អានតួអត្ថបទ

កាណាដាដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ រុស្ស៊ី និងភូមាក្នុងបទរំលោភសិទ្ធិមនុស្សយ៉ាងកម្រោល

នៅ​ថ្ងៃ​សុក្រ ទី៩ ធ្នូ ប្រទេស​កាណាដា​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី និង​ប្រទេស​ភូមា។ ទណ្ឌកម្ម​បាន​សំដៅ​លើ​មនុស្ស​ចំនួន ៦៧នាក់ និង​ស្ថាប័ន​ចំនួន ៩ ពី​បទ​បាន​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រចាំ និង​យ៉ាង​កម្រោល។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា​លោកស្រី​មេឡានី ចូលី​បាន​ចេញ​មុខ​ការពារ​ទណ្ឌកម្ម​របស់​កាណាដា​ដោយ​បញ្ជាក់​ថា សេចក្តីថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌​ជា​សសរគ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​កាណាដា។

រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោកស្រីមេឡានី ចូលី។
រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោកស្រីមេឡានី ចូលី។ AP - Sean Kilpatrick
ផ្សាយពាណិជ្ជកម្ម

វិធានការ​ទណ្ឌកម្ម​របស់​កាណាដា​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​ឱកាស​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ និង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ។ នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង ៦៧នាក់ និង​ស្ថាប័ន​ទាំង ៩ស្ថាប័ន​ដែល​ជាប់​ទណ្ឌកម្ម​កាណាដា មាន​អ្នកទទួលខុសត្រូវជាន់ខ្ពស់​ក្នុង​ស្ថាប័ន​តុលាការ​អ៊ីរ៉ង់​ចំនួន ២២នាក់ និង ២ស្ថាប័ន គឺ​ប្រព័ន្ធ​ពន្ធនាគារ និង​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ សម្រាប់​ប្រទេស​រុស្ស៊ី ទណ្ឌកម្ម​របស់​កាណាដា​បាន​សំដៅ​លើ​អតីត​អ្នក​ទទួល​ខុស​ត្រូវ និង​អ្នក​ទទួល​ខុស​ត្រូវ​សរុប​ចំនួន ៣៣នាក់ និង​ស្ថាប័ន​ចំនួន ៦ស្ថាប័ន​ពី​បទ​បាន​វាយបង្រ្កាប​លើ​ពលរដ្ឋ​ដែល​ក្រោក​ឈរ​បរិហារ​លើ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​នយោបាយ​ប្រឆាំង​ប្រជាធិបតេយ្យ​របស់​ក្រុង​ក្រឹមឡាំង។

សម្រាប់​ប្រទេស​ភូមា ទណ្ឌកម្ម​របស់​កាណាដា​បាន​សំដៅ​លើ​អ្នក​ទទួល​ខុស​ត្រូវ​របបសឹក​ចំនួន ១២នាក់ និង​ស្ថាប័ន​ចំនួន ៣ស្ថាប័ន​ដែល​បាន​អនុញ្ញាត​ឲ្យ​របបសឹក​វាយបង្រ្កាប​លើ​ជនស៊ីវិល និង​បាន​ជួយ​សម្រួល​ក្នុង​ការ​បញ្ជូន​អាវុធ​ឲ្យ​របបសឹក។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា​លោកស្រី​មេឡានី ចូលី​បាន​ចេញ​មុខ​ការពារ​ទណ្ឌកម្ម​របស់​កាណាដា​ដោយ​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា សេចក្តីថ្លៃថ្នូរ សេរីភាព និង​យុត្តិធម៌​ជា​សសរគ្រឹះ​នៃ​នយោបាយ​ការបរទេស​របស់​កាណាដា។ តាម​លោកស្រី​ចូលី ពិភពលោក​ជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ជាន់​ឈ្លី​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី អ៊ីរ៉ង់ និង​ភូមា។

គួរ​បញ្ជាក់​ថា បស្ចិមលោក​កំពុង​តាម​ដាន និង​សម្តែង​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​អ៊ីរ៉ង់ ពិសេស​តាំង​ពី​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​ស្លាប់​នារី​ម៉ាសា អាមីនី​ក្នុង​ថ្ងៃទី១៦ កញ្ញា។ គឺ​ជា​បាតុកម្ម​ដែល​ត្រូវ​បាន​រដ្ឋអំណាច​វាយបង្រ្កាប​យ៉ាង​ហិង្សា​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៤០០នាក់។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម អាមេរិក និង​កាណាដា​បាន​បញ្ជាក់​ថា ម្នាក់ៗ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ជួបជុំ​ដោយ​សន្តិវិធី ហើយ​បាន​ទាមទារ​ឲ្យ​របប​អ៊ីរ៉ង់​បញ្ឈប់​អំពើហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ឯង។ ចំណែក​សហភាព​អឺរ៉ុប​ត្រៀម​ដាក់​បញ្ជូល​ស្ថាប័ន​អ៊ីរ៉ង់​ចំនួន ១ស្ថាប័ន និង​អ្នក​ទទួលខុសត្រូវ​អ៊ីរ៉ង់​ចំនួន ២០នាក់​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ