អានតួអត្ថបទ
ភូមា-ទោសប្រហារជីវិត

អង្គការសហប្រជាជាតិថា របបសឹកកាត់ទោសប្រហារជីវិត​និស្សិត​ភូមា​៧នាក់

គណៈកម្មការសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​បាន​បរិហា​ថ្កោលទោស របបសឹក​ភូមា ដែល​បាន​សម្រេច​កាត់ទោសប្រហារជីវិត​និស្សិត៧នាក់ កាលពីថ្ងៃ​ពុធ។ ក្នុង​សេចក្តី​ថ្លែងការណ៍ចេញផ្សាយ នៅ​ចុងសប្តាហ៍នេះ អង្គការ​សហប្រជាជាតិ បាន​ចោទប្រកាន់​របបសឹក​ថា បាន​ប្រើប្រាស់​ទោសប្រហារជីវិតជាឧបករណ៍សម្រាប់​បំបាក់​ បង្រ្កាប ក្រុមអ្នកប្រឆាំង។

ម្រាមដៃ បី ជាសញ្ញា​ដែល​ប្រជាជនភូមាប្រើសម្រាប់ប្រឆាំង​ការធ្វើរដ្ឋប្រហារ​របស់ក្រុមយោធាភូមា
ម្រាមដៃ បី ជាសញ្ញា​ដែល​ប្រជាជនភូមាប្រើសម្រាប់ប្រឆាំង​ការធ្វើរដ្ឋប្រហារ​របស់ក្រុមយោធាភូមា AP
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តុលាការសឹកភូមា​បាន​កាត់ទោសប្រហារជីវិត​និស្សិតភូមា ៧រូប នៅក្នុង​សវនាការ​បិទទ្វារ​មួយ កាលពីថ្ងៃ​ពុធ។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យចំនួន​មនុស្ស​ដែលកំពុង​ស្ថិតនៅក្នុងជួរ​រង់ចាំ ការប្រហារ​ជីវិត​នៅភូមា កើនឡើង​ដល់​១៣៩នាក់។

តាម​កាសែត​ក្នុងស្រុកភូមា មនុស្ស​៧នាក់ ដែលត្រូវ​តុលាការ​សឹកកាត់ទោស ប្រហារជីវិត កាលពីថ្ងៃ​ពុធ ជា​និស្សិត​នៅ​សកលវិទ្យាល័យ ទីក្រុង​រ៉ង់ហ្គូន។ ពួកគេ​ត្រូវ​បានចាប់ខ្លួន​កាលពី​ខែ​មេសា ក្នុងបទចោទប្រកាន់ថា បាន​ចូលរួម​ក្នុងការបាញ់​ប្រហារ​ទៅលើ​ធនាគារ។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​សៅរ៍ សហជីព​និស្សិត​នៃ​សកលវិទ្យាល័យ Dagon បាន​សំដែងការសោកស្តាយ និង​ចាត់ទុក​ការសម្រេច​ផ្តន្ទាទោស​ប្រហារជីវិត​ទៅលើ​និស្សិតថា ជា​ការសងសឹក​របស់​ក្រុមយោធាភូមា។

ទាក់ទង​នឹង​ដំណឹង​កាត់ទោស​ប្រហារជីវិត​ក្រុមនិស្សិត អ្នកនាំពាក្យ​របស់​របបសឹក​ភូមា​មិនបាន​ឆ្លើយ​សំណួរ​របស់​ទីភ្នាក់ងារ ព័ត៌មាន​បារាំង AFP។ តាម​លោក​Volker Turk មន្រ្តីសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កងទ័ព​ភូមាបន្តរៀបចំ​នីតិវិធី នៅ​ក្នុង​តុលាការ​សម្ងាត់ ដោយ​បាន​រំលោភ​ច្បាប់ជាមូលដ្ឋាន និងការទទួលបាន​ការជំនុំជម្រះ​ដោយស្មើភាព។ ជាក់ស្តែង សវនាការ​នៅក្នុង​តុលាការ​សម្ងាត់ ប្រព្រឹត្ត​ទៅតែប៉ុន្មាន​នាទី ប៉ុណ្ណោះ។ ជាទូទៅ អ្នកត្រូវចោទប្រកាន់​គ្មានមេធាវី ឬបាន​ជួប​គ្រួសារនោះទេ។

ដំណឹង​ផ្តន្ទាទោស ប្រហារជីវិត​និស្សិត ភូមា កើតមាន នៅតែ​ប៉ុន្មានខែ​ក្រោយ ដែល​របបសឹកត្រលប់​មក​ប្រហារជីវិត មនុស្ស​ជាលើកទី​១ បន្ទាប់ពី​អាក់ខាន​អស់ ៣០ឆ្នាំ។ នៅ​ខែ​កក្កដា មនុស្ស​៤នាក់ ដែលនៅក្នុងនោះ១នាក់ ជាអតីត​សមាជិកសភា និងជា​មនុស្ស​ជំនិត របស់​លោកស្រី​អ៊ុងសាន ស៊ូជី រួម​ជាមួយ​សកម្មជនដើម្បី​ប្រជាធិបតេយ្យ ១នាក់​ទៀត​ត្រូវរបបសឹក​ប្រហារជីវិត ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើភេរវកម្ម៕

សម្រាប់​មន្រ្តីជាន់ខ្ពស់​របស់​គណៈកម្មការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជាថ្មី​ម្តងទៀត របបសឹក​បាន​ប្រើ​ទោសប្រហារជីវិត​ជា​ឧបករណ៍​នយោបាយ​ដើម្បី​វាយបំបាក់​អ្នកប្រឆាំង​នឹង​ខ្លួន។ ជាថ្មីម្តងទៀត ក្រុមដឹកនាំយោធាភូមា បាន​ផ្គើន ទាត់ចោល​ការប្រឹងប្រែង​របស់​អាស៊ាននិង​សហគមន៍អន្តរជាតិ ដែល​ចង់ជួយបិទបញ្ចប់​អំពើហិង្សា​នៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ