អានតួអត្ថបទ

លោកបៃដិន និងលោកម៉ាក្រុងបង្ហាញជំហរគាំទ្រអ៊ុយក្រែន តែមានវិធីសាស្រ្តខុសគ្នាដើម្បីនិយាយ​ជាមួយលោកពូទីន

ថ្ងៃ​សុក្រ ទី២ ធ្នូ​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១ ធ្នូ​នៅ​សេតវិមាន លោក​ម៉ាក្រុង និង​សមភាគី​អាមេរិក​លោក​បៃដិន​បាន​ជជែក​គ្នា​លើ​ប្រធានរឿង​ជា​ច្រើន មាន​ទាំង​ទំនាក់ទំនង​រវាង​អាមេរិក បារាំង ទំនាក់ទំនង​រវាង​អាមេរិក អឺរ៉ុប ឬ​មួយ​ក៏​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា លោក​ម៉ាក្រុង និង​លោក​បៃដិន​បាន​បង្ហាញ​ជំហរ​រួម​គ្នា​ក្នុង​ការ​បន្ត​គាំទ្រ​អ៊ុយក្រែន​ទោះ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុនណា​ក៏​ដោយ។ ជំហរ​នេះ​ធ្លាប់​ត្រូវ​បាន​ប្រមុខរដ្ឋ​ទាំង​ពីរ​ប្រកាស​ច្រើន​ដង​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ តែ​មាន​ចំណុច​មួយ​ដែល​លោក​ម៉ាក្រុង និង​លោក​បៃដិន​ហាក់​យល់​ឃើញ​មិន​ដូច​គ្នា នោះ​គឺ​ការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។ សម្រាប់​លោក​ម៉ាក្រុង គេ​ត្រូវ​បន្ត​និយាយ​ជាមួយ​លោក​ពូទីន។ តែ​លោក​បៃដិន​បដិសេធ និង​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​អាច​ឲ្យ​លោក​អង្គុយ​និយាយ​ទល់​មុខ​លោក​ពូទីន​បាន។

ប្រធានាធិបតីបារាំងលោកម៉ាក្រុង (រូបឆ្វេង) និងសមភាគី​អាមេរិក​លោក​បៃដិន​នៅសេតវិមាននាថ្ងៃព្រហស្បតិ៍ ទី១ ធ្នូ ២០២២។
ប្រធានាធិបតីបារាំងលោកម៉ាក្រុង (រូបឆ្វេង) និងសមភាគី​អាមេរិក​លោក​បៃដិន​នៅសេតវិមាននាថ្ងៃព្រហស្បតិ៍ ទី១ ធ្នូ ២០២២។ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

« មាន​វិធី​មួយ​ដើម្បី​បិទបញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន ជា​វិធី​សមហេតុសមផល។ មុន​ដំបូង ពូទីន​ដក​ខ្លួន​ចេញ​ពី​អ៊ុយក្រែន។ តែ​បើ​តាម​មើល​ទៅ គាត់​នឹង​មិន​ធ្វើ​ទេ។ គាត់​បង់​ថ្លៃ​ខ្ពស់​ខ្លាំង​ណាស់​ដោយ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​អ៊ុយក្រែន​នេះ។ តែ​ពូទីន​កំពុង​ធ្វើ​បាប ដាក់ទោស និង​សម្លាប់​ពលរដ្ឋ​ស៊ីវិល​អ៊ុយក្រែន​ដែល​មិន​គួរ​ឲ្យ​ជឿ ដោយ​បាន​ទម្លាក់​គ្រាប់បែក គ្រាប់​មីស៊ីល​លើ​កន្លែង​មើល​ក្មេង លើ​មន្ទីរពេទ្យ លើ​កន្លែង​ស្នាក់នៅ​របស់​ក្មេង។

អ្វី​ដែល​ពូទីន​ធ្វើ​ជា​រឿង​ឆ្កួត​លីលា។ ការ​ពិត​គឺ​ថា ខ្ញុំ​គ្មាន​គម្រោង​ទាក់ទង​ពូទីន​ភ្លាមៗ​ទេ។ ពូទីន​ជា ……………ខ្ញុំ​នឹង​ជ្រើសរើស​ពាក្យ​សម្តី​របស់​ខ្ញុំ​ដោយ​មាន​ការ​ថ្លឹងថ្លែង និង​ប្រយ័ត្នប្រយែង​ជា​ទីបំផុត។ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​និយាយ​ជាមួយ​ពូទីន ប្រសិន​បើ​គាត់​បង្ហាញ​ឲ្យ​ឃើញ​ពិត​ប្រាកដ​នូវ​ការ​សម្រេចចិត្ត​ក្នុង​ការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បិទបញ្ចប់សង្រ្គាម​មួយ​នេះ។ គាត់​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ។

តែ​បើ​ពូទីន​យល់ព្រម​ធ្វើ​មែន ខ្ញុំ​ពិគ្រោះ​យោបល់​ជាមួយ​មិត្ត​បារាំង​របស់​ខ្ញុំ និង​មិត្ត​នៅ​ក្នុង​អង្គការ​អូតង់​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រីករាយ​ក្នុង​ការ​អង្គុយ​និយាយ​ជាមួយ​ពូទីន​ដើម្បី​ចង់​ដឹង​ពី​អ្វី​ដែល​គាត់​ចង់​បាន និង​មាន​នៅ​ក្នុង​ក្បាល​របស់​គាត់។ គាត់​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ