អានតួអត្ថបទ
ហុងកុង-សារព័ត៌មាន

ប្រមុខដឹកនាំហុងកុង៖ ប្រព័ន្ធផ្សព្វផ្សាយ​មិនត្រូវ​ធ្វើវិទ្ធង្សនា បំផ្លិចបំផ្លាញ​រដ្ឋាភិបាល​នោះទេ

ប៉ុន្មានថ្ងៃ​ក្រោយ ប៉ូលិស​ហុងកុង ចូល​ឆែកឆេរ រឹបអូស​សម្ភារៈ និង ចាប់ឃុំខ្លួន អ្នកទទួលខុសត្រូវ កាសែត Apple Daily ដែល​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ហុងកុង​ កំពុង​ប្រឈម​នឹង​ការបិទទ្វារ​ទាំងស្រុង នៅសប្តាហ៍នេះ។ នៅថ្ងៃ​អង្គារ​ទី ២២​មិថុនា​នេះ ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បាន​ចេញមុខ​ការពារ​វិធានការ​ផ្លូវច្បាប់​ប្រឆាំង សារព័ត៌មាន Apple Daily និង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ហុងកុង​មិនបាន​សំដៅ​បិទខ្ទប់​សិទ្ធិ​សេរីភាព សារព័ត៌មាន នៅ​ហុងកុង​នោះទេ។

កាសែត​Apple Daily ដែល​ជាកាសែត​ប្រឆាំង ហុងកុង កំពុង​ប្រឈម​នឹង​ការបិទទ្វារ នៅក្រោយ អាជ្ញាធរ​ហុងកុង បង្កកទ្រព្យសម្បតិ្ត និង​ចាប់ខ្លួន អ្នកទទួលខុសត្រូវ​របស់​កាសែត កាលពី​ថ្ងៃ​ទី ១៧ មិថុនា ២០២១
កាសែត​Apple Daily ដែល​ជាកាសែត​ប្រឆាំង ហុងកុង កំពុង​ប្រឈម​នឹង​ការបិទទ្វារ នៅក្រោយ អាជ្ញាធរ​ហុងកុង បង្កកទ្រព្យសម្បតិ្ត និង​ចាប់ខ្លួន អ្នកទទួលខុសត្រូវ​របស់​កាសែត កាលពី​ថ្ងៃ​ទី ១៧ មិថុនា ២០២១ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

៥ថ្ងៃ​ក្រោយ អាជ្ញាធរ​ចូលរឹបអូស និង​ចាប់ឃុំ​ខ្លួន អ្នកទទួលខុសត្រូវ​របស់​កាសែត ប្រឆាំង Apple Daily ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បានចេញមុខ ការពារ​ចំណាត់ការ​របស់អាជ្ញាធរ​ហុងកុង ថា មិន​បានប៉ះពាល់​ដល់​សិទ្ធិសេរីភាព​សារព័ត៌មាន​នៅហុងកុង ដូចការចោទប្រកាន់​របស់​ក្រុមប្រទេស​លោកខាងលិច។

តាម​មេដឹកនាំ​ហុងកុង ដោយ​ប្រើចំណាត់ការ​ប្រឆាំង កាសែត Apple Daily អាជ្ញាធរ មិន​បាន​សំដៅ​ប្រឆាំង ការងារ​របស់​អ្នកកាសែត ធម្មតា​នោះទេ។ តាមលោកស្រី ការី ឡាំ Apple Daily កាសែតដែល​ចេញមុខ រិះគន់ មិនសំចៃមាត់ រដ្ឋអំណាច​ប៉េកាំង បាន​ប៉ុនប៉ង ជាច្រើនលើក ចុះផ្សាយ​អត្ថបទ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន។

សម្រាប់​ប្រមុខដឹកនាំ​ហុងកុង គេ​អាច​រិះគន់​រដ្ឋាភិបាល​ហុងកុង ដោយ​គ្មានបញ្ហា។ ប៉ុន្តែ បើសិន​គេ​មាន​ចេតនា​រៀបចំ សកម្មភាព ដែល​ញុះញង់​ឲ្យ​មាន​វិទ្ធង្សនា ប្រឆាំង​រដ្ឋាភិបាល នោះ គឺ​ជា​រឿង​ផ្សេង។

អាមេរិក និង​ប្រទេស​លោកខាងលិច មួយចំនួន​បាន​ប្រតិកម្ម​រិះគន់ និង​ចាត់ទុក ចំណាត់ការ​របស់​ប៉ូលិស​ហុងកុង ទៅលើ​កាសែត Apple Daily​ថា កំពុង​ធ្វើ​ឲ្យប៉ះពាល់ ដល់​សិទ្ធសេរីភាព​សារព័ត៌មាន និង​មុខមាត់​របស់​ហុងកុង ដែល​ធ្លាប់​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ដ៏ល្បីឈ្មោះមួយ។

នេះជាលើកទី១​ដែលអាជ្ញាធរ​ហុងកុង ប្រើ​ច្បាប់​ការពារ​សន្តិសុខជាតិ ដើម្បី វាយប្រហារ​វិស័យសារព័ត៌មានហុងកុង។ ប៉ុន្តែ ប្រមុខ​ដឹកនាំ​ហុងកុងផ្ទាល់ បិទភ្នែក មើល​មិនឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ នឹង​ជំរុញឲ្យ​កាសែត Apple Daily ដែលជាកាសែត​ចេញមុខ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ត្រូវ​បិទទ្វារ​នោះទេ។

បន្ទាប់ពី អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់២នាក់​ ត្រូវ​​តុលាការចោទប្រកាន់ ពីបទ ឃុបឃិត​ជាមួយបរទេស ឬ​ជាមួយ​ចរន្ត​នៅក្រៅ​ប្រទេស ដែល​នាំ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ នៅ​ថ្ងៃ​ចន្ទ បុគ្គលិក​មួយចំនួន របស់​កាសែត ចាប់ផ្តើម ប្រកាស បណ្តើរៗ កម្មវិធី​ផ្សាយ​ចុងក្រោយ របស់ខ្លួន ដូចជា ការផ្សាយព័ត៌មាន​លើ​អ៊ីនធ័រនែត ព័ត៌មាន​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ជាភាសា​អង់គ្លេស​ជាដើម។ សម្រាប់ លោក​Mark Simon ទីប្រឹក្សា ឯកជន​ម្នាក់ របស់​លោក​ជីមី ឡៃ ​មហាសេដ្ឋី និងជា​ ស្ថាបនិក កាសែត Apple Daily ដែលកំពុង​ជាប់ឃុំ ដោយសារ​បទចោទប្រកាន់ ជាច្រើន ទាក់ទង​នឹង​ការ​រៀបចំ​បាតុកម្ម នៅ​ហុងកុង នៅ​ឆ្នាំ ២០១៩ គ្មានប្រាក់ខែ កាសែត​ត្រូវ​បិទទ្វារ។

សូមបញ្ជាក់ថា ក្រៅតែ​ពីចូលរឹបអូស​សម្ភារៈ និង​ចាប់ខ្លួន​អ្នកទទួលខុសត្រូវ របស់​កាសែត Apple Daily  អាជ្ញាធរ​ហុងកុង បាន​បង្កកប្រាក់​ក្នុង​ធនាគារ របស់​កាសែត។ នៅ​ថ្ងៃ​ចន្ទ ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន មេ Next Digital ដែល​គ្រប់គ្រង​ពីលើ​កាសែត Apple Daily ​បាន​ស្នើសុំ​ឲ្យ​ការិយាល័យ សន្តិសុខ​ហុងកុង ឈប់បង្កកទ្រព្យសម្បត្តិ ដើម្បី ​អនុញ្ញាត​ឲ្យ​គេ​អាច​បើកប្រាក់ខែបុគ្គលិក​ឡើងវិញ។ បើមិនដូច្នេះទេ កាសែត ត្រូវ​សម្រេច​នៅ​ថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ ពី​ថ្ងៃ ចេញផ្សាយ​លេខ​ចុងក្រោយ របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ