អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

អាមេរិកមាន​សន្ទុះ​​សេដ្ឋកិច្ច​ឡើង​វិញ​ តែ​ដំណើរសេដ្ឋកិច្ច​ដើរថយក្រោយ​នៅ​មិន​ឆ្ងាយ

បន្ទាប់​ពី​អាប់​អួរ​អស់ពីរ​ត្រីមាស​ជាប់​គ្នា សេដ្ឋកិច្ច​អាមេរិក​ចាប់​មាន​សន្ទុះ​ឡើង​វិញ និង​ល្អ​ប្រសើរ​ជាង​ការ​ព្យាករណ៍​ទៅ​ទៀត នៅត្រីមាស​ទីបីឆ្នាំ​២០២២។ នេះ​ជា​ដំណឹង​ល្អ​ សម្រាប់​​លោកប្រធានាធិបតី​ចូ បៃដិន និង​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ទាំង​មូល ក្នុង​ឱកាស​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សប្តាហ៍ក្រោយ។ ប៉ុន្តែ​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ មិន​ទៅ​ណាឆ្ងាយឡើយ គ្រាន់​តែ​យូរ​ឬ​ឆាប់​តែ​ប៉ុណ្ណោះ។

ផលិតផល​សរុប​ក្នុង​ស្រុក អាមេរិក ​ត្រីមាស​ទីពីរ មាន​កំណើន​លើសការ​ព្យាករណ៍
ផលិតផល​សរុប​ក្នុង​ស្រុក អាមេរិក ​ត្រីមាស​ទីពីរ មាន​កំណើន​លើសការ​ព្យាករណ៍ AP - Mark Lennihan
ផ្សាយពាណិជ្ជកម្ម

អ្នក​វិភាគ​ព្យាករ​ត្រឹម​តែ​ ២,៣%​ទេ តែ​​បើតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៧​តុលា ​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ២០២២ ផលិតផល​សរុប​ក្នុង​ស្រុកប្រចាំ​ឆ្នាំ​របស់​​អាមេរិក​បានកើន​ឡើង ២,៦%។ នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ឆ្នាំ​២០២២ ដែល​មហាអំណាច​សេដ្ឋកិច្ច​ទីមួយពិភពលោក ស្គាល់​សន្ទុះ​កំណើនសេដ្ឋកិច្ចឡើង​វិញ ហើយ​ជា​សន្ទុះ​ដ៏​ខ្លាំងជាង​ការ​រំពឹង​ទុក​នោះ។ ​​

នៅត្រីមាសទីមួយ​និង​ទីពីរ ផលិតផល​សរុប​ក្នុង​ស្រុក​អាមេរិក​បាន​ថយ​ចុះ​១,៦% បន្ទាប់​មក​​០,៦%​ តែ​សម្រាប់​រដ្ឋបាល​លោក​បៃដិន និងអ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​ធំ អាមេរិក​ពេល​នោះ​មិន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ដូច​និយម​ន័យ​ទេ ព្រោះ​ទីផ្សារ​ការងារ​អាមេរិក​នៅ​រឹង​មាំ​ខ្លាំង​ ដែល​អាច​ជួយ​ទ្រទ្រង់​​ប្រទេស​មិន​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​បាន។ ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​បែប​នេះ បាន​ធ្វើ​បក្ស​ប្រជាធិបតេយ្យ​​ពិបាកងើប​មុខ​​យ៉ាង​ខ្លាំង​នៅក្នុង​ការ​ស្ទង់​មតិ។ ក្រុម​លោក​ចូបៃដិន បាន​ស្តារ​កិត្តិយសឡើង​វិញ​បន្តិច ​ តាម​រយៈ​លទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​ នៅ​ត្រីមាស​ទីបី ដែល​ប្រកាស​ឡើង​​​នៅ​១០​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។ ការ​បោះឆ្នោត​ដែល​​បក្សកាន់​អំណាច​អាច​នឹង​​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុងសភា​ផង។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​​អាមេរិកទំនង​ជា​មិន​អាច​គេច​រួច​ ពី​​​វិបត្តិ​សេដ្ឋកិច្ចដើរ​ថយក្រោយបាន​ឡើយ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ លោកប្រធានាធិបតី​ ​ចូបៃដិនផ្ទាល់​ បានទទួល​ស្គាល់​​​កាលពី​ដើម​ខែរួច​ហើយ​ អំពី​លទ្ធភាព​អាមេរិកមាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ បន្តិច​។ មូលហេតុ​គឺ​បណ្តាល​មក​ពី​វិបត្តិ​អតិផរណា ដ៏​​ខ្ពស់​ខ្លាំង (៨,២%​) ​ជិត​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ក្នុងរ​យៈពេល​៤០​ឆ្នាំមកនេះ។ នៅពេលទំនិញ​ឡើង​ថ្លៃ លទ្ធភាព​ចាយវាយរបស់​ពលរដ្ឋ​ត្រូវ​ធ្លាក់​ចុះ ការ​ប្រាក់​ឡើង វិនិយោគ​ថយ សេដ្ឋកិច្ច​ត្រូវ​តែ​បន្ថយ​ល្បឿន។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា ធនាគារ​កណ្តាល​អាមេរិក​បានដំឡើងអត្រា​​ការ​ប្រាក់​បួន​ដង​ហើយ ហើយ​អាច​នឹង​សម្រេចដំឡើង​អត្រាការ​ប្រាក់​ជា​ថ្មី​ទៀត នៅថ្ងៃអង្គារ​និង​ពុធ​ខាង​មុខ។ ​​

សេដ្ឋកិច្ចអាច​នឹង​បន្ថយ​ល្បឿន​កំរិត​ពិភពលោក បូក​នឹង​អតិផរណា​ខ្ពស់​មាន​នៅ​ស្ទើរ​គ្រប់​ទិសទី​ទៀត ប្រទេស​ជឿន​លឿន​ជា​ច្រើនផ្សេង​ទៀត ដូច​យ៉ាង អាល្លឺម៉ង់​ឬអ៊ីតាលី ​ក៏​អាច​នឹង​ធ្លាក់ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយដែរ​​នៅ​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ការ​ព្រមាន​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ