អានតួអត្ថបទ

ហុងកុង​ប្តឹងជំទាស់​អាមេរិក​ដែល​ទាមទារ​ឲ្យ​ផលិតផល​ហុងកុង ដាក់​ឈ្មោះ​ចិន

អាជ្ញាធរ​ហុងកុង នៅ​ថ្ងៃ​អង្គារ​ម្សិលមមិញ បាន​ផ្តើម​នីតិវិធី​តវ៉ា​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី ប្រឆាំង​នឹង​ការសម្រេច​របស់​អាមេរិក ដែល​ទាមទារ​ឲ្យ​រាល់​ផលិតផល​ទាំងអស់​របស់​ហុងកុង នាំចូល​ទៅអាមេរិក ត្រូវ​ដាក់​ស្លាកសញ្ញា ផលិតនៅ​ប្រទេស​ចិន។ នៅពាក់កណ្តាលខែ​កក្កដា ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ បាន​ចេញ​ក្រឹត្យ បិទបញ្ចប់​លក្ខន្តិកៈ​ពិសេស សម្រាប់​ហុងកុង នៅបន្ទាប់ពី  ប៉េកាំង ប្រកាស​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ នៅ​ទីក្រុងហុងកុង។

ទីស្នាក់ការរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស
ទីស្នាក់ការរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

ដោយ​បិទបញ្ចប់​លក្ខន្តិកៈពិសេស​សម្រាប់ ហុងកុង វ៉ាស៊ីនតោន​សម្រេច​ចាត់ទុក​ថា អំណើះតទៅ ទីក្រុង​ហុងកុង គ្រាន់តែ​ជា​ទីក្រុង​មួយទៀត របស់​ប្រទេស​ចិន ដែល​មិនគួរ​បាន​អភ័យឯកសិទ្ធិ​ពិសេស​ពីអាមេរិកនោះទេ។ នៅ​ខែ​សីហា ពោល គឺ​នៅ មួយខែ​ក្រោយ​ការប្រកាស​របស់លោកដូណាល់ ត្រាំ បិទបញ្ចប់​លក្ខន្តិកៈពិសេស ដែល​ហុងកុង​តែង​បាន​ទទួល​ការអនុគ្រោះកន្លងមក ស្ថាប័ន​​ពន្ធដារ​អាមេរិក​បាន​ប្រកាស​ថា ដើម្បី​អាច​ដាក់​លក់​នៅ​អាមេរិក រាល់​ ទំនិញ ហុងកុង ដែល​នាំចូល​ទៅ​អាមេរិក ត្រូវ​តែ​ដាក់​ស្លាកសញ្ញា ថា ផលិត​នៅ​ប្រទេស​ចិន។

សម្រាប់រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ហុងកុង ការសម្រេច​ដោយ​ឯកតោភាគី និង​គ្មាន​ការទទួល​ខុសត្រូវ​របស់​អាមេរិក ដើម្បី​បំបាក់​ទីក្រុង​ហុងកុង ឲ្យ​ចុះខ្សោយ គឺ​ជារឿង​ដែល​មិន​សមរម្យនោះទេ។ មួយវិញទៀត វិធានការ​របស់​អាមេរិក​នឹង​ធ្វើឲ្យ​មានការយល់ច្រលំ​នៅទីផ្សារ និងជាពិសេស ប្រមាថ​មើលងាយ ច្បាប់​ ដែល​ផ្អែក លើ​ប្រព័ន្ធ​ពហុពាណិជ្ជកម្ម។

ដោយសារ​ហេតុផលនេះ ហុងកុង ដែល​ជា​សមាជិក​មួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​សម្រេច​ផ្តើម​នីតិវិធី ដើម្បី​ដោះស្រាយ​ជម្លោះ ជាមួយ​អាមេរិក​តាមផ្លូវច្បាប់។ នៅ​ថ្ងៃ​អង្គារ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​សម្រេច​ដឹងលឺ បណ្តឹង​របស់​ហុងកុង និង​បាន​អនុញ្ញាត ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ បើក​ការពិភាក្សាគ្នា ជាផ្លូវការ។ ជារួម អាមេរិក​មានពេល រហូត​ដល់​១ខែ ដើម្បី​ចរចា ជាមួយ​ហុងកុង។ ប៉ុន្តែ ក្នុង​ករណី អាមេរិក​មិន​ឆ្លើយតប ឬ ការចរចា​មិន​បាន​ឈាន​ដល់​ការចុះសម្រុងគ្នា នោះ សំណុំរឿង ផលិត នៅ​ហុងកុង ត្រូវ​បញ្ជូន ទៅ​ក្រុមអ្នកជំនាញ ដែល​មាន​បន្ទុក​ដោះស្រាយ​ជម្លោះពាណិជ្ជកម្ម។

បណ្តឹង​របស់​ហុងកុង ទៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក ធ្វើឡើង នៅមុន​ពេល​ដែល​វិធានការ​របស់​អាមេរិក​ដែលតម្រូវ​ឲ្យ​ទំនិញ​ហុងកុង ដាក់​ស្លាកសញ្ញា ផលិតនៅ​ប្រទេស​ចិន ​ត្រូវ​ចូល​ជាធរមាន ចាប់ពី​ថ្ងៃ​ទី​១០​វិច្ឆិកា​ខាងមុខ។

កន្លងមក ទាំង​ចិន និង​អាជ្ញាធរ​ហុងកុង ធ្លាប់​អះអាងថា ទណ្ឌកម្ម​របស់​អាមេរិក នឹង​មិន​ជះឥទ្ធិពល​អាក្រក់ ដល់ សកម្មភាព​ធ្វើ​ជំនួញ នៅហុងកុង ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏សំខាន់​នោះទេ។ សម្រាប់​អាជ្ញាធរ​ហុងកុង ទំនិញ​ហុងកុង ដែល​នាំចូល​ទៅអាមេរិក មាន​ប្រមាណ តែ ៤៨០លាន​ដុល្លារ​ប៉ុណ្ណោះ ពោល គឺ​មិន​ដល់ ១ភាគរយ នៃ​ផលិតផល​នាំចេញ​សរុប​របស់​ហុងកុង​ផង។

សូមបញ្ជាក់ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលត្រូវ​បង្កើតឡើង នៅ​ឆ្នាំ ១៩៩៥ មានស្ថាប័ន​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ ជា​អ្នក​ទទួល​បណ្តឹង និង​ជា​អ្នក​កាត់ក្តី​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក។ ប៉ុន្តែ ស្ថាប័ន​អន្តរជាតិ​មួយនេះ បាន​កា្លយ​ជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ​របស់​លោក​ត្រាំ​ដែល​បាន​ចោទប្រកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា លំអៀង​ទៅ​រក​ចិន និង​តែងកាត់ក្តី ឲ្យ​អាមេរិក​ចាញ់ ច្រើនជាងឈ្នះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ