អានតួអត្ថបទ
ចិន

ចិន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី២

កងទ័ពជើងទឹក​ចិន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ទទួល​យក​ទៅ​ប្រើប្រាស់ នាវា​ផ្ទុកយន្តហោះ​ចម្បាំង នៅក្រោម​អធិបតីភាព​របស់​ប្រធានាធិបតីចិន ស៊ី ជីនពីង។ ផលិត​ឡើង ដោយ បច្ចេកវិទ្យា​​ក្នុង​ស្រុក​ចិន​សុទ្ធសាធ នាវា​ផ្ទុក​យន្តហោះចម្បាំង ឈ្មោះ ស្ហានតុង Shandong ជា​នាវាផ្ទុកយន្តហោះ​ចម្បាំង​ទី​២ ដែល​ប្រទេស​ចិន មាន​សម្រាប់​បំពាក់​ឲ្យ​កងទ័ព​ជើងទឹក​របស់ខ្លួន។ 

នាវាផ្ទុកយន្តហោះចម្បាំង ស្ហានតុង ដែល​ចិន​សាងសង់​ឡើង​ដោយសា្នដៃ បច្ចេកវិទ្យា​ក្នុង​ស្រុក​ចិន​ទាំងស្រុង ត្រូវ​បាន​បញ្ជូន​ទៅធ្វើតេស្ត​នៅ​ជិត​ឆ្នេរ​តៃវ៉ាន់ កាលពី​ខែ​វិច្ឆិកា ២០១៩
នាវាផ្ទុកយន្តហោះចម្បាំង ស្ហានតុង ដែល​ចិន​សាងសង់​ឡើង​ដោយសា្នដៃ បច្ចេកវិទ្យា​ក្នុង​ស្រុក​ចិន​ទាំងស្រុង ត្រូវ​បាន​បញ្ជូន​ទៅធ្វើតេស្ត​នៅ​ជិត​ឆ្នេរ​តៃវ៉ាន់ កាលពី​ខែ​វិច្ឆិកា ២០១៩ © REUTERS/Stringer ATTENTION EDITOR
ផ្សាយពាណិជ្ជកម្ម

ពិធី​ប្រគល់​នាវាផ្ទុក​យន្តហោះចម្បាំង​ស្ហានតុង Shandong ធ្វើឡើង​យ៉ាងអធិកអធម​បំផុត នៅក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក ចិន សាន់យ៉ា​Sanya ភាគខាងត្បូង កោះ ហៃណាន់។ ខេត្តកោះ ហៃណាន់​ដែល​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន កំពុង មាន​ជម្លោះដណ្តើម​ទឹកដី​កោះ ជាមួយ​ប្រទេស​វៀតណាម ហ្វីលីពីន តៃវ៉ាន់ និង​ព្រុយណេ។

ចាប់តាំង​ពី​ឆ្នាំ ២០១២ ប្រទេស​ចិន មាន​នាវាផ្ទុកយន្តហោះ​ចម្បាំង តែមួយ​គ្រឿង​ប៉ុណ្ណោះ ដែល​ផលិតឡើងដោយ សហភាព​សូវៀត ប៉ុន្តែ​ដែល​ចិន​បាន​ទិញ ពី​អ៊ុយក្រែន យក​មក​កែច្នៃ ប្រើឡើងវិញ។ ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ទី ២ របស់​ចិន នាវា​ស្ហានតុង ដែល​អាច​ដឹក​យន្តហោះ​ចម្បាំង ប្រមាណ ៤០គ្រឿង ត្រូវបាន​ផលិតឡើង​ដោយ​ស្នាដៃ បច្ចេកវិទ្យា​ចិន ទាំងស្រុង។

ដោយ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ នូវ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង មួយ​គ្រឿង​បន្ថែមទៀត ចិន​បាន​បង្ហាញ​មហិច្ឆតា​យោធា នៅ​ក្នុង​បរិបទ​ដែល​កំពុង​កើតមាន​ភាពតានតឹង​ជាមួយ តៃវ៉ាន់ សហរដ្ឋអាមេរិក ហើយ​និង​ជម្លោះ​ជាមួយ ប្រទេសអាស៊ី នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​វិច្ឆិកា​កន្លងទៅ ទីក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​បញ្ជូន​នាវាផ្ទុកយន្តហោះ​ចម្បាំង ស្ហានតុង ទៅ​ក្បែរ​កោះតៃវ៉ាន់ ក្នុង​ក្របខ័ណ្ឌ សមយុទ្ធ​អចិន្រ្តៃយ៍​របស់​កងទ័ពជើងទឹក​ចិន។ សម្រាប់​អ្នកជំនាញ (ប្រធាន​វិទ្យាស្ថាន​ចិន​នៃ​សាលាសិក្សា​ពី​ភាគខាងកើត និង​អាហ្រ្វិក ក្នុង​ទីក្រុង​ឡុងដ៍) នៅពេល​ចិន មាន​ចំនួន នាវាផ្ទុកយន្តហោះ​កាន់តែ​ច្រើន ប្រព័ន្ធ​ការពារ​យោធា​របស់​កោះតៃវ៉ាន់ កាន់តែ​ចុះខ្សោយ។

មាន​នាវា​ដឹកយន្តហោះ​ចម្បាំង ដែល​អនុញ្ញាត​ឲ្យ​ចិន​អាច​បើក​ប្រតិបត្តិការយោធា នៅទីកន្លែង​ឆ្ងាយៗ ចិន​បាន​ចូលរួម​ក្នុង​ក្លិប​ប្រទេស ដែល​មាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ដូចជា​អាមេរិក បារាំង អង់គ្លេស និង​រុស្ស៊ី​ជាដើម។ ប៉ុន្តែ តាម​តួលេខ​ផ្តល់​ដោយ​វិទ្យាស្ថាន​ការសិក្សា​យុទ្ធសាស្រ្ត IISS ដោយ​នាំមុខ​បារាំង អង់គ្លេស រុស្ស៊ី ឥណ្ឌា ដែល​មាន​នាវាដឹកយន្តហោះ​ចម្បាំង​តែ​មួយគ្រឿង ម្នាក់ៗ ចិន មាន​នាវាផ្ទុកយន្តហោះ​ចម្បាំង ដល់​ទៅ​២គ្រឿង និង​មាន​គម្រោង​ចង់​សាងសង់ ១​គ្រឿង​បន្ថែម​ទៀត។ អតីត ប្រមុខកងទ័ព​ចិន លោក Luo Yuan ធ្លាប់​បាន​ប្រកាស​ថា ដើម្បី ការពារ​ផលប្រយោជន៍​ជាយុទ្ធសាស្រ្ត​របស់ខ្លួន ចិន​ត្រូវការ​យ៉ាងហោច នាវា​ផ្ទុកយន្តហោះ​ចម្បាំង ៣គ្រឿង។

កាលពី​ខែ​កក្កដា​កន្លងទៅ ប្រទេស​ចិន​បាន​បង្ហាញ​ផែនការ​កសាង ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យាជាន់ខ្ពស់​ឲ្យ​កងទ័ព​របស់ខ្លួន។ បន្ទាប់​ពី​អាមេរិក ចិន​ជា​មហាអំណាច​យោធា​ធំ​ទី​២ ក្នុង​លោក ដែល​បាន​ចំណាយ​ថវិកា ប្រមាណ ១៧ម៉ឺនលាន​ដុល្លារ សម្រាប់​វិស័យកងទ័ព ឆ្នាំ ២០១៩។

ទោះ​ចិន​មាន​គម្រោង ចង់​បង្កើន​ចំនួន​នាវាផ្ទុកយន្តហោះ​ចម្បាំង ឲ្យ​ដល់​៣គ្រឿង ចិន​នៅតែ​ស្ថិតនៅក្រោយ ​ឆ្ងាយ​ណាស់​ពី​អាមេរិក ដែល​មាន​រួចទៅហើយ នាវា​ផ្ទុកយន្តហោះ​ចម្បាំង ទំនើបៗ ដល់ទៅ​១១​គ្រឿង។ សម្រាប់​អ្នកវិភាគ ចិន​នៅមិនទាន់​អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិក ទាំង​ផ្នែក​ចំនួន និង សមត្ថភាព បច្ចេកវិទ្យា។ គេ​វាយតម្លៃថា នាវាផ្ទុកយន្តហោះ​ចម្បាំង​ទី២ ដែល​ចិន កសាង​ឡើង​ដោយបច្ចេកវិទ្យា​ចិន សុទ្ធសាធ ដើរដោយ​ប្រព័ន្ធ​ថាមពល​រុញច្រាន​ធម្មតា ប៉ុន្តែ មិន​មែន ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ដូច​នាវាផ្ទុកយន្តហោះចម្បាំង​របស់​ប្រទេស​ដទៃ​នោះទេ។ មួយវិញទៀត វា​អាច​ងាយ​នឹង​រង​ការវាយប្រហារ ដោយ​មីស៊ីល​របស់​នាវាមុជទឹក​របស់​សត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ