អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

សភាអ្នកតំណាងរាស្រ្ត​អាមេរិកអនុម័តច្បាប់​ផ្តល់ជំនួយ​១៤ពាន់លាន​ដុល្លារទៅ​អ៊ីស្រាអែល

សភាអ្នកតំណាងរាស្រ្តអាមេរិក​បានបោះឆ្នោត កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២វិច្ឆិកា អនុម័ត​កញ្ចប់​ថវិកា ១៤ពាន់​លាន​ដុល្លារ​សម្រាប់​ជួយអ៊ីស្រាអែល​ក្នុងគ្រា​មាន​សង្រ្គាម​ជាមួយ​ក្រុមហាម៉ាសប៉ាឡេស្ទីន។ ប៉ុន្តែ ច្បាប់ថវិកាគាំទ្រដោយសំឡេងភាគច្រើន​របស់​ក្រុមសាធារណរដ្ឋ នៅ​សភាអ្នកតំណាងរាស្រ្ត​នឹង​អាច​ស្លាប់មុនកើត ព្រោះថា ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​សន្យា​ហើយថា នឹង​វេតូ​ប្រឆាំង​ច្បាប់ថវិកាដែល​គ្មានរាប់បញ្ចូល​កញ្ចប់ជំនួយ​សម្រាប់អ៊ុយក្រែន។

វិមានកាពីតូល​នៅរដ្ឋធានីវ៉ាស៊ីនតោន
វិមានកាពីតូល​នៅរដ្ឋធានីវ៉ាស៊ីនតោន AP - J. David Ake
ផ្សាយពាណិជ្ជកម្ម

ជាមួយ​សំឡេង​គាំទ្រ ២២៦ និង​សំឡេង​ប្រឆាំង​ចំនួន ១៩៦ សភាអ្នកតំណាងរាស្រ្ត​អាមេរិក​ ដែលគ្រប់គ្រង​ដោយ​សំឡេងភាគច្រើន​របស់​បក្ស​សាធារណរដ្ឋ បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​១៤ពាន់លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ីស្រាអែល ដែលកំពុងជាប់ដៃធ្វើសង្រ្គាម​ជាមួយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។

សម្រាប់​ប្រធាន​សភាអ្នកតំណាងរាស្រ្ត មក​ពី​បក្ស​សាធារណរដ្ឋ វាជារឿងបន្ទាន់ ដែលគេត្រូវ​អនុម័តច្បាប់​ផ្តល់ជំនួយ​ថវិកា ជួយ​អ៊ីស្រាអែល ​ក្នុងគ្រា​មាន​សង្រ្គាម។ យ៉ាងណាក៏ដោយ កញ្ចប់​ជំនួយ​១៤ពាន់លាន​ដុល្លារ មាននិយាយ​ពី​ប្រព័ន្ធខែល​មីស៊ីល និង​សព្វាវុធ​អាមេរិកសម្រាប់ជួយ​កងទ័ពអ៊ីស្រាអែល​នៅក្នុងសមរភូមិ​ហ្កាហ្សា ដែល​សភាអ្នកតំណាងរាស្រ្ត​បោះឆ្នោត កាលពីថ្ងៃ​ព្រហស្បតិ៍ ទំនង​មិនអាច​លេចចេញរូបរាងបានឡើយ ពោល គឺ​ស្លាប់​មុនកើត ព្រោះថា ព្រឹទ្ធសភា រួមទាំង​លោកប្រធានាធិបតី អាមេរិក ចូ បៃដិន​បាន​សន្យាហើយថា នឹង​វេតូប្រឆាំង មិន​ចុះហត្ថលេខា​ដាច់ខាត ច្បាប់ស្តីពីការផ្តល់ជំនួយ​សម្រាប់អ៊ីស្រាអែល។

លោកចូ បៃដិន​ផ្ទាល់​ធ្លាប់​គាំទ្រ​ឲ្យ​មាន​កញ្ចប់​ថវិកាជួយ​អ៊ីស្រាអែល ក៏​ប៉ុន្តែ លោក​ចង់​ឲ្យ​គេ​ដាក់​បញ្ចូល​កញ្ចប់ថវិកា​ជួយ​អ៊ីស្រាអែល ទៅ​ក្នុង​ចង្កោម​កញ្ចប់​ជំនួយ​សរុប​របស់អាមេរិក​សម្រាប់​បរទេស​តម្លៃ ១០៦ពាន់លាន​ដុល្លារ ដែលមាន​តាំង​ពី​កញ្ចប់ជំនួយ​យោធា​សម្រាប់អ៊ុយក្រែន ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។

លោក​ចូ បៃដិន​នៅចង់បាន កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​នាវាមុជទឹក និង​គម្រោងការ​សេដ្ឋកិច្ច ដើម្បី​ប្រកួតប្រជែង​ជាមួយ​គម្រោងរបស់​ចិន នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។

ប៉ុន្តែ ប្រធានសភា​អ្នកតំណាងរាស្រ្ត លោក Mike Johnson មក​ពី​គណបក្ស​សាធារណរដ្ឋ ធ្វើថ្លង់ មិនលឺ​ការទាមទារ​ចង់បាន​របស់​លោកចូ បៃដិន ដោយ​ផ្គើន​បោះឆ្នោត​អនុម័ត​កញ្ចប់ថវិកា​ជួយ​តែ​អ៊ីស្រាអែល។ សម្រាប់​Mike Johnson គេមិនត្រូវខាតពេលជជែកច្រើនឡើយ។ ជំនួយ​សម្រាប់​អ៊ីស្រាអែល​ជា​អាទិភាព​របស់​អាមេរិក ចំណែក ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សម្ព័ន្ធមិត្ត​ផ្សេងទៀត​របស់​អាមេរិក​នឹង​អាច​ត្រូវ​យក​មក​ជជែក នៅពេលក្រោយ។

បើតាម​ប្រធាន​សភាអ្នកតំណាងរាស្រ្តអាមេរិក មាន​បញ្ហា​ច្រើន​នៅក្នុង​ពិភពលោក ប៉ុន្តែ អាមេរិក​ត្រូវ​ខ្វល់ យកចិត្តទុកដាក់​មុនគេ ​បញ្ហា​ដែល​កំពុង​កើត នៅក្នុង​ទឹកដី​ខ្លួន។

នៅត្រង់​ចំណុច​នេះ លោក Mike Johnson​សន្យា​ថា ការបោះឆ្នោត​លើក​ក្រោយ នឹង​ផ្តោត​លើ​កញ្ចប់​ថវិកា សម្រាប់​ពង្រឹង​សន្តិសុខ​នៅព្រំដែន​ជាមួយ​ម៉ិចស៊ិក និង​កញ្ចប់ជំនួយ​សម្រាប់​អ៊ុយក្រែន។ ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​សម្រាប់​អ៊ុយក្រែន ប្រមាណ ១១៣ពាន់លានដុល្លារ គិតចាប់តាំង​ពី​រុស្ស៊ីធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន អាមេរិកក្នុងអាណត្តិ​របស់​លោក​ចូ បៃដិន​ទើបបាន​សន្យា ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន កាលពី​ខែ កញ្ញាទៅ​ថា នឹង​ផ្តល់ជំនួយយោធា​បន្ថែម សម្រាប់ជួយ​អ៊ុយក្រែន នៅក្នុងសមរភូមិប្រយុទ្ធទល់​នឹងរុស្ស៊ី។ ការបោះឆ្នោត​របស់សភាអ្នកតំណាងរាស្រ្ត អនុម័ត​កញ្ចប់ថវិកា​ជំនួយ​សម្រាប់​តែ​អ៊ីស្រាអែល ប៉ុន្តែ គ្មាន​អ៊ុយក្រែន កំពុង​បំផ្លាញ​ការសន្យា​របស់​ប្រធានាធិបតីអាមេរិក​សម្រាប់​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ