់​របស់ខ្លួន​ជា​មធ្យម ២% បើប្រៀបធៀប​នឹង​ឆ្នាំ២០២១។ គេវាយតម្លៃថា ដើម្បី ដោះស្រាយ​​វិបត្តិ​អតិផរណា ទំនិញឡើងថ្លៃ គេចាំបាច់​ត្រូវ​ដំឡើង​អត្រាការប្រាក់២% បន្ថែមទៀត (ធនាគារកណ្តាលដំឡើងការប្រាក់ នឹង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​យកប្រាក់​ទៅដាក់​នៅធនាគារ​ដើម្បី​បាន​ការប្រាក់ខ្ពស់។ នៅពេល​គេ​មិនសូវ​មាន​លុយយក​ទៅចាយទិញ​ទំនិញ នោះ​តម្លៃទំនិញ​នឹង​ធ្លាក់ចុះ មកវិញ។ គ្មានមនុស្ស​ទិញទំនិញ នឹង​គ្មានការផលិត គ្មានការវិនិយោគ​ដែលដើរតួសំខាន់​ក្នុងកំណើនសេដ្ឋកិច្ច)។

ប៉ុន្តែ សម្រាប់​ធនាគារពិភពលោក ការដំឡើងអត្រាការប្រាក់​របស់​ធនាគារកណ្តាល​ដើម្បី​ដោះស្រាយ​វិបត្តិអតិផរណា ផ្ទុយទៅវិញ នឹង​ទៅបង្កើន​ហានិភ័យ​នៃសេដ្ឋកិច្ច​ពិភពលោក​ដើរថយ នៅ​ឆ្នាំ ក្រោយ។ តាមការព្យាករ​របស់​ធនាគារពិភពលោក កំណើន​សេដ្ឋកិច្ចពិភពលោក នៅ​ឆ្នាំ ២០២៣ នឹង​មាន​ប្រមាណ ០,៥%។

នៅក្នុងការចុះផ្សាយ​របាយការណ៍ កាលពី​ខែ​មិថុនា​កន្លងទៅ ធនាគារ​ពិភពលោក​ធ្លាប់​បាន​ព្យាករថា កំណើន​សេដ្ឋកិច្ច​ពិភពលោក នឹង​អាច​មាន​នៅក្រោម ៣% សម្រាប់​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ ដោយសារ​តែ​ផលប៉ះពាល់​នៃ​សង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែ ការវិវឌ្ឍ​ជុំវិញ បញ្ហាភូមិសាស្រ្តនយោបាយ ហើយនិង​វិបត្តិអតិផរណា​យូរ​ត្រាំត្រែង បានជះឥទ្ធិពល​ដ៏អាក្រក់​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក។

ជាលទ្ធផល ធនាគារ​ពិភពលោក​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​គ្រប់​ប្រទេស នៅក្នុង​ពិភពលោក លើកលែង​តែប្រទេស​នាំចេញ​វត្ថុធាតុដើម។

ការបង្កើន​អត្រាការប្រាក់ ​អាច​បង្ក​ហានិភ័យ​នៃ​វិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែ វិទ្យាស្ថានហិរញ្ញវត្ថុ​អន្តរជាតិ ដូចជា ធនាគារពិភពលោក នៅតែ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ធនាគារ​កណ្តាល នៅគ្រប់ប្រទេស​បន្ត​កិច្ចប្រឹងប្រែង​កាត់បន្ថយ​កម្រិត​អតិផរណា ដើម្បី ជៀសវាង​វិបត្តិសង្គមសេដ្ឋកិច្ច ដែល​បណ្តាល​មកពី​ទំនិញ​ចេះតែឡើងថ្លៃ។

មួយវិញ ទៀត ដើម្បី ជៀសវាង​កុំ​ឲ្យ​ការដំឡើងអត្រាការប្រាក់ របស់​ធនាគាកណ្តាល​ជះឥទ្ធិពលអាក្រក់​ទៅលើ​កំណើនសេដ្ឋកិច្ច ប្រធាន​ធនាគារពិភពលោក​បាន​ស្នើដំណោះស្រាយ ដែលនៅក្នុងនោះ ​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ​គួរ​អនុវត្តកម្មវិធីនយោបាយ​ដែល​ជំរុញ ការវិនិយោគ និង​កែលម្អ​ការផលិត។ សម្រាប់​ប្រធាន​ក្រុមសេដ្ឋកិច្ច​របស់​ធនាគារពិភពលោក គេមិនចាំបាច់​ត្រូវការ​ចំណាយបន្ថែម សម្រាប់​រាល់ចំណាត់ការ​ជំរុញ​ការវិនិយោគ ឬ​ការផលិតនោះទេ។ គេគ្រាន់តែ កែសម្រួល​ច្បាប់ខ្លះ ដូចជា​ការដាក់បញ្ចូល​ស្រ្តីទៅក្នុងពិភពការងារ គឺវា​គ្រប់គ្រាន់​ដើម្បី​កែលម្អ​ផ្នែកផលិតកម្ម រួចជាស្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ