អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អ្នកជំនាញ៖ភេរវកម្មនៅឥណ្ឌូណេស៊ីមិនមែនជាសញ្ញាកើនឡើងនៃចលនាអ៊ីស្លាមជ្រុលនិយមទេ

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មួយ​ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​វិហារ​សាសនា​កាតូលិក​មួយ​ក្នុង​ខេត្ត​ស៊ូឡាវ៉េស៊ី​នា​ប៉ែក​ខាង​កើត​ប្រទេស​មក ប៉ូលិស​បាន​ប្រកាស​ពី​អត្តសញ្ញាណ​របស់​សព​ភេរវជន​ដែល​មាន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ហើយ​ជនដៃដល់​ទាំង​ពីរ​នាក់​នេះ​ជា​សមាជិក​របស់​ចលនា​អ៊ីស្លាមជ្រុលនិយម​ឈ្មោះ Jamaah Ansharut Daulah ដែល​មាន​ទំនោរ​រក​អង្គការ​រដ្ឋអ៊ីស្លាម។ សូម​រម្លឹក​ថា ភេរវជនអត្តឃាត​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ក្លោងទ្វារ​វិហារ រួច​ទាញ​បំផ្ទុះ​គ្រាប់បែប​ជាប់​នឹង​ខ្លួន​គេ​នៅ​ពេល​ដែល​ក្រុម​គ្រិស្តបរិស័ទ​កំពុង​ដើរ​ចេញ​ពី​វិហារ។ តែ​សំណាង​ល្អ មាន​តែ​អ្នករងរបួស​យ៉ាង​តិច ២០នាក់។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ​បាន​ថ្លែង​ថា ភេរវកម្ម​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​បាន​អំពាវនាវ​ឲ្យ​ទាំង​អស់​គ្នា​ប្រឆាំង​នឹង​ភេរវកម្ម និង​មនោគមន៍វិជ្ជាជ្រុលនិយម។ ដោយឡែក លោក​រ៉េមី ម៉ាឌីនីយេ អ្នក​ស្រាវជ្រាវ​បារាំង និង​ជា​អ្នកជំនាញ​ប្រវត្តិសាស្រ្ត​អ៊ីស្លាម​ឥណ្ឌូណេស៊ី​បាន​យល់​ឃើញ​ថា ការ​វាយប្រហារ​ប្រភេទ​នេះ​មិនមែន​ជា​សញ្ញា​នៃ​កំណើន​ចលនា​អ៊ីស្លាមនិយមជ្រុល​នៅ​ឥណ្ឌូណេស៊ី​ទេ។

អ្នកជំនាញថា ភេរវកម្មនៅឥណ្ឌូណេស៊ីមិនមែនជាសញ្ញាកើនឡើងនៃចលនាអ៊ីស្លាមជ្រុលនិយមទេ
អ្នកជំនាញថា ភេរវកម្មនៅឥណ្ឌូណេស៊ីមិនមែនជាសញ្ញាកើនឡើងនៃចលនាអ៊ីស្លាមជ្រុលនិយមទេ AP - Yusuf Wahil
ផ្សាយពាណិជ្ជកម្ម

« គេ​បាន​មើល​ឃើញ​ជា​រួម​ថា​នៅ​ដើម​ទសវត្ស ២០០០ ឥណ្ឌូណេស៊ី​បាន​ទទួល​រង​នូវ​រលក​វាយប្រហារ​ភេរវកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​គួរ​ឲ្យ​កត់សម្គាល់។ តែ​តាំង​ពី​ពេល​នោះ​មក ចំនួន​ការ​វាយប្រហារ​ភេរវកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ក្រុម​ចលនាជ្រុលនិយម​បាន​ចុះ​ខ្សោយ ចំនួន​សមាជិក​ក៏​មាន​កាន់​តែ​តិច​ឡើង រចនាសម្ព័ន្ធ​ក៏​មិន​សូវ​មាន​ការ​រៀបចំ​ល្អ ហើយ​តាក់តិច​នៃ​ការ​វាយប្រហារ​ក៏​មិន​សូវ​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ដែរ។

ទន្ទឹម​គ្នា​នេះ កម្លាំង​ប៉ូលិស​តែង​បាន​ទប់ស្កាត់​មុន និង​បង្ក្រាប​បាន​មុន​ជានិច្ច​នូវ​គម្រោង​វាយប្រហារ​ភេរវកម្ម។ បន្ទាប់​មក ភេរវជន​ដែល​បាន​រៀបចំ​គម្រោង​វាយប្រហារ​ភេរវកម្ម និង​ត្រៀម​ធ្វើ​សកម្មភាព​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន ឬ​មួយ​ក៏​បាញ់​សម្លាប់​ចោល​តែ​ម្តង។ ចំណាត់ការ​របស់​កម្លាំង​ប៉ូលិស​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន និង​មាន​ការ​ចូលរួម​ពី​ប្រជាជន។

ការ​ចាប់​ខ្លួន​ភេរវជន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​រាយការណ៍​របស់​ប្រជាជន របស់​អ្នកជិតខាង។ ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ប្រជាជន​គ្មាន​ការ​អត់ឱនឲ្យ​ចំពោះ​ពួកជីហាត​នៅ​ឥណ្ឌូណេស៊ី​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ