អានតួអត្ថបទ
ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ ថា​លោកអាច​នឹង​ត្រូវ​សមត្ថកិច្ច«​ចាប់ឃាត់ខ្លួន​» នៅ​ថ្ងៃ​អង្គារ​ខាងមុខ

​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ប្រកាស​ថា លោក​អាច​នឹងត្រូវ«ចាប់ឃាត់ខ្លួន» នៅថ្ងៃអង្គារ ខាងមុខ និង​ថា​ សូម​ឲ្យ​អ្នក​គាំទ្រ​រូប​លោក​ នាំគ្នា​ងើប​ឈរ​បាតុកម្ម​ មុន​នឹង​ហេតុការ​ណ៍​ដូច្នោះ​មកដល់។ ដំណឹង​និង​សេចក្តីអំពាវនាវ​នេះ ធ្វើ​ឡើង​នៅក្នុង​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក ដូណាល់ ត្រាំ ហើយ​ចំណែក​ រឿង​ក្តីក្តាំ​ដែល​ទំនង​ជាអាច​ឈាន​ទៅដល់​ការ​«ឃាត់​ខ្លួន​»រូប​លោក គឺ​ពាក់ព័ន្ធ​នឹង​អាស្រូវ​ផ្លូវ​ភេទ​មួយ ដែល​បាន​ផ្ទុះ​ឡើង​កាលពីឆ្នាំ២០១៦។​ 

​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក
​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក REUTERS - JONATHAN ERNST
ផ្សាយពាណិជ្ជកម្ម

លើ​​បណ្តាញ​សង្គម​របស់ខ្លួនពី​​ថ្ងៃ​សុក្រ លោក ដូណាល់ ត្រាំ ​​សរសេរ​ជា​ទម្រង់​អក្សរធំៗក្នុងសេចក្តីថា «បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ប្រជាប្រិយភាព​ជាង​គេ​ និង​ជា​អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង នឹង​អាច​ត្រូវ​ចាប់​ឃាត់​ខ្លួន​ នៅ​ថ្ងៃ​អង្គារ៍ សប្តាហ៍​ខាងមុខ។ សូម​បាតុកម្ម! បាតុកម្ម​​កាន់​កាប់​ជោគវាសនា​ជាតិ​យើង​។»

បើតាម​ទីភ្នាក់​សារព័ត៌មាន​បារាំង​AFP  នេះ​ជា​សញ្ញាណ​ដែល​បញ្ជាក់​កាន់ទៅលើ​ដំណឹង​លេចឮ​ច្រើន​ថ្ងៃមកហើយ ដែល​ថា លោក ដូណាល់ ត្រាំ អាច​នឹង​ត្រូវ​ជាប់​បទ​ចោទប្រកាន់​ក្នុង​សំណុំ​រឿង​​ទោស​ព្រហ្មទណ្ឌ​។ ជាការ​ចោទប្រកាន់​តប​តាម​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាក្រុង Manhattan Alvin Bragg មាន​និន្នាការគាំទ្រគណ​​បក្ស​ប្រជាធិបតេយ្យ ហើយចំពោះ​​ការ​សម្រេច​ចោទប្រ​កាន់​ក្នុង​សំណុំ​រឿង​នេះ ត្រូវ​សម្រេច​ដោយ​បណ្តា​ចៅក្រម​មេប្រយោគ​ ដែល​មានពលរដ្ឋ​​ស៊ីវិល​សាមញ្ញ​ចូលរួមសម្រេចចិត្ត​ (un grand jury)។​ Joseph Tacopina មេធាវី​ម្នាក់​ របស់​លោក ត្រាំ ប្រាប់​អ្ន​កកាសែត​ថា​ កូន​ក្តី​របស់ខ្លួន​ នឹង​បន្ត​ប្តឹង​ទៅ​តុលាការ​រដ្ឋ​ញូវយ៉ក ប្រសិន​បើ​ ​កូនក្តី​ត្រូវ​ជាប់​ចោទ​ព្រហ្មទណ្ឌមែន​នោះ។​​

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹងប្តឹង​ផ្តល់​​និងរឿង​អាស្រូវ​ជាច្រើន។ ​លើក​នេះ​ គឺពាក់ព័ន្ធ​រឿង​​​អាស្រូវ​ផ្លូវ​ភេទ ជា​មួយ​នាង​តារាថតកុន​កូន​ជ្រូក ឈ្មោះ Stormy Daniels (នាមដើមពិត Stephanie Clifford)។ នៅ​ឆ្នាំ​​២០១៦ លោក​ ដូណាល់ ត្រាំ​ បាន​ផ្ទេរលុយ​ ១៣០ ០០០ ដុល្លារ ឲ្យ​រូប​នាង​​ ជាថ្នូរ​នឹង​ការ​បិទមាត់​ស្ងាត់ស្ងៀម​​ ​ក្នុងបញ្ហា​​ទាក់​ទង​ផ្លូវ​ភេទ​ជាមួយរូប​លោក​។

អតីត​មេធាវី​របស់​លោក ដូណាល់ ​ត្រាំ គឺស្មាក្តី​ Michael Cohen ពីមុន​ជា​មនុស្ស​ស្និទ្ធ​នឹង​លោកត្រាំ ហើយ​ក្រោយ​មកបែរជា​សត្រូវ គឺមេធាវីរូបនេះ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ​៣ឆ្នាំ ក្រោយ​ពីលោកមេធាវី​​​សារភាព​ទទួល​ស្គាល់​ថា​ ប្រព្រឹត្តខុសល្មើស​ច្បាប់​។ លោកស្មាក្តី​បាន​ផ្តល់​សាក្សី នៅថ្ងៃ​​ចន្ទ ថាខ្លួន​​ពិត​ជាបាន​សម្របសម្រួល​ផ្ទេរ​លុយកាក់​ឲ្យ​ស្រី​តារា​សម្តែង​រឿង​អាសអាភាស​ម្នាក់​នោះ​​ ពិត​មែន។ លោកធ្វើ​នេះក៏ព្រោះតែ​ធ្វើតាម​បញ្ជារ​របស់​លោក ត្រាំ។

អ្វី​ដែល​គេ​បារម្ភ​នៅពេ​លនេះ គឺ​តាម​រយៈ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​របស់​លោក  ដូណាល់ ​ត្រាំ ទំនង​ជាអាច​នាំឲ្យ​ចលាចល​ជាថ្មី​ចំពោះ​ស្ថាប័ន​សាធារណៈអាមេរិក​ ដ្បិត​ថា លើកមុន​ ដើម​ឆ្នាំ​២០២១ នៅ​ពេល​ចាញ់​ការ​បោះឆ្នោតប្រធានាធិបតី​ គ្រា​នោះ លោក​ ត្រាំ អំពាវនាវបាតុកម្ម​ប្រឆាំង​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​អំពើហិង្សា​នៅ​រដ្ឋសភា វិមាន​កាពីតូល រហូត​មា​នស្លាប់​មនុស្ស​ផង​​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ