អានតួអត្ថបទ
ចិន

ចិន​នឹង​ហាមឃាត់​រាល់​ការ​ជួញដូរ​ភ្លុក​ទាំងស្រុង​ឲ្យបាន​ត្រឹម​ដំណាច់ឆ្នាំ​២០១៧

រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ឲ្យដឹង កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួន​នឹង​ធ្វើការ​ហាមឃាត់​​នូវ​រាល់​ការ​ជួញដូរ​ភ្លុក​សត្វ​ឲ្យ​បាន​ទាំងស្រុង​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧។ វិធានការ​ដែល​ត្រូវ​បាន​សកម្មជន​ការពារ​ត្វព្រៃ​​អបអរ​សាទរ ដោយចាត់ទុក​ថា​ជា​ជំហាន​ដ៏សំខាន់​មួយ នៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​ការពារ​សត្វដំរី ពីព្រោះ​ថា ចិន​គឺ​ជា​ទិសដៅ​ដ៏​ធំបំផុត​នៃ​ការ​ជួញដូរ​ភ្លុក​ដំរី ដែល​បាន​ពី​ការ​បរបាញ់​ដោយ​ខុសច្បាប់ ជាពិសេស ដំរី​នៅ​អាហ្វ្រិក។

រូបចម្លាក់​សត្វនាគ​ដែល​ធ្វើ​ពី​ភ្លុក​ដំរី។ រដ្ឋាភិបាល​ចិន​ប្រកាស​ហាមឃាត់​រាល់​ការ​ជួញដូរ​ភ្លុក​ដំរី ទាំង​ភ្លុក​មិនទាន់​ច្នៃ និង​វត្ថុ​ធ្វើ​ពី​ភ្លុក​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧
រូបចម្លាក់​សត្វនាគ​ដែល​ធ្វើ​ពី​ភ្លុក​ដំរី។ រដ្ឋាភិបាល​ចិន​ប្រកាស​ហាមឃាត់​រាល់​ការ​ជួញដូរ​ភ្លុក​ដំរី ទាំង​ភ្លុក​មិនទាន់​ច្នៃ និង​វត្ថុ​ធ្វើ​ពី​ភ្លុក​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧ Getty Images / Kris Krüg
ផ្សាយពាណិជ្ជកម្ម

ចិន ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ការជួញដូរ​អន្តរជាតិ​នៃ​សត្វនិង​រុក្ខជាតិ​ដែល​ប្រឈមមុខ​នឹង​ការ​ផុតពូជ ធ្លាប់​បាន​ចាត់វិធានការ​ជាច្រើន​រួចមកហើយ ទាក់ទង​នឹង​ការហាមឃាត់​ការ​​នាំចូល​ភ្លុក​ពី​ក្រៅប្រទេស ក៏ប៉ុន្តែ អនុញ្ញាត​ឲ្យ​មាន​ការ​ជួញដូរ​ភ្លុក​នៅ​ក្នុង​ស្រុក។

បម្រាម​ដែល​រដ្ឋាភិបាល​ចិន​ប្រកាស​ដាក់ចេញ កាល​ពីថ្ងៃ​សុក្រ គឺ​ទាក់ទង​នឹង​ការជួញដូរ​គ្រប់​ទម្រង់​ទាំងអស់ ទាំង​ការនាំចេញនាំចូល និង​ការ​ជួញដូរ​នៅ​ក្នុង​ស្រុក ទាំង​ការ​ជួញដូរ​ភ្លុក​មិនទាន់ច្នៃ និង​ការជួញដូរ​វត្ថុ​ដែល​ធ្វើ​ពី​ភ្លុក លើកលែង​តែ​វត្ថុ​បុរាណ​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ កាល​ពីម្សិលមិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់ថា ការហាមឃាត់​ទាំងស្រុង​នូវ​ការ​ជួញដូរ​ភ្លុក​ដំរី​នេះ គឺ​ធ្វើឡើង នៅ​ក្នុងគោលដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​សត្វដំរី ហើយ​ថា ការហាមឃាត់​ការជួញដូរ​ភ្លុក និង​សកម្មភាព​ច្នៃ​ភ្លុក នឹង​ត្រូវ​ធ្វើ​​ជា​ដំណាក់កាលៗ​ចាប់ពីពេលនេះ​ទៅ ដោយ​ទីតាំង​ច្នៃភ្លុក និង​ហាងលក់​ភ្លុក​មួយ​ក្រុម​ដំបូង​នឹង​ត្រូវ​​បញ្ជា​ឲ្យ​បិទទ្វារ​នៅ​ត្រឹម​ថ្ងៃ​ទី៣១​ខែមីនា ចំណែក​ឯ​ទីតាំង​ផ្សេងទៀត​នឹង​ត្រូវ​បិទទ្វារ​ជា​បន្តបន្ទាប់ ទៅតាម​កាលវិភាគ​កំណត់​ដោយ​រដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​ការ​ហាមឃាត់​​ការ​ជួញដូរ​ភ្លុក​ទាំងស្រុង នៅ​ត្រឹម​ដំណាច់​ឆ្នាំ២០១៧​ខាងមុខ។

យោងតាម​ការ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន ស៊ីនហួ បម្រាម​របស់​រដ្ឋាភិបាល​នឹង​ត្រូវប៉ះពាល់​ទៅដល់​ក្រុមហ៊ុន​ច្នៃភ្លុក​ចំនួន ៣៤ និង​ហាងលក់​ភ្លុក​ធំៗ​ចំនួន ១៤៣​ នៅ​ទូទាំង​ប្រទេស។

គួរបញ្ជាក់ថា ចិន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទីផ្សារ​ភ្លុក​ដំរី​ដ៏ធំជាង​គេ​បង្អស់​នៅលើ​ពិភពលោក ដោយសារ​តែ​នៅចិន ភ្លុក​គឺ​ជា​វត្ថុ​ដ៏មាន​តម្លៃ​ដែល​គ្រប់គ្នា​ចង់​បាន។ នៅចិន ភ្លុក​ដំរី​មួយគីឡូ​អាច​មាន​តម្លៃ​នៅលើ​ទីផ្សារ​រហូតដល់​ទៅ​ជាង ១ពាន់​អឺរ៉ូ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន​ត្រូវ​ក្លាយ​ជា​ទិសដៅចម្បង​បំផុត​នៃ​ការ​ជួញដូរ​ភ្លុក​ដំរី​​ ដែល​បាន​ពី​ការ​បរបាញ់​ដោយ​ខុសច្បាប់ ជាពិសេស ដំរី​នៅ​អាហ្វ្រិក។

យោងតាម​អង្គការ​ពារ​សត្វព្រៃ WWF ​គ្រាន់តែ​ក្នុងរយៈពេល​មួយឆ្នាំ ​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ ​មាន​ដំរី​រហូតដល់​ទៅ​ជាង​២ម៉ឺន​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​យក​ភ្លុក ​ហើយ​គិតជា​សរុប​នៅ​ទូទាំង​ពិភពលោក សត្វដំរី​នៅ​សល់តែ​ប្រមាណ​ជា​ ៤១៥ ០០០​ក្បាល​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ