អានតួអត្ថបទ
បញ្ហាសិប្បនិម្មិត

ទីភ្នាក់ងារ​អាមេរិក​អនុញ្ញាតឲ្យក្រុមហ៊ុន​របស់​លោកElon Musk ធ្វើការសាកល្បងដាក់​ឈីប​ក្នុង​ខួរក្បាលមនុស្ស

Neuralink ក្រុមហ៊ុន Start Up​របស់​មហាសេដ្ឋីអាមេរិក លោក​ Elon Musk បាន​អះអាងថា ក្រុមហ៊ុន​បានទទួល​ការអនុញ្ញាត​ពី​ទីភ្នាក់ងារ​ចំណីអាហារ និងឱសថ​របស់​អាមេរិក FDA ដើម្បីធ្វើការ​សាកល្បង ដាក់បន្ទះ​ឈីប ក្នុង​ខួរក្បាល​របស់​មនុស្ស។ នៅក្នុង​សារធ្វីត​កាលពិថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​ Neuralink សរសេរថា ការបើកភ្លើងខៀវ​របស់​ទីភ្នាក់ងារ​អាមេរិក ជា​ការបោះជំហានមួយសំខាន់ ដែលអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនអាច​ប្រើ​បច្ចេកវិទ្យា​ជួយ​ស្តារកាយសម្បទា​របស់​មនុស្ស។

បន្ទះឈីបដែលលោក Elon Muskកាន់បង្ហាញ​នៅក្នុងអំឡុង​ធ្វើបទបង្ហាញ​បច្ចេកវិទ្យារបស់ក្រុមហ៊ុន​Neuralink កាលពីខែ​សីហាឆ្នាំ ២០២០
បន្ទះឈីបដែលលោក Elon Muskកាន់បង្ហាញ​នៅក្នុងអំឡុង​ធ្វើបទបង្ហាញ​បច្ចេកវិទ្យារបស់ក្រុមហ៊ុន​Neuralink កាលពីខែ​សីហាឆ្នាំ ២០២០ AFP - -
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​Start Up Neuralink ដែលធ្វើការស្រាវជ្រាវ​លើ​ការដាក់បន្ទះឈីបក្នុងខួរក្បាល បាន​ទទួលភ្លើងខៀវ​ពី​ទីភ្នាក់ងារ​ចំណីអាហារ និងឱសថ​អាមេរិក ដើម្បី​ធ្វើការ​សាកល្បង​ជាលើកទី​១​ទៅលើ​មនុស្ស។ បង្កើតឡើង​នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន​បច្ចេកវិទ្យា​Neuralink​របស់មហាសេដ្ឋី ​លោក​Elon Musk ចង់ប្រើ​បន្ទះ​ឈីប ដាក់​ក្នុងខួរក្បាល ដើម្បី​ជួយ​ស្តារកាយសម្បទា របស់​អ្នកពិការភ្នែក អ្នក​មាន​បញ្ហា​សរសៃប្រសាទ និងជួយ​ខួរក្បាល​របស់​អ្នកពិការ​ផ្សេងទៀត​ឲ្យ​ទាក់ទង​ផ្ទាល់​ទៅនឹង​កុំព្យូទ័រ។

តាម​បទបង្ហាញ​របស់​លោក​Elon Musk កាលពីខែ ធ្នូ​ចុងឆ្នាំ២០២២ ក្រុមហ៊ុន​Neuralink ប្រើបច្ចេកវិទ្យា រ៉ូបូ ​ចោះលលាដ៍ក្បាលដាក់​បន្ទះឈីប ដែល​មាន​ខ្សែបណ្តាញត​ភ្ជាប់ទៅ​នឹង​ប្រព័ន្ធ​ប្រសាទ។ បន្ទះឈីបមានតួនាទី បកប្រែ​សញ្ញា​ដែល​ទទួលបានពី​ខួរក្បាល និងបញ្ជូន​ព័ត៌មានទៅកាន់​ទូរស័ព្ទ ឬ​ម៉ាស៊ីនអេឡិចត្រូនិក តាមរយៈBluetooth​ប្រគោលដៅ​របស់​Neuralink គឺ​តភ្ជាប់​ខួរក្បាល​ទៅនឹង​ម៉ាស៊ីនកុំព្យូទ័រ

ក្រុមហ៊ុន​Neuralink ធ្លាប់​បាន​ពិសោធន៍​ដាក់​បន្ទីបឈីប ប៉ុនកាក់ ទៅក្នុង​លលាដ៍ក្បាលសត្វស្វា និង​សត្វជ្រូក តាំង​ពី​ឆ្នាំ ២០១៨។ នៅ​ដើម​ឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យា​របស់​លោក​Elon Musk បាន​ដាក់ពាក្យសុំ​ទៅ​ទីភ្នាក់ងារចំណីអាហារ និងឱសថ​ដើម្បីពិសោធន៍​សាកល្បង​លើ​មនុស្ស ប៉ុន្តែ មិនបាន​សម្រេច។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ទីភ្នាក់ងារ​ចំណីអាហារ និងឱសថ​អាមេរិក ធ្លាប់​បាន​ទាត់ចោលពាក្យសុំ​របស់​ក្រុមហ៊ុន​Neuralink ដោយសារ​ក្តីបារម្ភ ទាក់ទង​នឹង​សុវត្ថិភាព​របស់​អ្នកដែល​ត្រូវ​ដាក់​បន្ទះឈីប​ចូល​ក្នុង​លលាដ៍ក្បាល។ តាម​បុគ្គលិក​របស់ក្រុមហ៊ុន​Neuralink ​ដែល Reuters បានជួបសម្ភាសន៍ ទីភ្នាក់ងារ​ចំណីអាហារ និងឱសថអាមេរិក​បាន​ទាមទារ​ឲ្យក្រុមហ៊ុន​បកស្រាយឲ្យបានច្បាស់​ពី​បញ្ហា​សុវត្ថិភាព នៅមុនធ្វើការពិសោធន៍​សាកល្បង​ទៅលើ​មនុស្ស។ បន្ទះឈីបដែលដាក់ក្នុង​លលាដ៍​ក្បាល​មនុស្ស មាន​អាគុយ​ធ្វើពីលីចូម។ ចំណុចចោទសួរមួយទៀត នៅត្រង់ថា តើនៅពេលគេដកបន្ទីបឈីបចេញពីក្នុងលលាដ៍ក្បាលមកវិញ តើ​បណ្តាញ​ខ្សែតភ្ជាប់ឈីបទៅនឹង​ប្រព័ន្ធ​ខួរក្បាល​នឹង​អាចទៅបំផ្លាញ ជាលិកា​របស់​ខួរក្បាលដែរឬទេ។

នៅលើ​វិបសៃតិ៍​របស់​ក្រុមហ៊ុន​Neuralink គេ​បាន​សន្យា​ចាត់ទុក​សុវត្ថិភាព ជា​អាទិភាព ​របស់ក្រុមហ៊ុន ជាពិសេស នៅក្នុង​ដំណាក់កាល​ដាក់បន្ទះឈីប​ក្នុងខួរក្បាល។

នៅក្រោយទទួលភ្លើងខៀវ​ពីទីភ្នាក់ងារ​អាមេរិក ក្រុមហ៊ុន​Neuralink បញ្ជាក់ថា គេនៅមិនទាន់ចាប់ផ្តើមបើកការចុះឈ្មោះ ​រើស​អ្នកស្ម័គ្រចិត្ត​សម្រាប់ការងារ​សាកល្បង​នៅឡើយទេ។ ប៉ុន្តែ នៅលើវិបសៃតិ៍ ក្រុមហ៊ុន​បាន​បង្ហោះផ្សាយ​ទម្រង់សុំ​ចុះឈ្មោះ​របស់​អ្នកដែលចាប់អារម្មណ៍​ចង់​ដាក់បន្ទះឈីប ក្នុងខួរក្បាល​របស់​Neuralink។

ទីភ្នាក់ងារ​អាមេរិកផ្តល់ការអនុញ្ញាត​ឲ្យ​ Neuralinkធ្វើការសាកល្បង​ដាក់បន្ទះឈីប​ក្នុងខួរក្បាលមនុស្ស នៅក្នុងខណៈដែល​អ្នកស្រាវជ្រាវ​ស្វ៊ីស​ទើបសម្រេច​បានជោគជ័យ ប្រើបច្ចេកវិទ្យា​ស្រដៀងគ្នានេះ​ដើម្បី​ជួយ​អ្នកពិការម្នាក់​ឲ្យ​អាច​ងើបដើរ​ឡើងវិញបាន ដោយ​គ្រាន់តែ នឹកគិតចង់​ដើរតែប៉ុណ្ណោះ។ បុរសរូបនោះត្រូវអរគុណ​ដល់ឈីប​ដាក់ក្នុងខួរក្បាលរបស់គេ ដែលបានជួយបញ្ជូនសញ្ញា​ពីខួរក្បាល ទៅ​បញ្ជា​ឲ្យ​ជើងបោះជំហានដើរដូចធម្មតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ