អានតួអត្ថបទ
បោះឆ្នោត-អាហ្សង់ទីន

អាហ្សង់ទីនមានប្រធានាធិបតីដែល​មិនចង់ទាក់ទង​ជាមួយ​ប្រទេសកុម្មុយនិស្ត ដូចជាចិន

អាហ្សង់ទីន​បែរ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល បន្ទាប់ពី​ បេក្ខជន​ថ្មីស្រឡាង លោក Javier Milei មកពីខាងគណបក្ស​ស្តាំនិយមជ្រុល ទទួលជ័យជំនះដ៏ធំធេង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃអាទិត្យ ទី ១៩​វិច្ឆិកា។ ក្រៅពី​ការអបអរភ្លូកទឹកភ្លូកដី របស់​អ្នកគាំទ្រ​ប្រេស៊ីល ជ័យជំនះ​របស់​លោក Javier Milei បាន​ទទួលសំឡេងស្វាគមផ្សេងៗគ្នា​ពី​សហគមន៍អន្តរជាតិ។ ខណៈពេល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក និង​ប្រេស៊ីល មកពីក្រុមស្តាំនិយមជ្រុល អបអរជ័យជំនះ​របស់​លោកJavier Milei ចិនវិញ​ព្រមាន​អនាគត​រដ្ឋាភិបាល​អាហ្សង់ទីនថ្មី បន្ទាប់ពី​លោក Javier Milei​ធ្លាប់បាន​និយាយថា លោក​នឹង​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត និង​ប្រេស៊ីល។

លោក Javier Milei ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី​របស់អាហ្សង់ទីនកាលពីថ្ងៃទី ១៩​វិច្ឆិកា ២០២៣
លោក Javier Milei ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មី​របស់អាហ្សង់ទីនកាលពីថ្ងៃទី ១៩​វិច្ឆិកា ២០២៣ AP - Nicolas Aguilera
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​អន្តរជាតិ​បាន​ធ្លាក់​ជាបន្តបន្ទាប់ នៅក្រោយពី​បេក្ខជន​សេរីស្តាំនិយមជ្រុល លោក Javier Milei​ទទួល​ជ័យជំនះ​ដ៏ធំធេង នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាហ្សង់ទីន កាលពីយប់ថ្ងៃអាទិត្យ​ទី​១៩​វិច្ឆិកា។ ខណៈពេល​អឺរ៉ុប អាមេរិក ឥណ្ឌា និងប្រទេស​ជាប់​របង​អាហ្សង់ទីន ប្រកាស​ស្វាគម​ជ័យជំនះ​របស់​លោក Javier Milei មហាអំណាច​ចិន តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ព្រមាន​អនាគតរដ្ឋាភិបាលថ្មី​របស់​អាហ្សង់ទីន ពីកំហុសឆ្គងធ្ងន់ធ្ងរ បើសិន​ហ៊ាន​កាត់ផ្តាច់ទំនាក់ទំនង​ជាមួយ​ចិន។

ប្រតិកម្ម​ព្រមាន​របស់​មហាអំណាច​ចិនធ្វើឡើង បន្ទាប់ពី​លោក​ Javier Milei បេក្ខជន​សេរីស្តាំនិយមជ្រុល​ធ្លាប់​ប្រកាសនៅក្នុង​យុទ្ធនាការ​បោះឆ្នោតថា បើសិន​លោក​ឈ្នះឆ្នោត នោះ​រដ្ឋាភិបាល​របស់​លោក​គ្មាន​ចេតនា​នឹង​បន្តធ្វើ​ជំនួញ​ជាមួយ​ប្រទេស​កុម្មុយនិស្ត ដូចជា​ចិន និង​ប្រេស៊ីល។ ដោយមិននិយាយ​ចំឈ្មោះ លោក​ Javier Milei​ ប្រធានាធិបតី​ប្រេស៊ីល លោក​លូឡា ផ្ញើសារអបអរ​ជ័យជំនះ​របស់​បេក្ខជន និងថា ប្រេស៊ីល​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​បងប្អូន​អាហ្សង់ទីន។

មាន​អាយុ ៥៣ឆ្នាំ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច លោក​ Javier Milei បាន​ប្រមូលសំឡេង​ឆ្នោតគាំទ្រ​ដល់ទៅ ៥៥,៩​% វ៉ាដាច់ គូប្រជែង​ដែល​ជា​អតីត​រដ្ឋមន្រ្តីសេដ្ឋកិច្ច ដែលទទួលបានសំឡេង​តែ ៤៤%។ ទើបប្រលូកចូលក្នុង​នយោបាយ​អាហ្សង់ទីន បាន​៣ឆ្នាំ លោក​ Javier Mileiអាចទទួល​ជ័យជំនះ នៅក្នុងការបោះឆ្នោត​ជុំទី២ ដោយ​មក​ពី​មាន​ការគាំទ្រ​របស់​គណបក្ស​ស្តាំនិយម ដែលបរាជ័យ​ធ្លាក់ទឹក នៅក្នុង​ការបោះឆ្នោតជុំទី១។

នៅ​អាហ្សង់ទីន​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​កណ្តាល ឆ្វេងនិយម ជាង​១ទសវត្សរ៍ ជ័យជំនះ​របស់​លោក​ Javier Milei ដែល​ជា​បេក្ខជន​ថ្មីស្រឡាង និង​មាន​និន្នាការ​សេរី ស្តាំនិយមជ្រុល ស​បញ្ជាក់​ពីការធុញទ្រាន់ នឿយណាយ​របស់​ប្រជាជន នៅក្នុងប្រទេស​មួយ​ដែល​អត្រា​អតិផរណា​កើនឡើង​ខ្ពស់​កប់ពពក ១៤៣% ក្នុងមួយឆ្នាំៗ ចំណែកប្រជាជន​៤០% រស់នៅក្នុងភាពក្រីក្រ។

ដោយ​បោះឆ្នោតជ្រើសរើស​លោក​ Javier Milei ឲ្យធ្វើជាប្រធានាធិបតី ប្រជាជនអាហ្សង់ទីន​ដាក់ក្តីសង្ឃឹម​លើ​មេដឹកនាំថ្មី​ដែលធ្លាប់ប្រកាស​សន្យា​កសាង​អាហ្សង់ទីន​ឡើងវិញ ដើម្បីក្លាយជា​ប្រទេសសេរី និង​មហាអំណាច​ដូចអាមេរិក។

ប៉ុន្តែ អាហ្សង់ទីនក្រោមការដឹកនាំ​របស់​លោក Javier Milei ដែលជា​អ្នកនយោបាយ​ប្រឆាំង​នឹង​ប្រព័ន្ធរៀបចំ​សង្គម​បាន​បណ្តាល​ឲ្យ​មាន​ការចោទសួរ​ផងដែរ ពី​សមត្ថភាព​ដឹកនាំ​របស់​រដ្ឋាភិបាលថ្មី​របស់​អាហ្សង់ទីន។ ជាប់ឈ្មោះជា​បេក្ខជន​ដែលចូលចិត្ត​លើក​បង្ហាញ ម៉ាស៊ីនអារ នៅក្នុង​ពេល​ចុះឃោសនាបោះឆ្នោត លោក Javier Milei ធ្លាប់​បាន​ប្រកាសថា លោក​នឹង​កាត់តម្រឹម​ចោល​គ្រប់ការចំណាយ ​ឲ្យ​ដូច​ម៉ាស៊ីនអារ​ដើមឈើ​ ដែលលោក​មាននៅក្នុង​ដៃ។ នៅក្នុង​វីដេអូឃោសនា​កាលពីពេលថ្មីៗ​នេះ លោក​ Javier Mileiធ្លាប់​អះអាងថា នៅពេល​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី លោក​នឹង​លុបចោល ក្រសួងជាច្រើន ដូចជា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ បរិស្ថាន និង​ការអភិវឌ្ឍ ក្រសួងការងារ ក្រសួង​ដឹកជញ្ជូន ក្រសួង​សុខាភិបាល និង​ក្រសួងកិច្ចការនារី ជាដើម ដោយ​ទុកតែ​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ ក្រសួងការបរទេស និង​ក្រសួងយុត្តិធម៌​តែ​ប៉ុណ្ណោះ។

តាំង​ខ្លួន​ជា​ជនសេរី មូលធន​និយម លោក Javier Milei ធ្លាប់​បង្ហាញ​ចេតនា​ចង់​ឈប់​ប្រើលុយ​ជាតិ ដោយ​ងាកទៅ​ប្រើ​លុយ​ដុល្លារ​អាមេរិក​ជំនួស​វិញ កាត់បន្ថយ​ការចំណាយសាធារណៈ ហាមស្រ្តី​មិន​ឲ្យ​រំលូតកូន ការលក់អាវុធ​ដោយសេរី ដូចនៅ​អាមេរិក និង​កាត់ផ្តាត់ទំនាក់ទំនងការទូតជាមួយ​ប្រទេស​កុម្មុយនិស្ត ចិន និង​ប្រេស៊ីល។

ប៉ុន្តែ គោលនយោបាយ​រុះរើ​កសាងអាហ្សង់ទីនឡើងវិញ របស់​លោក​ Javier Milei​នឹងពិបាកចេញជារូបរាង ព្រោះយ៉ាងណាក៏ដោយ លោក​ Javier Milei​គ្មានសំឡេង​ភាគច្រើន នៅព្រឹទ្ធសភា និង​ខ្វះសំឡេងគាំទ្រ​ពី​អភិបាលខេត្ត នៅក្នុង​អនាគត​រដ្ឋាភិបាល​ចម្រុះ​របស់លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ