អានតួអត្ថបទ

IMF៖សេដ្ឋកិច្ចសកលឆ្នាំ ២០២៣មានភាពធន់ តែនៅបន្តផុយស្រួយ

នៅ​ថ្ងៃ​អង្គារ ទី១០ តុលា មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF បាន​ផ្សព្វផ្សាយ​ទិន្នន័យ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​លោក។ តាម​ទិន្ន័យ​របស់ IMF សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ ២០២៣ មាន​ភាព​ធន់ តែ​នៅ​បន្ត​ផុយស្រួយ។ IMF បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​ចំនួន ៣% សម្រាប់​ឆ្នាំ ២០២៣ និង ចំនួន ២,៩% នៅ​ឆ្នាំ ២០២៤។

ប្រធានក្រុមសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchars ។
ប្រធានក្រុមសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchars ។ AP - Jose Luis Magana
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​សេដ្ឋវិទូ​របស់ IMF លោក Pierre-Olivier Gourinchars បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា IMF បាន​កត់​សម្គាល់​ឃើញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​មិន​ដូច​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឃ និង​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង។ ខណៈ​ដែល​ប្រទេស​ខ្លះ​កំពុង​ស្គាល់​សេដ្ឋកិច្ច​ប្រសើរ​ឡើង ស្រាប់​តែ​មាន​ប្រទេស​ខ្លះ​ទៀត​បែរ​ជា​កំពុង​មាន​សេដ្ឋកិច្ច​ដើរ​យឺត ឬ​ដើរ​ថយ​ក្រោយ​ទៅ​វិញ ពិសេស​ប្រទេស​នៅ​អឺរ៉ុប។ មូលហេតុ​ជា​ពិសេស គឺ​ការ​បន្ត​ទទួល​ផលវិបាក​កើត​ចេញ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ អត្រា​អតិផរណា​ខ្ពស់​អូសបន្លាយ​យូរ​បាន​បង្ខំ​ឲ្យ​ធនាគារកណ្តាល​បន្ត​រឹតបន្តឹង​នយោបាយ​រូបិយវត្ថុ​ជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់។

នៅ​ក្នុង​ន័យ​នេះ IMF បាន​ព្យាករណ៍​ពី​អត្រា​អតិផរណា​ខ្ពស់​ជាង​ការ​ព្យាករណ៍​កាល​ពី ៣ខែ​មុន ពោល​មាន ៦,៩% សម្រាប់​ឆ្នាំ ២០២៣ និង ៥,៨% នៅ​ឆ្នាំ ២០២៤ ខាង​មុខ។ ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឃ អាល្លឺម៉ង់​កំពុង​បង្ហាញ​សញ្ញា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ជាមួយ​នឹង​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ -០,៥% ក្នុង​ឆ្នាំ ២០២៣ និង​អាច​ងើប​ឡើង​វិញ​បន្តិច​នៅ​ឆ្នាំ ២០២៤ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ចំនួន ០,៩%។ មាន​កត្តា​សំខាន់​ពីរ​បូក​បញ្ចូល​គ្នា​ដែល​បាន​ជំរុញ​ឲ្យ​អាល្លឺម៉ង់​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ របស់​អឺរ៉ុប​ជួប​ស្ថានការណ៍​របៀប​នេះ ទី១ វិបត្តិ​ថាមពល​បង្ក​ចេញ​ពី​សង្រ្គាម​អ៊ុយក្រែន​ដែល​អាល្លឺម៉ង់​បាន​ពឹង​ខ្លាំង​លើ​ឧស្ម័ន​រុស្ស៊ី និង​ទី២ ការ​រឹតបន្តឹង​នយោបាយ​រូបិយវត្ថុ។

ក្រៅ​ពី​អាល្លឺម៉ង់​មួយ​ចេញ ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ត្រូវ​បាន IMF ព្យាករណ៍​ពី​ការ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ចន្លោះ​ពី ០,៥% ទៅ ២,៥%។ នៅ​សហរដ្ឋអាមេរិក កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០២៣ មាន ២,១% មុន​នឹង​ធ្លាក់​ចុះ​នៅ​ត្រឹម ១,៥% សម្រាប់​ឆ្នាំ ២០២៤។ ចំណែក​នៅ​ក្នុង​ចំណោម​ប្រទេស​ធំៗ​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​វិញ IMF បាន​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​ចិន​ថយ​ចុះ​នៅ​ត្រឹម ៥% ក្នុង​ឆ្នាំ ២០២៣ និង​ធ្លាក់​នៅ​ត្រឹម ៤,២% សម្រាប់​ឆ្នាំ ២០២៤ ខាង​មុខ ខណៈ​ដែល​ចិន​កំពុង​មាន​វិបត្តិ​ក្នុង​វិស័យ​អចលនទ្រព្យ។ តែ IMF បាន​ព្រមាន​ថា បើ​វិបត្តិ​មួយ​នេះ​នៅ​បន្ត​គ្មាន​ច្រក​ចេញ សេដ្ឋកិច្ច​ចិន​នឹង​ធ្លាក់​ចុះ​ថែម​ទៀត។

ក្រៅ​ពី​ចិន ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ផ្សេង​ទៀត ដូច​យ៉ាង​ឥណ្ឌា ឬ​ប្រេស៊ីល​ក៏​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដែរ។ ទាក់ទង​នឹង​ប្រទេស​រុស្ស៊ី​ត្រូវ​បាន IMF ព្យាករណ៍​ពី​ការ​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន ២,២% ក្នុង​ឆ្នាំ ២០២៣ ពោល​ខុស​ពី​ការ​ព្យាករណ៍​កាល​ពី ១ឆ្នាំ​ដែល​ថា រុស្ស៊ី​នឹង​មាន​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ