អានតួអត្ថបទ
ឥណ្ឌូណេស៊ី-គ្រោះថ្នាក់យន្តហោះ

អ្នក​ជំនាញ​ថា​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ឥណ្ឌូណេស៊ី​មាន​ភាព​មិន​ប្រ​ក្រ​តី​មុន​ពេល​ជួប​គ្រោះ​ថ្នាក់

យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ឥណ្ឌូណេស៊ី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​បញ្ហា​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​បិទ​បើក​។ យន្តហោះ​​ចំណាស់​វ័យ​ ២៦ ឆ្នាំ​នេះ​ទទួលការជួស​ជុល​​ច្រើន​ដង​មុននឹង​ជួប​គ្រោះថ្នាក់​ធ្លាក់​ចូល​សមុទ្ទ​ និង​បាន​នាំ​យក​ទៅ​ជាមួយ​ផងដែរ​នូវ​ជីវិត​អ្នក​ដំណើរ​សរុប​ទាំងអស់​ ៦២ នាក់​ កាលពី​មួយខែមុន​។ យ៉ាងណាក៏ដោយ​ ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី១០ កុម្ភៈ​ ថា មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ធ្លាក់​យន្ត​ហោះ​នៅតែ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​។

ទាហានឥណ្ឌូណេស៊ីឈរនៅពីមុខគំនរបាក់បែកនៃយន្តហោះដែលបានធ្លាក់ចូលសមុទ្ទជ្វាក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅកំពង់ផែ Tanjung Priok ក្នុងទីក្រុងហ្សាការតា នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១។
ទាហានឥណ្ឌូណេស៊ីឈរនៅពីមុខគំនរបាក់បែកនៃយន្តហោះដែលបានធ្លាក់ចូលសមុទ្ទជ្វាក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅកំពង់ផែ Tanjung Priok ក្នុងទីក្រុងហ្សាការតា នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១។ REUTERS - WILLY KURNIAWAN
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​ខុស​ប្រក្រតី​នៃ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ម៉ាស៊ីន​យន្ត​ហោះ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្រីវីចាយ៉ា​ (Sriwijaya Air) ត្រូវបាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​បឋម​មួយ​ស្តីពី​ការ​ធ្លាក់យន្តហោះ​កាលពីខែមុន ពោលគឺធ្លាក់កាលពីថ្ងៃទី៩ មករា​ ឆ្នាំ២០២១​។

យន្ដហោះវ័យ​ ២០ ឆ្នាំ​ផ្លាយ​របស់​ឥណ្ឌូណេស៊ី​បាន​ធ្លាក់​ចុះ​កម្ពស់​ប្រមាណ​ ៣ពាន់​ម៉ែត្រ ​ចូល​ក្នុងទឹក​សមុទ្ទ​ជ្វា​ ក្រោយ​ហោះហើរ​ចេញ​ពី​ទី​ក្រុង​ហ្សាការតា​បាន​រយៈពេលតែ ៤ នាទីប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ​ ក្រុមអ្នក​មុជទឹក​នៅតែព្យាយាម​ស្វែងរក​ឧបករណ៍​ថត​សំឡេង​ដែល​មាន​បំពាក់​ក្នុង​យន្តហោះ​ដើម្បី​ជួយ​ដល់​ដំណើរការ​ស៊ើបអង្កេត​ឲ្យឆាប់​ទទួល​បាន​លទ្ធផល​។

ដោយឡែក​ នៅថ្ងៃពុធ​ ទី១០ កុម្ភៈ​ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយ​ថា​ ពួកគេ​កំពុង​តាម​ដាន​ស៊ើប​អង្កេតពី​ប្រព័ន្ធ​បិទ​បើក​ស្វ័យប្រវត្តិ​ នៅពេលដែល​ពួកគេ​ចេញ​ផ្សាយ​លទ្ធផល​ស៊ើប​អង្កេត​បណ្តោះ​អាសន្ន​ និង​ថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​ក៏​អាច​ជាកំហុស​របស់មនុស្ស​ដែរ​។

យោងទៅតាម​លទ្ធផល​ស៊ើបអង្កេតដដែលខាងលើ​ បុគ្គលិក​យន្តហោះ​ឥណ្ឌូណេស៊ី​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ស្រីវីចាយ៉ាបាន​ឲ្យដឹង​ថា​ប្រព័ន្ធ​បិទបើក​ស្វ័យប្រវត្តិ​នេះ​ត្រូវ​បាន​ជួលជុល​ជាច្រើន​ដង​ មុន​យន្តហោះ​ជួប​គ្រោះថ្នាក់​ធ្លាក់​ចូល​សមុទ្ទ​។

លោក​នួរកាយូ អ៊ុតូម៉ូ​ (Nurcahyo Utomo) អ្នក​ស៊ើបអង្កេត​ម្នាក់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព​ដឹក​ជញ្ជូន​​ជាតិឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា​ ផ្នែកខាង​ឆ្វេង​នៃ​ប្រព័ន្ធ​ម៉ាស៊ីន​បិទបើក​បានធ្វើ​ដំណើរ​ថយ​ក្រោយ​យ៉ាងខ្លាំង​ ខណៈ​ប្រព័ន្ធ​ម៉ាស៊ីន​ផ្នែក​ខាងស្តាំ​វិញ​នៅជាប់ជាំង​ គ្មានចលនា​អ្វីទាំងអស់​។

យ៉ាងណាក៏ដោយ​ លោកថា​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ នៅមិនទាន់​អាច​សន្និដ្ឋាន​អ្វីបាន​នៅ​ឡើយ​ទេ ជុំវិញមូលហេតុ​ដែល​អាចបណ្តាលឲ្យ​មាន​បញ្ហា​ខុស​ធម្មតាបែប​នេះ​។ ហើយ​ដើម្បី​អាច​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់យន្តហោះ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ កំពុង​បន្ត​ការ​ស៊ើបអង្កេត​យ៉ាងស្វិតស្វាញ​ និង​ដោយ​មានការចូលរួម​ផងដែរពី​ក្រុមការងារ​មកពីក្រុម​ប្រឹក្សាសុវត្ថិភាព​ដឹកជញ្ជូន​ជាតិ​សហរដ្ឋអាមេរិក​ រួមជាមួយនឹង​បុគ្គលិក​មកពី​ក្រុមហ៊ុន​ប៊ូអ៊ីង និង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ