អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី

អាមេរិក​បាន​ទាក់ទង​ជាមួយ​រុស្ស៊ី​​ ​ដោយ​ផ្ទាល់ ​​ដើម្បី​ព្រមាន​កុំ​ឱ្យ​ប្រើ​អាវុធ​​​នុយក្លេអ៊ែរ

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CBS News នា​ល្ងាច​​ថ្ងៃ​អាទិត្យ​ទី ២៥​កញ្ញា លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកអះអាង​ថា សហរដ្ឋ​អាមេរិក​ បានទាក់ទងជាមួយ​​​រុស្ស៊ី​ជា​លក្ខណៈ​ឯកជន។ នា​ឱកាស​នោះ អាមេរិក​បាន​ប្រាប់​​​ឱ្យរុស្ស៊ី​​បញ្ឈប់​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​ព្រមាន​ថា​ការ​​ប្រើ​អាវុធ​ប្រភេទ​នេះ​អាច​នឹង​បង្កមហន្តរាយ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។

លោក​អង់តូនី ប្លីងកិន Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក
លោក​អង់តូនី ប្លីងកិន Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

អាមេរិក​មាន​សមត្ថភាព​និយាយ​ទាក់ទង​ដោយ​ផ្ទាល់​ ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រុស្ស៊ី​ ដើម្បី​ប្រាប់​ដោយ​ចំៗ​អំពី​អ្វី​ដែល​អាមេរិក​ចង់​ឱ្យ​រុស្ស៊ី​ដឹង​និង​ឮ។ ទំនាក់ទំនង​​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី កើត​មាន​ជា​ញឹកញាប់​នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ និងទើប​​​មាន​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​​នេះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ជេក ស៊ូលីវ៉ាន់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ដែលដើម្បី​ការពារ​សុវត្ថិភាព ​មិនអាច​​បញ្ជាក់​ថា តើ​បណ្តាញ​ទាក់ទង​ឯកជន​នោះ​ជា​អ្វី​ឱ្យ​ប្រាកដ​ទេ។

បន្តិច​ក្រោយ​មក លោក​ប្រមុខ​ការ​ទូត​អាមេរិក អង់តូនី ប្លីងកិន បាន​ប្រកាស ​​ថា នៅក្នុង​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី អាមេរិក​បាន​ព្រមានកុំ​ឱ្យ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​បង្ក​មហន្តរាយ​សម្រាប់​ប្រទេស​អ្នក​បាញ់​ផ្ទាល់​ផង និង​មនុស្ស​ជាតិ​ជា​ច្រើន​ផ្សេង​ទៀត​ផង។ ទាំង​ជា​សាធារណៈ​និង​ទាំង​ជា​លក្ខណៈ​ឯកជន​ អាមេរិក​បាន​​​បញ្ជាក់យ៉ាង​ច្បាស់​លាស់​ណាស់​ជាមួយ​រុស្ស៊ីអំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​និយាយ​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​នេះទៀត។ នេះ​បើ​តាម​សំដី​​របស់​លោក អង់តូនី ប្លីងកិន​ នៅក្នុងបទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CBS News កាលពីយប់​មិញ។

កាលពី​ថ្ងៃពុធ ទី ២១​កញ្ញា ក្នុង​​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ ទៅ​កាន់​ប្រជាជាតិ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន បាន​ព្រលយ​ថា​រុស្ស៊ី​ត្រៀម​ប្រើ​គ្រប់​មធ្យោបាយ​ (រាប់​ទាំង​អាវុធ​​នុយក្លេអ៊ែរ​) ដោយ​ពិតៗ​មិន​បំផ្លើសក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​បស្ចិមលោកដែលចង់​បំផ្លាញរុស្ស៊ី។ ​​នៅ​លើ​វេទិកា​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​រុស្ស៊ី លោក ស៊ែរហ្គៃឡាវ្រូស បាន​បញ្ជាក់ថា​រុស្ស៊ី​មាន​មនោគមវិជ្ជា​យោធា​ស្តីពី​​សិទ្ធិ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បីការពារ​ប្រទេស​និង​ដែនដី​រណប​រុស្ស៊ី​។

​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សា និង​ដោយ​ពាក្យកាន់​តែ​​ធ្ងន់ឡើងៗ​​​។ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ប្រាប់រុស្ស៊ី​​ដោយ​ចំៗ​ តាំង​ពី​ថ្ងៃ​ទី ១៦​កញ្ញា ថា​កុំ​ៗ កុំ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ​! អាមេរិកសន្យាផ្តល់​ចម្លើយ​​បក​វិញ​យ៉ាង​ចាស់​ដៃ។ អាមេរិក​និង​រុស្ស៊ី​ជា​មហាអំណាច​មាន​អាវុធ​នុយក្លេអ៊ែរ​ដ៏​ចម្បង​គេ​បំផុត​នៅលើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ