អានតួអត្ថបទ
រដ្ឋប្រហារភូមា-អាស៊ាន

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ទាមទារ​ឲ្យ​អាស៊ាន​កោះប្រជុំបន្ទាន់​ដើម្បី​និយាយពីអំពើហិង្សានៅភូមា

ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ ភូមា​កាន់តែ​លង់ខ្លួន​ទៅក្នុង​វិបត្តិ​នយោបាយ​ដែល​កើតចេញ​មកពី​រដ្ឋប្រហារ​យោធា ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ នៅថ្ងៃ​សៅរ៍នេះ បាតុករ​ដើម្បី​ប្រជាធិបតេយ្យ​ភូមា នៅតែ​បន្ត​ចុះថ្នល់ ធ្វើ​បាតុកម្ម និង​ប្តេជ្ញា​រួចហើយថា ពួកគេ​នឹង​បន្ត​តស៊ូ​រហូតដល់​ដំណាក់កាល​ចុងក្រោយ ទោះមាន​ការបង្ក្រាបសម្លាប់​មនុស្ស​ពី​សំណាក់​កងទ័ព​ភូមា។ អំពើ​ហិង្សា​សម្លាប់​បាតុករ​ភូមា​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដូចជា ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ចេញ​មុខ ថ្កោលទោស និង​ជំរុញ​ឲ្យ​មានការកោះប្រជុំបន្ទាន់ ដើម្បី និយាយ​ពី វិបត្តិនៅភូមា។

ទោះមានការបង្រ្កាបហិង្សា​របស់កងទ័ព បាតុករភូមា នៅតែ​តស៊ូ ធ្វើបាតុកម្ម​រហូត​ដល់​ដំណាក់កាលចុងក្រោយ ដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យ​នៅភូមា។ បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី ២០​មីនា ២០២១
ទោះមានការបង្រ្កាបហិង្សា​របស់កងទ័ព បាតុករភូមា នៅតែ​តស៊ូ ធ្វើបាតុកម្ម​រហូត​ដល់​ដំណាក់កាលចុងក្រោយ ដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យ​នៅភូមា។ បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី ២០​មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​សមាជិក​អាស៊ាន​ដែល​ប្រកាន់ទម្លាប់​មិន​លូកដៃ​ចូលកិច្ចការផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ដទៃទៀត នៅទីបំផុត​បាន​បញ្ចេញ សំឡេង​របស់ខ្លួន ទាក់ទង​នឹង​អំពើហិង្សា​នៅ​ប្រទេស​ភូមា។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ចេញ​មុខ ទាមទារ​ឲ្យ​គេ​ស្តារឡើងវិញ លទ្ធិប្រជាធិបតេយ្យ សន្តិសុខ និង​បិទបញ្ចប់​អំពើហិង្សា នៅ​ភូមា។

លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ហ្សូកូ វីដូដូ​អះអាងដែរថា លោក​នឹង​ទាក់ទង​ទៅ​ព្រះចៅ ស៊ុលតង់ ព្រុយណេ ដែល​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​នៅ​ឆ្នាំនេះ ឲ្យ​កោះប្រជុំ​បន្ទាន់​ដើម្បី​និយាយ​ពី​បញ្ហា​នៅ​ភូមា។

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Muhyiddin Yassin វិញ​បាន​ថ្លែងថា លោក​គាំទ្រឲ្យ​អាស៊ាន​កោះប្រជុំ​បន្ទាន់ ព្រោះថា ម៉ាឡេស៊ី និង​សហគមន៍​អាស៊ាន​មិនអាច​ឱបដៃ ឈរមើល​ប្រទេស​បងប្អូន​ជិតខាង​រង្គោះរង្គើ ជួប​អស្ថិរភាព ដោយសារ​តែ​កណ្តាប់ដៃ​របស់​មនុស្ស​មួយក្រុម​តូចនោះទេ។ មនុស្ស​មួយក្រុមតូច​ដែល​គិត​តែ​ចង់ ចម្រើន​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ នេះ​បើតាម​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។

ចាប់តាំង​ពី​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ចូល​កាន់អំណាច​នៅភូមា ភូមា​បាន​ធ្លាក់ខ្លួន​កាន់តែ​ឯកោរ ចំណែក​កងទ័ព​ភូមាជាប់ រង​ទណ្ឌកម្ម​កាន់តែ​ច្រើន​ពី ប្រទេស​លោកខាងលិច។ បន្ទាប់​ពីអាមេរិក សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​មេដឹកនាំ​ទ័ពភូមា សហភាព អឺរ៉ុប ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ បញ្ជីឈ្មោះ មេទ័ព​ភូមា ១១​រូប​ដែល​ត្រូវជាប់ទណ្ឌកម្ម​របស់​អឺរ៉ុប ដោយសារ បាន​ចូលរួម បង្រ្កាប ទៅលើ​បាតុករ​ស៊ីវិល នៅ​ភូមា។

តាម​ប្រភពមន្រ្តីទូត​អឺរ៉ុប ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP សហភាព​អឺរ៉ុប​នឹង​ចាត់វិធានការ​ផងដែរ ដើម្បី រឹតបន្តឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​របស់​សមាជិក​របបសឹកភូមា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​អង់តូនីញ៉ូ ហ្គុយទែរក៍​បាន​សរសេរ​សារទ្វីត​នៅ​ថ្ងៃ​សៅរ៍នេះ ទាមទារ​ឲ្យ​អន្តរជាតិ ចាត់វិធានការ​ខ្លាំង និង​រួមគ្នា​មួយ​ដើម្បី ដោះស្រាយ​វិបត្តិភូមា។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ការសម្លាប់​បាតុករ​សន្តិភាព គ្មានអាវុធ​ក្នុង​ដៃ ការចាប់ខ្លួន​មនុស្ស​ក្រៅផ្លូវច្បាប់ ដែលនៅក្នុង​នោះ​មានផងដែរ អ្នកកាសែត ឯករាជ្យ គឺ​ជា​រឿង​ដែល​គេ​មិនអាច​ទទួល​យកបាននោះទេ។

អ្នកកាសែត​ភូមា ម្នាក់ ដែល​ធ្វើការ​ឲ្យ​ទូរទស្សន៍ អង់គ្លេស​BBC ត្រូវ​បាន​ទាហាន​ភូមា​ចាប់ឃាត់ខ្លួន ចំណែក អ្នកនាំពាក្យ​របស់​គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវ​ទាហាន​ចាប់ឃុំខ្លួន​ដែរ នៅ​ថ្ងៃ​សុក្រ។ តាមអ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​ភូមា យ៉ាងតិច​មនុស្ស​ជាង ២៤០០នាក់ ត្រូវ​អាជ្ញាធរ​ភូមា​ចាប់ខ្លួន​ចំណែកតុល្យការ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ការបង្រ្កាប និង​អំពើហិង្សា របស់​កងទ័ពភូមា បាន​កើនឡើង​ដល់ យ៉ាងតិច ២៣០នាក់ គិត​ចាប់តាំង​ពី​ថ្ងៃធ្វើ​រដ្ឋប្រហារ​នៅ​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ