អានតួអត្ថបទ
ជប៉ុន-កូវីដ១៩-អូឡាំពិក

ជប៉ុនបន្ត​ភាព​​​អាសន្ន​កូវីដ១៩ ពលករ​ស្ម័គ្រចិត្ត​អូឡាំពិក​សុំ​​លាលែង​កាន់​តែ​ច្រើនឡើងៗ

ភាព​អាសន្ន​ដែល​កំពុង​ចូល​ធរមាននា​ពេល​នេះ​ នឹ​ង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃទី ២០មិថុនា ពោល​គឺ​តែ​មួយ​ខែ​គត់​មុន​ការ​បើក​កម្មវិធី​ប្រកួត​កីឡាអូឡាំពិក​។ ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់នាយករដ្ឋមន្ត្រី​ជប៉ុន​​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ឧសភា។ ​ស្ថានភាព​កូវីដ​១៩មិនធូរស្បើយ បាន​ជំរុញ​ឱ្យ​​ក្រុម​ស្ម័គ្រ​ចិត្ត​បម្រើក្នុង​កម្មវិធី​អូឡាំពិក​ ព្រួយ​បារម្ភខ្លាំង និង​នាំគ្នា​ បាន​នាំ​លាលែង​ពី​ការងារ​ កាន់​តែ​ច្រើនឡើងៗ។

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ដាក់​ក្រុង​តូក្យូនិង​តំបន់មួយ​ចំនួនក្នុង​ភាព​បន្ត​ទៀត​រហូត​ដល់​ថ្ងៃទី ២០មិថុនា
រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ដាក់​ក្រុង​តូក្យូនិង​តំបន់មួយ​ចំនួនក្នុង​ភាព​បន្ត​ទៀត​រហូត​ដល់​ថ្ងៃទី ២០មិថុនា REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

“នៅ​តូក្យូ និង​នៅ​អូសាកា ករណី​ឆ្លង​កូវីដ​១៩​ថ្មី​បានចាប់​​ថយ​ចុះហើយ តាំង​ពី​ពាក់កណ្តាលខែឧសភា​មក ប៉ុន្តែ​ស្ថានភាព​នៅ​មិន​ប្រាកដ​ទេ” នេះ​ជាប្រសាសន៍​របស់​ យូស្ហ៊ីហ៊ីដា ស៊ូហ្កា នាយករដ្ឋមន្ត្រី​ជប៉ុន បញ្ជាក់​អំពី​ហេតុផល​ដែល​រដ្ឋាភិបាល​សម្រេច​បន្ត​ប្រកាស​ដាក់​តំបន់​ជាង​១០ រាប់​ទាំង​តូក្យូ​មួយផង ក្នុង​ភាព​អាសន្ន​រហូត​ថ្ងៃទី ២០មិថុនា។

ជា​សរុប ​មួយភាគ​បីនៃ​ប្រទេស​ជប៉ុន​ស្ថិត​ក្រោម​ភាព​អាសន្ន។ ប៉ុន្តែ​វិធានការ​អាសន្ន​ជប៉ុន មិនតឹង​តែង​ខ្លាំង​​ដូច​បណ្តា​ប្រទេស​ដទៃ​នៅលើ​ពិភពលោកទេ គឺ​មាន​ត្រឹម​តែ​ជា​បម្រាម ឱ្យ​ ​អាហារដ្ឋានភោជនីដ្ឋាន បាររង្គសាល ឆាប់​បិទ​ទ្វារ​ ​មុន​ម៉ោង​កំណត់​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ការព្រួយ​បារម្ភ​និង​រិះគន់​មាន​ខ្លាំង​ជា​ពិសេស​ ចំពោះចំណាត់ការ​​ដ៏យឺតយ៉ាវខ្លាំង របស់​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ។ ​មកទល់​ពេល​នេះ​មានប្រជាពលរដ្ឋ​ជប៉ុន​មិន​ដល់​២,៥%​ផងបាន​ទទួល​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ម្ជុល។ ជាង​នេះ​ទៅ​ទៀត បើ​តាមការ​ព្យាករ​របស់​អ្នក​ជំនាញ រលក​ចម្លង​កូវីដ​១៩​លើក​ទី​បួន​អាចនឹងវាយបោក​លើ​ជប៉ុន​យ៉ាង​ពេញ​អំណាច​ នៅ​ពាក់កណ្តាល​ខែ​កក្កដា។ ពាក់កណ្តាល​ខែកក្កដា គឺត្រូវ​ចំ​ពេល​ដែល​តូក្យូ​ត្រូវ​ទទួល​រៀប​ចំ​កម្មវិធី​ប្រកួតកីឡា​អូឡាំពិក​តែ​ម្តង។ មាន​ន័យ​ថា​ពេល​នោះ មន្ទីរ​ពេទ្យ​អាច​នឹង​ត្រូវ​ចង្អៀត ខ្វះ​គ្រែ ខ្វះកម្លាំង​ និង​មិន​អាច​ទទួលគ្រប់​​អ្នក​ជំងឺ​មក​ព្យាបាល​បាន​ទេ។

ក្តីព្រួយ​បារម្ភនេះកំពុង​រីក​ធំធាត់​ជា​លំដាប់ និង​បាន​ជំរុញ​ឱ្យ​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​ចាប់​សុំ​លាលែង​ពី​តួនាទី។ ក្រៅ​ពី​គ្មានអ្វីមក​ធានាអះអាង​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្តនឹង​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ករណីឆ្លង​ហើយ​ធ្លាក់ខ្លួន​ឈឺ​​កូវីដ១៩ គ្មាន​ទេពន្លឺ​នៃ​សង្ឃឹម​ថា​​ពួក​គេ​អាច​នឹង​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​នាពេល​ឆាប់ៗ។

ក្រុមការងារ​ស្ម័គ្រ​ចិត្ត​បាន​បន្ទោស​អ្នក​រៀប​ចំ​កម្មវិធី​ថា​មើល​ស្រាល​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​កូវីដ១៩។ សារព័ត៌មាន​ជប៉ុន​ក៏​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​ដែរ​ ក្រុមការងារស្ម័គ្រ​ចិត្ត​គ្មានថ្នាំ​បង្ការ​ជាជនរងគ្រោះ​ទីមួយ​ ប្រសិនកម្មវិធី​កីឡា​ក្លាយ​ជា​ប្រភព​មហន្តរាយ​សុខភាព​​ផ្ទុះ​កូវីដ​មែន។

តាមការ​ពិត​ ជប៉ុន​មិន​សូវ​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ​១៩​ទេ។ គិត​ចាប់​តាំង​ពីវិបត្តិ​រាតត្បាត​សកលបាន​ផ្ទុះ​ឡើង ជប៉ុន​មាន​អ្នក​ឆ្លង​កូវីដ​សរុប​ជាង ៧សែន​២ម៉ឺន​៧ពាន់​នាក់ និង​ស្លាប់​ជាង​១២៥០០នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​១២៦លាននាក់។ រដ្ឋាភិបាល​ជប៉ុន​សន្យា​ចាក់វ៉ាក់សាំង​ជូនពលរដ្ឋ​អាយុ​លើស​ពី​៦៥​ឆ្នាំ​ទាំង​អស់​យ៉ាង​យូរ​ត្រឹម​ចុង​ខែ​កក្កដា និង​មានជំនឿ​ជាក់​ថា​ ការ​ប្រកួត​កីឡា​អូឡាំពិក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ “​សុខ និងសុវត្ថិភាព”៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ