អានតួអត្ថបទ
ចិន-ភ្លុកដំរី

តុលាការចិន​កាត់ទោស មេឈ្មួញ​ជួញដូរភ្លុកដំរី ឲ្យ​ជាប់ពន្ធនាគារ អស់​មួយជីវិត

ទើបមាន​ជាលើកទី១ នៅ​ប្រទេស​ចិន មនុស្ស​១៧នាក់ ត្រូវបាន​តុលាការ​ក្រុង​ក្វាងចូវ ផ្តន្ទាទោស​ធ្ងន់ធ្ងរ ពីបទ ជួញដូរ​ភ្លុកដំរី និង​ស្នែងរមាស ចូល​ទឹកដីចិន។ តាម​សេចក្តីប្រកាស​របស់​តុលាការ នៅ សប្តាហ៍នេះ មនុស្ស ២នាក់ ដែល​ជា​មេក្លោង​នៃ​បណ្តាញ ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ត្រូវ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ 

មន្រ្តីចិន​ឈរមើល​អ្នករៀបចំទុកដាក់​ភ្លុកដំរី​ដែលគេ​រឹបអូសបាន​ពីក្រុមឈ្មួញជួញដូរ​ ដើម្បី​ដុតបំផ្លាញចោលនៅ​ឆ្នាំ ២០១៥
មន្រ្តីចិន​ឈរមើល​អ្នករៀបចំទុកដាក់​ភ្លុកដំរី​ដែលគេ​រឹបអូសបាន​ពីក្រុមឈ្មួញជួញដូរ​ ដើម្បី​ដុតបំផ្លាញចោលនៅ​ឆ្នាំ ២០១៥ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ទាំង ១៧​នាក់​ដែល ត្រូវ​តុលាការ​ក្រុង​ក្វាងចូវ សម្រេច​ដាក់ទោសដ៏ធ្ងន់ នៅ​សប្តាហ៍នេះ ជា​សមាជិក​របស់​បណ្តាញជួញដូរ ភ្លុកដំរី ដ៏ធំ ដែល​អាជ្ញាធរ ចិនទើប​បំបែក ចាប់បាន។ ពួកគេ​មាន​ចំណែក​ចូលរួម ក្នុង​ការជួញដូរ​ខុសច្បាប់ ភ្លុកដំរី ប្រមាណ ២០តោន ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨។ ទំនិញភ្លុកដំរី ដែល​មាន​តម្លៃ សរុប ១២៥លាន​អឺរ៉ូ និង​មាន​ប្រភព​មក​ពី​ប្រទេស​នីហ្សេរីយ៉ា និង​ប្រទេស​មួយចំនួន​ទៀត ត្រូវ​បាន​ដឹកឆ្លងកាត់​សិង្ហបុរី និង​កូរ៉េខាងត្បូង មុននឹងត្រូវ​លួចលាក់ នាំ​ចូល​ទៅ​ប្រទេស​ចិន។

តាម​សេចក្តីប្រកាស​របស់​តុលាការ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះជា​ការជួញដូរ​ភ្លុកដំរី ដ៏ធំមិនធ្លាប់​មាន​ចាប់តាំង​ពី​ការកកើត សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ ឆ្នាំ ១៩៤៩។

នៅក្នុងចំណោម​ពួកឈ្មួញ​១៧នាក់ មាន​១៥ នាក់ ត្រូវ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ ពី​២ ទៅ ១៥​ឆ្នាំ សម្រាប់​បទចោទប្រកាន់ ជួញដូរ​ខុសច្បាប់ ភ្លុក និង​ស្នែងរមាស។ ចំណែក ២នាក់ ដែល​ជា​មេក្លោង របស់​បណ្តាញ​ជួញដូរ ភ្លុកដំរី ត្រូវ​ទទួល​ទោសធ្ងន់ជាងគេ រហូត​ដល់​ជាប់ពន្ធនាគារ​មួយជីវិត។

សម្រាប់​លោក​មេធាវី Li Zongsheng ដែលជំរុញ ឲ្យ​មាន​ការពង្រឹង​ច្បាប់​តឹងតែង ដើម្បីការពារ​សត្វព្រៃ ការដាក់ទោស​ឧក្រិដ្ឋជន​ជួញដូរ​សត្វព្រៃ ខុសច្បាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត ជា​រឿង​មិនធ្លាប់​មាន​នៅប្រទេស​ចិន។ កន្លងមក ឈ្មួញជួញដូរ​សត្វព្រៃ ដែល​ទទួល​សារភាពកំហុស ត្រូវ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ពី ៥​ទៅ ១០​ឆ្នាំ​តែប៉ុណ្ណោះ។ ការផ្តន្ទាទោស​ឈ្មួញខុសច្បាប់​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត អាច​ជា​សារមួយ​បង្ហាញ​ថា អាជ្ញាធរ​ចិន ពិតជា​ចង់​លុបបំបាត់ ចោល ការជួញដូរភ្លុក ដំរី ខុសច្បាប់ ក្នុង​ប្រទេស។

ប្រទេស​ចិន​ធ្លាប់​ជា​ទីផ្សារភ្លុកសត្វដំរី ធំជាងគេ​ក្នុង​ពិភពលោក បាន​ចាប់​ហាមឃាត់​មិនឲ្យ​នាំចូល​ភ្លុកដំរី នៅ​ចុងឆ្នាំ ២០១៧។ តាម​អង្គការ​ការពារ​សត្វព្រៃ WWF សត្វដំរី ប្រមាណ ២ម៉ឺនក្បាល ត្រូវ​គេ​សម្លាប់ ក្នុង​មួយឆ្នាំៗ ដើម្បី​យកភ្លុក នៅមុន​ច្បាប់ហាមឃាត់​របស់​ប្រទេស​ចិន។ ការបិទទីផ្សារ​នៅប្រទេស​ចិន អាច​កាត់បន្ថយ​បាន​ខ្លះ ប៉ុន្តែ ការជួញដូរ​នៅតែមាន សម្រាប់ ផ្គត់ផ្គង់​ទីផ្សារ​ងងឹត និង​ទីផ្សារ បរទេស ដូចជា​នៅ​ជប៉ុន ថៃ និង​វៀតណាម ជាទី​ដែល​ប្រជាជន​ចិន ជីវភាព មធ្យម​ស្វែងរក ទិញ វត្ថុ​ធ្វើ​ពី​ភ្លុកដំរី ដូចជា ត្រា ចង្កឹះ ឬ រូបព្រះ សម្រាប់​ការសន្សំទុក សមុច្ច័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ