អានតួអត្ថបទ
បណ្តាញសង្គម

មហាសេដ្ឋី​Elon Muskគំរាមប្តឹងMetaដែលបង្កើតបណ្តាញសង្គមThreadsមកប្រជែងជាមួយ Twitter

មេក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចាប់ផ្តើមផ្ទុះសង្រ្គាមពាក្យសំដីដាក់គ្នា នៅក្រោយការបង្កើត​បណ្តាញសង្គមថ្មីឈ្មោះ Threads។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានក្រុមហ៊ុនTwitter លោក​Elon Muskបាន​គំរាមប្តឹង​ក្រុមហ៊ុនMeta​របស់​លោកMark Zuckerberg ដែលបាន​បង្កើត Threadsមកប្រជែងជាមួយ បណ្តាញសង្គមTwitter។ តាមប្រធានក្រុមហ៊ុន​Meta ក្នុងរយៈពេលតែ ២៤ម៉ោង គណនី​ជាង​៣០លាន​ត្រូវ​បាន​បង្កើតឡើង​នៅក្នុងបណ្តាញ​សង្គមថ្មី​Threads។

Threads​ជាបណ្តាញសង្គមថ្មីដែលក្រុមហ៊ុន​Meta បង្កើតនៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២៣ដែលអាចជាគូប្រជែងធំរបស់​Twitterce 6 juillet 2023.
Threads​ជាបណ្តាញសង្គមថ្មីដែលក្រុមហ៊ុន​Meta បង្កើតនៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២៣ដែលអាចជាគូប្រជែងធំរបស់​Twitterce 6 juillet 2023. © AP/Richard Drew
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ប្រព្រឹត្តដោយលឿនរហ័ស។ បង្កើតឡើងដោយក្រុមហ៊ុនMeta​​នៅថ្ងៃ​ពុធ ទី​៥ កក្កដា បណ្តាញសង្គមThreads ដែលត្រូវគេមើលឃើញថា ជា​គូប្រជែង​របស់​បណ្តាញ​Twitter មានអ្នកចុះឈ្មោះបង្កើតគណនី​ចំនួនជាង ៣០លាននៅក្នុងរយៈពេលតែមួយថ្ងៃ។

នៅក្នុងសារThreads នៅព្រឹកថ្ងៃសុក្រនេះ ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា Meta លោក​ Mark Zuckerbergសំដែងការភ្ញាក់ផ្អើល​នឹងតួលេខដែលលោកចាត់ទុកថា ពិសេស​ កម្រនឹង​មាន និងថា ក្រុមហ៊ុន​មានកិច្ចការត្រូវធ្វើច្រើនទៀតដើម្បី​កសាងបណ្តាញសង្គម Threads ដែលជាកម្មវិធីសន្ទនាដូច Instagram ប៉ុន្តែ ជាសន្ទនាតាមសំណេរ។

នៅមុន​បង្ហោះសារ អបអរការឡើងកូដ​របស់បណ្តាញសង្គមThreads ប្រធានក្រុមហ៊ុន Meta​លោក​ Mark Zuckerberg​នៅបាន​សរសេរ​ឌឺដង ចាក់ដោតលោកElon Musk ដែលជាគូប្រជែង។ តាម​ប្រធានក្រុមហ៊ុន​Meta បណ្តាញសង្គមThreadsនឹងអាចមានប្រើប្រាស់យ៉ាងហោច ១ពាន់លាននាក់។ តាម​ Zuckerberg ក្រុមហ៊ុន​Twitterមាន​ឱកាស​ ប៉ុន្តែខកខាន​មិនបានធ្វើវាឲ្យបានសម្រេច​។ ប៉ុន្តែ Metaវិញសង្ឃឹមថានឹងជោគជ័យ។

ការឡើងកូដប្រជាប្រិយភាព​របស់​កម្មវិធី​ Threads មិនបាន​ធ្វើ​ឲ្យ​លោក​Elon Muskនៅស្រណុកស្រួល។ ក្រៅពីសើចចំអករូបកម្មវិធី​ Threads ដែលមានរូបរាងដូចដង្កូវ ប្រធានក្រុមហ៊ុន​ Twitter​គំរាមប្តឹង​ក្រុមហ៊ុន​Meta​ទៅតុលាការអាមេរិក។ នៅក្នុងលិខិតរបស់មេធាវីក្រុមហ៊ុន​ Twitter លោក​Elon Muskបានចោទប្រកាន់​ក្រុមហ៊ុន​Meta ថាបានរំលោភច្បាប់​កិច្ចការសម្ងាត់ឧស្សាហកម្ម និង​ច្បាប់កម្មសិទ្ធិបញ្ញា។ ប្រធានក្រុមហ៊ុនTwitter នៅបាន​ចោទក្រុមហ៊ុន​Meta របស់​លោក Mark Zuckerbergថាបានរើសបញ្ចូលអតីត​បុគ្គលិករបស់​ក្រុមហ៊ុន​ Twitter

នៅក្នុងសារធ្វីត ម្ចាស់ក្រុមហ៊ុន​ Twitter លោក​Elon Muskសរសេរ​ថា ការប្រកួតប្រជែង​មិនមែនជា​បញ្ហា ប៉ុន្តែ បញ្ហា​គឺការលួចបន្លំ។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​Meta បាន​ទាត់ចោលការលើកឡើង​របស់លោក​Elon Musk និងថា វិស្វករ បុគ្គលិកទាំងអស់​របស់បណ្តាញសង្គម​Threads គ្មានប្រវត្តិជាអតីតបុគ្គលិករបស់​ក្រុមហ៊ុន​Twitter

ក្រុមហ៊ុនMeta របស់​លោក Zuckerbergបាន​បង្កើត​កម្មវិធី​Threads​នៅ​ប៉ុន្មានថ្ងៃក្រោយ​ដែល​ក្រុមហ៊ុន​ Twitterកាន់តែ​ធ្លាក់កូដប្រជាប្រិយមួយកម្រិតទៀត ដោយសារ​នយោបាយថ្មីរបស់​លោក Elon Muskដែលទើបប្រកាសកាលពីចុងសប្តាហ៍មុន ពីការកំណត់ចំនួនសារសរសេរ និងបង្ហោះសម្រាប់អ្នកប្រើប្រាស់នៅក្នុង​មួយថ្ងៃ។ សម្រាប់អ្នកជំនាញ តាំងពីស្ថិតក្រោមការគ្រប់គ្រង​របស់​លោកElon Muskដែលបានចំណាយលុយ៤៤ពាន់លានដុល្លារ​ទិញក្រុមហ៊ុនTwitter កាលពីឆ្នាំ​២០២២ Twitterបានធ្លាក់កូដប្រជាប្រិយខ្លាំងហៅមិនលឺ។ អ្នកប្រើប្រាស់បណ្តាញសង្គមរូបចាបពណ៌ខៀវកាន់តែអស់សង្ឃឹម លែងជឿទុកចិត្ត​លើ​បណ្តាញសង្គមចាប់តាំងពី​លោក​Elon Musk បណ្តេញបុគ្គលិក​ដែលត្រួតពិនិត្យ​ខ្លឹមសារផ្សាយ​នៅលើបណ្តាញ ឬ​ការតម្រូវ​ឲ្យមានការបង់ថ្លៃសេវាប្រើប្រាស់។ កម្មវិធី​ Threads​​របស់​ក្រុមហ៊ុន​Meta អាច​ជាច្រកផ្លូវដង្ហើមថ្មីសម្រាប់អ្នកប្រើប្រាស់ដែលចង់​ងាកចេញពី​បណ្តាញ​Twitter

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ