អានតួអត្ថបទ
អាមេរិក-ចិន-តៃវ៉ាន់

តៃវ៉ាន់ជាប្រធានរឿងក្តៅនៃជំនួបទ្វេភាគីថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងអាមេរិក និងចិនក្នុងក្រុងញូយ៉ក

នៅ​ថ្ងៃ​សុក្រ ទី២៣ កញ្ញា ប្រមុខការទូត​អាមេរិក​លោក​អង់តូនី ប្ល៊ីងកិន និង​សមភាគី​ចិន​លោក​វ៉ាង យី​ជួប​សន្ទនា​គ្នា​ក្នុង​ទីក្រុង​ញូយ៉ក​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ ជំនួប​នេះ​ធ្វើ​ឡើង ខណៈ​ដែល​តៃវ៉ាន់​កំពុង​ក្លាយ​ជា​ប្រធានរឿង​ចម្រូងចម្រាស​ខ្លាំង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​លោក​នា​រយៈពេល​ចុង​ក្រោយ​នេះ។ នៅ​មួយ​ថ្ងៃ​មុន​ជួប​ប្រមុខ​ការទូត​ចិន លោក​អង់តូនី ប៊្លីនកិន​ក៏​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ជប៉ុន និង​កូរ៉េខាងត្បូង។

ជំនួប​ថ្នាក់រដ្ឋមន្រ្តីការបរទេស​រវាង​ចិន និង​អាមេរិក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៩ កក្កដា ២០២២។
ជំនួប​ថ្នាក់រដ្ឋមន្រ្តីការបរទេស​រវាង​ចិន និង​អាមេរិក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី៩ កក្កដា ២០២២។ AP - Stefani Reynolds
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ តៃវ៉ាន់​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​សង្រ្គាម​ពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​ចិន។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​តៃវ៉ាន់ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​បញ្ជាក់​ដោយ​មិន​អល់អែក​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​កាណាល់​ទូរទស្សន៍ CBS ក្នុង​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ថា អាមេរិក​នឹង​ប្រើ​កម្លាំងទ័ព​ដើម្បី​ការពារ​តៃវ៉ាន់ ប្រសិន​ចិន​ហ៊ាន​បើក​ការ​វាយប្រហារ​មិន​ធ្លាប់​មាន​លើ​តៃវ៉ាន់​នោះ។ ការ​ថ្លែង​របស់​លោក​បៃដិន​នេះ​ត្រូវ​បាន​ចិន​ឆ្លើយ​តប​ភ្លាមៗ​ថា លោក​បៃដិន​បាន​បំពាន​ធ្ងន់ធ្ងរ​លើ​ការ​សន្យា​របស់​អាមេរិក​ដែល​មិន​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់ និង​ជា​ការ​បញ្ជូន​សញ្ញា​អាក្រក់​ដល់​ក្រុម​សកម្មជន​ទាមទារ​ឯករាជ្យ​នៅ​តៃវ៉ាន់។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ក្នុង​មហាសន្និបាតអង្គការប្រជាជាតិ ប្រមុខការទូត​ចិន​លោក​វ៉ាង យី​បាន​លើក​ឡើង​ជា​ថ្មី​ពី​កំហឹង​របស់​ចិន​ចំពោះ​អាមេរិក​ដែល​បាន​គាំទ្រ​តៃវ៉ាន់។ « រឿង​តៃវ៉ាន់​ក្លាយ​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​ប្រកប​ដោយ​ហានិភ័យ​ខ្លាំង​នៅ​ក្នុង​ទំនាក់ទនង​អាមេរិក ចិន » នេះ​ជា​ការ​ថ្លែង​របស់​លោក​វ៉ាង យី។ តែ​លោក​វ៉ាង យី​មិន​ភ្លេច​បញ្ជាក់​ថា អាមេរិក និង​ចិន​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់ទំនង​រវាង​គ្នា​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​ដោយ​គ្មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។ ដូច្នេះ ការ​ដែល​ភាគី​ទាំង​ពីរ​យល់ព្រម​ជួប​គ្នា​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ភាព​មិន​ពាក់​មុខ​យក្ស​ដាក់​គ្នា។

មុន​នឹង​ជួប​សមភាគី​អាមេរិក​លោក​អង់តូនី ប៊្លីងកិន​ក្នុង​ថ្ងៃ​សុក្រ ទី២៣ កញ្ញា លោក​វ៉ាង យី​បាន​ជួប​សន្ទនា​ជា​មួយ​ប្រេសិតអាមេរិក​ទទួល​បន្ទុក​អាកាសធាតុ​លោក​ចន ឃែររី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កញ្ញា។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​តៃវ៉ាន់ ចិន​បាន​ព្យួរ​កិច្ចសហប្រតិបត្តិការ​ក្នុង​រឿង​អាកាសធាតុ​ជាមួយ​អាមេរិក​ដើម្បី​ជា​ការ​សងសឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ