អានតួអត្ថបទ
ឥណ្ឌូណេស៊ី

នាវាមុជ​ទឹក​ឥណ្ឌូណេស៊ី​លិច រក​ឃើញ​បំណែក​ខ្លះលើ​ផ្ទៃ​ទឹក

នាវា​មុជ​ទឹក​ឥណ្ឌូណេស៊ី ដែល​បានបាត់​​ខ្លួន​ តាំង​ពី ថ្ងៃ​ពុធ ទី ២១​មេសា ជាមួយ​នាវិក​៥៣នាក់ បាន​លិច​ ក្នុង​បាត​សមុទ្ទ​ជម្រៅ​ប្រមាណ​៧០០​ម៉ែត្រ​។ នេះ​បើ​តាម​ការ​អះអាង​របស់មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅ​ថ្ងៃសៅរ៍​ទី ២៤​មេសា ២០២១ ដោយ​បញ្ជាក់​ថា​ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​បំណែក​នាវា​ច្រើន។

រកឃើញ​បំណែក​នាវា​មុជ​ទឹក​ឥណ្ឌូណេស៊ី KRI Nanggala 402 ដែល​បាត់​កាលពី​ថ្ងៃពុធទី ២១មេសា​២០២១
រកឃើញ​បំណែក​នាវា​មុជ​ទឹក​ឥណ្ឌូណេស៊ី KRI Nanggala 402 ដែល​បាត់​កាលពី​ថ្ងៃពុធទី ២១មេសា​២០២១ via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

ក្រុម​យោធា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​នាវា​មុជទឹក KRI Nanggala ​ ​ដែល​គេ​ទាក់ទង​លែង​បាន​តាំង​ពី​ថ្ងៃពុធ​ទី ២១មេសា បាន​រក​ឃើញ​បំណែក​របស់​នាវានេះ​​ជាច្រើន​ដុំ ក្នុង​នោះ​ ខ្លះ​ជា​បំណែក​នៃ​គ្រឿង​ក្នុងនាវាផង មាន​ជាអាទិ៍ បំណែក​ប្រព័ន្ធ​បាញ់​ ដប​ខ្លាញ់រំអិល​​សម្រាប់ប្រព័ន្ធ​កែវឆ្លុះ ឬ​កំរាល​សម្រាប់​នាវិក​អង្គុយ​សូត្រធម៌ ... មានន័យ​ថា​នាវាមុជទឹក​រងការ​ខូច​ខាត​ធ្ងន់ធ្ងរ​។ បំណែក​ខ្លះ​មិន​អាច​ខ្ទាត​ចេញ​មក​ក្រៅ ដោយ​គ្មានសម្ពាធពី​ខាងក្រៅ ឬ​ដោយ​គ្មានការ​ខូចខាត​ប្រព័ន្ធ​បាញ់​ទេ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់អ្នក​នាំពាក្យ​នៃ​​ទី​បញ្ជាការដ្ឋានកងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅ​ក្នុង​សន្និសីទ​កាសែត។

តាម​រយៈ​ការ​រក​ឃើញ​បំណែក​នេះ ឥណ្ឌូណេស៊ី បាន​សន្និដ្ឋាន​ថា​​នាវាមុជទឹក​បាត់​ខ្លួន​ទំនង​ជា​បានលិច នៅ​​ក្នុង​បាត​សមុទ្ទ​ជម្រៅ​ប្រមាណ​ពី ៧០០​ទៅ​៨០០​ម៉ែត្រ ដែល​ជា​កំរិត​ជ្រៅ​ជ្រុល​ ជាង​សមត្ថភាពរបស់​នាវា។ តាម​ក្បួន នាវា​មុជ​ទឹក​នេះ អាច​ចុះ​ទឹក​បាន​ត្រឹម​ជម្រៅ ៣០០​ទៅ ៤០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​ ​មិនអាច​ទ្រទ្រង់​នឹង​សម្ពាធ​ទឹក​បាន​ទេ នៅ​ធ្លាក់​ដល់​ជម្រៅជាងនេះ។ ដូច្នេះ​គេមិន​សង្ឃឹមថា​នាវិក​​ទាំង​៥៣​នាក់ អាច​នៅ​មានអាយុជីវិត​បាន​ទេ។ ម្យ៉ាង​ទៀត ជោគ​វាសនា​រួច​​ជីវិតមានកាត់​តែ​តិច​តួចខ្លាំង​ ព្រោះ​នាវា​មានបំរុង​​អុកស៊ីហ្សែន​សម្រាប់​តែ​៧២ម៉ោង​ប៉ុណ្ណោះ ដើម្បីសង្គ្រោះជីវិតក្នុង​ករណី​នាវា​​ត្រូវ​​​ដាច់​ភ្លើង​។ ប៉ុន្តែឥលូវ​ហួសម៉ោង​បាត់​ទៅ​ហើយ។

អ្នក​នាំពាក្យ​ដដែល​បានអះអាង​ជា​ថ្មី​ថា​នាវា​មុជ​ទឹកដែលផលិតនៅ​ឆ្នាំ​១៩៧៨ និង​ដែល​​​ឥណ្ឌូណេស៊ីបាន​ទទួលនៅ​ឆ្នាំ​១៩៨១ ​​​មាន​ដំណើរ​ល្អការ។ តែ​អាជ្ញាធរ​ដដែល​នេះ​​ មិន​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​អាច​កើត​មាន​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ​ទេ​​ ហើយ​ក៏មិន​ឆ្លើយ​បញ្ជាក់​ដែរ​ថា​ហេតុ​អ្វី​បាន​នាវាមាន​ផ្ទុក​នាវិកលើ​ចំណុះ​​ដល់​ទៅ​៥៣នាក់ មិនមែន​ជាង​៤០​នាក់​ដូច​កំណត់។

នាវា​មុជទឹក​ឥណ្ឌូណេស៊ី​ពុំ​ធា្លប់រង​​ជួប​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​ដូច្នេះ​ទេ​ពី​មុន​មក។ ប៉ុន្តែគ្រោះ​ថ្នាក់​លិច​បាត់​នាវា​មុជ​ទឹក​ស្លាប់​នាវិក​ ​មានកើត​ឡើង​ច្រើន​មក​ហើយ​នៅ​ក្នុង​​ប្រទេស​ផ្សេង។ កាលពី​ឆ្នាំ​២០០០ នាវា​មុជទឹក​បំពាក់​នុយក្លេអ៊ែរ​រុស្ស៊ី​បាន​លិច​ ពេលកំពុង​​ធ្វើ​សមយុទ្ធ​ បណ្តាលឱ្យ​នាវិក​១១៨នាក់​ស្លាប់។ កាលពី​ឆ្នាំ​២០១៧ នាវាមុជទឹក​អាហ្សង់ទីនមានផ្ទុក​នាវិក​៤៤នាក់ បាន​បាត់​ខ្លួន​​ឈឹង ​ក្រោយ​ពី​បើក​ចេញ​ចាក​ពី​ឆ្នេរ​បាន​ចម្ងាយ​៤០០​គីឡូម៉ែត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ