អានតួអត្ថបទ
ឥណ្ឌូណេស៊ីបាត់នាវាមុជទឹក

តើនាវាមុជទឹក​ឥណ្ឌូណេស៊ីបាន​បាត់ខ្លួន​ទៅទីណា?

អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅបន្ត​រុករក នាវាមុជទឹក​របស់ខ្លួន មួយគ្រឿង ដែល​បាន​បាត់ខ្លួន កាល​ពី​ថ្ងៃ​ពុធ ទី ២១ មេសា។ តាមអ្នកនាំពាក្យ​របស់​កងទ័ព ជើងទឹក​ឥណ្ឌូណេស៊ី នាវាមុជទឹក ដែល​មាន ក្រុមធ្វើការ ចំនួន ៥៣នាក់ បាន​ដាច់ការទាក់ទង នៅ​អំឡុង​ពេល​ធ្វើ​សមយុទ្ធយោធា នៅ​ភាគខាងជើង​កោះបាលី។ បារាំង អាមេរិក អូស្ត្រាលី បាន​ជួយ​បេសកកម្ម រុករក​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចំណែក សិង្ហបុរី និង​ម៉ាឡេស៊ី ប្រទេស​ជិតខាង​ឥណ្ឌូណេស៊ី​ត្រូវ​បញ្ជូន កប៉ាល់ជួយ​សង្រ្គោះ ទៅក្នុង​តំបន់​ទឹក ជាទី​ដែល​នាវាមុជទឹក​ឥណ្ឌូណេស៊ី បាត់ខ្លួន កាលពី​ថ្ងៃ​ពុធ។

នាវាមុជទឹក​ឥណ្ឌណូណេស៊ី KRI Nanggala នៅមុន​បាត់ខ្លួន នៅថ្ងៃ ទី ២១​មេសា ២០២១ (រូបថត នាវាមុជទឹក​ថត​នៅក្បែរចាវ៉ា នៅ​ឆ្នាំ ២០១៤)
នាវាមុជទឹក​ឥណ្ឌណូណេស៊ី KRI Nanggala នៅមុន​បាត់ខ្លួន នៅថ្ងៃ ទី ២១​មេសា ២០២១ (រូបថត នាវាមុជទឹក​ថត​នៅក្បែរចាវ៉ា នៅ​ឆ្នាំ ២០១៤) © AP
ផ្សាយពាណិជ្ជកម្ម

តើ​នាវាមុជទឹក​ឥណ្ឌូណេស៊ី បាន​បាត់ខ្លួន​ទៅណា? មាន​ប្រវែង ជាង ៦០ម៉ែត្រ នាវាមុជទឹក ដែល​ផលិត​ឡើង​នៅ ប្រទេស​អាល្លឺម៉ង់ នៅ​ឆ្នាំ ១៩៧៨ បាន​បាត់ខ្លួន ជាមួយ សមាជិក​៥៣នាក់ កាលពី ថ្ងៃ​ពុធ។ តាម​មេបញ្ជាការ​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី នាវា​មុជទឹក ឈ្មោះ KRI Naggala លេខ ៤០២ បាន​ដាច់​ការទាក់ទង​ជាមួយ កងទ័ព​ឥណ្ឌូណេស៊ី នៅពេល វា​ត្រូវ​សាកល្បង បាញ់​គ្រាប់ នៅក្នុង​សមយុទ្ធ​យោធា ក្បែរ​កោះបាលី។

ភ្លាមៗ ហ្សាកាតា​បាន​បញ្ជូន នាវាចម្បាំង ទៅក្នុង​តំបន់​ទឹក​ដែល​នាវាមុជទឹក លេខ ៤០២​បាន​បាត់ខ្លួន។ នៅក្រោយ បញ្ជូន​នាវាមុជទឹក ២​គ្រឿង នាវាចម្បាំង ៤គ្រឿង និង​ឧទ្ធម្ភាគចក្រមួយគ្រឿង ទៅកាន់​កន្លែង ដែល គេកំណត់​បាន​សញ្ញា​ចុងក្រោយ​របស់ នាវាមុជទឹក លេខ ៤០២ កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​បាន​អះអាង​ ថា គេ​បាន​រកឃើញ ដាន​ប្រេង​ហៀរ នៅលើ​តំបន់​ទឹក​ដែល​ស្ថិតនៅ​ចម្ងាយ ៩៥​គីឡូម៉ែត្រ​ពី​កោះបាលី។ នៅ ថ្ងៃ​ព្រហស្បតិ៍ កប៉ាល់ និង​ក្រុមទាហាន​ជួយសង្រ្គោះ ប្រមាណ ៤០០​នាក់ ត្រូវ​បាន​បញ្ជូន​បន្ទាន់ ទៅ​កាន់​តំបន់​ទឹក ដែល​គេ​សង្ស័យ​ថា នាវាមុជទឹក​បាត់ខ្លួន។

បាត់ខ្លួន​ដោយសារ​បញ្ហា​បច្ចេកទេស ឬ​ដោយសារ​ការវាយប្រហារ​ពី​ខាងក្រៅ?

តាម​អ្នកនាំពាក្យ​របស់​របស់​កងទ័ពជើង​ឥណ្ឌូណេស៊ី ប្រេងហៀរ​ចេញ អណ្តែត​លើ​ទឹក អាច​ជាសញ្ញាថា នាវាមុជទឹក អាច​មាន​បញ្ហា លេចធ្លាយ​ធុងប្រេង ឬ​មួយ​ជា​សញ្ញា​ទាញ​អាសន្ន ដែល​ក្រុមធ្វើការ​ក្នុង​នាវាមុជទឹក បញ្ជូន​ចេញ​មកក្រៅ។ នៅក្នុង​ពេល​គេ​មិនទាន់​ដឹង​ពីមូលហេតុ​ដែល​ធ្វើ​ឲ្យ​នាវាមុជទឹក បាត់ខ្លួន ឥណ្ឌូណេស៊ី ខ្នះខ្នែង ដៃជើង ស្វែងរក​នាវាមុជទឹក ដើម្បី ជួយសង្រ្គោះ បុគ្គលិក​ធ្វើការ ក្នុងនោះ ឲ្យ​បាន​មុន ពេល​ខ្យល់អុកស៊ីសែន ត្រូវ​ដាច់អស់ នៅ​ព្រឹកថ្ងៃ​សៅរ៍ស្អែក។ មេបញ្ជាការ​កងទ័ព​ជើងទឹក​ឥណ្ឌូណេស៊ី​ឯណោះវិញ និយាយ​ថា នាវាមុជទឹក អាចស្ថិតក្នុង​ជម្រៅទឹក ៧០០ម៉ែត្រ។

អ្នកជំនាញបរទេស​ខាង​កងទ័ព​ជើងទឹក គ្មាន​សុទិដ្ឋិនិយមនោះទេ។ សម្រាប់​អ្នកជំនាញ អូស្ត្រាលី ខាង​ទាហាន​ជើងទឹក ស្ថិតក្នុង​ជម្រៅទឹក ៧០០​ម៉ែត្រ លទ្ធភាពជួយសង្រ្គោះ​ជីវិត​មនុស្ស​ក្នុង​នាវាមុជទឹក ស្តួចស្តើង​ខ្លាំងណាស់។ មេបញ្ជាការរង​កងទ័ពជើងទឹក​បារាំង លោក Antoine Beaussant បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ដើម្បី​អាធានា​ថា បុគ្គលិក​ក្នុង​នាវាមុជទឹក អាច​នៅ មាន​ជីវិត ប្រភេទ​នាវា​មុជទឹក​ឥណ្ឌូណេស៊ី អាច​ចុះ​ក្នុងជម្រៅទឹក ២៥០​ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ បើសិន វាធ្លាក់ចុះ​ជ្រៅ​រហូតដល់ ទៅ ៧០០​ម៉ែត្រ មាន​ឱកាស​ច្រើនណាស់ ដែល​ថា នាវាមុជទឹក អាច​ប្រេះបាក់ ជាពីរ ដោយសារ​សម្ពាធ​ទឹកសមុទ្រ។ នៅ ក្នុង​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍ អូស្ត្រាលី ABC រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ក្តីបារម្ភខ្លាំង​ពីអាយុជីវិត របស់អ្នកធ្វើការ​នៅក្នុង​នាវាមុជទឹក។ នេះជា​ស្ថានភាព​អាសន្ន សម្រាប់​ទាំង​គ្រួសារ​របស់​ពួកគេ ហើយនិង​សម្រាប់ កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី។

នេះជាលើក​ទី១ ដែល​ឥណ្ឌូណេស៊ី ជួបប្រទះ បញ្ហា បាត់​នាវាមុជទឹក។ ឥណ្ឌូណេស៊ី ដែល​ជាភាគី​មួយ​នៃ​ជម្លោះ​ដណ្តើម​ដែនទឹក​នៅ សមុទ្រ​ចិនខាងត្បូង បាន​ពង្រឹង សមត្ថភាព កងទ័ពជើងទឹក​របស់ខ្លួន នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ តាមរយៈ ការបំពាក់នាវា​មុជទឹក ៦គ្រឿង ឲ្យ​កងទ័ព​របស់ខ្លួន ដែលនៅក្នុង​នោះ ៥គ្រឿង​ផលិត​នៅ​អាល្លឺម៉ង់ និង​មួយគ្រឿងទៀត​នៅ កូរ៉េខាងត្បូង។ នាវាមុជទឹក​៤០២​ដែល​បាត់ខ្លួន នៅថ្ងៃ​ពុធ ជា​នាវាមុជទឹក​ផលិត នៅ​អាល្លឺម៉ង់ នៅ​ឆ្នាំ ១៩៧៨ មុន​នឹង​ត្រូវ​ជួសជុល កែលម្អ ធ្វើទំនើបកម្ម ២​ដង ដោយ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ