អានតួអត្ថបទ
ថៃ

ថៃ៖តុលាការបានផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្តើមធ្វើកំណែទម្រង់

នៅ​ថ្ងៃ​ចន្ទ ទី១៤ កញ្ញា តុលាការ​ថៃ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ផ្តើម​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ។ ផែនការ​កំណែទម្រង់​នេះ​ជា​សំណើ​របស់​ក្រុមហ៊ុន Thai Airway ដែល​កំពុង​មាន​ប្រាក់បំណុល​ដល់​ទៅ ៩ ០០០លានអឺរ៉ូ។ តាម​រយៈ​គម្រោង​កំណែទម្រង់​មួយ​នេះ ក្រុមហ៊ុន Thai Airway ដែល​ប្រើ​បុគ្គលិក​ជាង ២០ ០០០នាក់​នឹង​ពិនិត្យ​មើល​ឡើង​វិញ​លើ​ចំនួន​បុគ្គលិក និង​កាត់​បន្ថយ​ជើង​ហោះហើរ​ដែល​ភាគ​ច្រើន​ជា​ជើងហោះហើរ​អន្តរជាតិ។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដែល​ក្រុមហ៊ុន Thai Airway បាន​រកស៊ី​ខាត តែ​ការ​ខាត​បង់​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ក្នុង​សម័យ​ជំងឺ​កូវីដ-១៩។

តុលាការថៃបានផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្តើមធ្វើកំណែទម្រង់
តុលាការថៃបានផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្តើមធ្វើកំណែទម្រង់ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ផែនការ​កំណែទម្រង់​ដែល Thai Airway ត្រៀម​ធ្វើ​ភ្លាម​ជា​បន្ទាន់​នា​ពេល​ខាង​មុខ គឺ​ស្វែង​រក​ប្រាក់កម្ចី​ចំនួន ១ ៥០០លានអឺរ៉ូ​សម្រាប់​ការ​ចំណាយ​ទូទៅ និង​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក។ បន្ទាប់​មក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ គម្រោង​កំណែទម្រង់​ផ្តើម​គិតគូរ​ពី​ការ​ដំឡើង​ប្រាក់ទុន​ជាង ២ ០០០លានដុល្លារ។ តែ​ស្រប​ពេល​នឹង​ការ​ដំឡើង​ប្រាក់ទុន ក្រុមហ៊ុន​ផ្តើម​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដែល​សព្វថ្ងៃ​មាន​ជាង ២០ ០០០នាក់ និង​កាត់​បន្ថយ​ចំនួន​ជើង​ហើរហោះ​ដែល​ភាគច្រើន​ជា​ជើងហោះហើរ​អន្តរជាតិ។ តែ​ដើម្បី​អាច​ផ្តើម​កំណែទម្រង់​នេះ​បាន Thai Airway ត្រូវ​បញ្ជូន​ផែនការ​កំណែទម្រង់​លំអិត​ទៅ​ឲ្យ​ម្ចាស់បំណុល និង​ត្រូវ​មាន​ការ​យល់ព្រម​ពី​ម្ចាស់បំណុល។

គួរ​បញ្ជាក់​ថា ផែនការ​កំណែទម្រង់​ដែល​ជា​សំណើ​របស់ Thai Airway ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋ​បាន​កាត់​បន្ថយ​ភាគហ៊ុន​របស់​ខ្លួន និង​បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ទើប​បាត់បង់​លក្ខន្តិក​ជា​ក្រុមហ៊ុន​រដ្ឋ។ តាម​ពិត​ទៅ Thai Airway ដែល​មាន​អាយុ ៦០ឆ្នាំ ក្នុង​ឆ្នាំ ២០២០ និង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​ទី២ ជា​ក្រុមហ៊ុន​ប្រសើរ​ជាង​គេ​លើ​លោក​ក្នុង​ឆ្នាំ ២០០៧ បាន​រកស៊ីខាត​អស់​ជា​ច្រើន​ឆ្នាំ។ តែ​ការ​ខាតបង់​រឹតតែ​ធ្ងន់ ក នៅ​ក្នុង​សម័យ​កូវីដ-១៩ ដែល​មាន​ជាង ៧៥០លានអឺរ៉ូ​នៅ​ឆមាសទី១ ឆ្នាំ ២០២០ ហើយ​បើ​សរុប​ទៅ​មក​ដល់​ពេល​នេះ Thai Airway មាន​បំណុល​ដល់​ទៅ ៩ ០០០លានអឺរ៉ូ។

ហេតុអ្វី​បាន​ជា Thai Airway រកស៊ីខាត?។ មាន​ចម្លើយ​ច្រើន​ចំពោះ​សំណួរ​នេះ​ដោយ​ផ្តើម​ចេញ​ពី​ការ​គ្រប់គ្រង​មិន​ល្អ និង​អំពើ​ពុករលួយ ស៊ីសំណូកសូកប៉ាន់។ របាយការណ៍​ស៊ើបអង្កេត​មួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ខែ​សីហា​បង្ហាញ​ថា ប្រហែល​មាន​ការ​សូកប៉ាន់​នៅ​ពេល​ទិញ​យន្តហោះ Airbus ចំនួន ១០គ្រឿង​កាល​ពី​ឆ្នាំ ២០០០ តម្លៃ​សំបុត្រយន្តហោះ​ខ្លះ​នៅ​ក្នុង​វិក័យប័ត្រ​ជា​តម្លៃ​មិន​ពិត ពោល​ថោក​ជ្រុល ឬ​មួយ​ក៏​ឲ្យ​លុយច្រើនពេក​សម្រាប់​អ្នក​ធ្វើ​ការ​លើស​ម៉ោង។ ការ​ទទួល​បាន​ភ្លើងខៀវ​ពី​តុលាការ​ឲ្យ​ធ្វើ​កំណែទម្រង់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន Thai Airway ស្ទុះ​ឡើង​ជាង ១០%។

ទោះ​ជា​យ៉ាង​នេះ​ក្តី ចក្ខុវិស័យ​នៅ​បន្ត​ស្រពិចស្រពិល​សម្រាប់ Thai Airway ព្រោះ​វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ចរាចរណ៍​ផ្លូវអាកាស​ក្នុង​លោក​ជាប់​គាំង​សឹង​តែ​ទាំង​ស្រុង។ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​មើល​ឃើញ​ថា គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០២៤ ទើប​ចរាចរណ៍​ផ្លូវអាកាស​អាច​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ដូច​នៅ​មុន​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ