អានតួអត្ថបទ
នូវែលសេឡង់

នូវែលសេឡង់​បង្កើន​៤ដង ប្រាក់ជំនួយ​អន្តរជាតិ​សម្រាប់​ជួយប្រទេស​ដែលប្រឈមខ្លាំង​នឹង​បញ្ហា​អាកាសធាតុ

១២​ថ្ងៃ​មុន​បើកសន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ ដែលត្រូវ​រៀបចំ​នៅប្រទេស​អង់គ្លេស នាយករដ្ឋមន្រ្តី​នូវែល​សេឡង់​បាន​ប្រកាស​បង្កើន ៤ដង ប្រាក់ជំនួយ​អន្តរជាតិ​សម្រាប់​បញ្ហា​អាកាសធាតុ។ នៅក្នុងសេចក្តី​ថ្លែងការណ៍​កាលពីថ្ងៃ​ចន្ទ ប្រមុខរដ្ឋាភិបាល​នូវែលសេឡង់ លោកស្រី ងហ្សាស៊ីនដា អារឌែន បានប្រកាស​ផ្តល់ប្រាក់ជំនួយ​សម្រាប់​ប្រទេស​ផ្សេងទៀត ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

រូបថត​កោះ Marshall  ដែល​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ដីកោះ​ប្រឈមខ្លាំង​នឹង​ការលិច​បាត់ទៅក្នុង​សមុទ្រ ដោយសារ​ការឡើងកំពស់ទឹក ដែលជា​លទ្ធផល​នៃការរលាយទឹកកក​ដោយសារ​​ផែនដីឡើងកំដៅ
រូបថត​កោះ Marshall ដែល​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ដីកោះ​ប្រឈមខ្លាំង​នឹង​ការលិច​បាត់ទៅក្នុង​សមុទ្រ ដោយសារ​ការឡើងកំពស់ទឹក ដែលជា​លទ្ធផល​នៃការរលាយទឹកកក​ដោយសារ​​ផែនដីឡើងកំដៅ AP - Seth Wenig
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ប៉ះប៉ូវ ការយឺតយ៉ាវ​របស់ខ្លួន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ នូវែលសេឡង់​បាន​បង្កើន ៤ដង ​ប្រាក់ជំនួយ​អន្តរជាតិ​សម្រាប់​ជួយ​បណ្តា​ប្រទេស​ដែល​មានប្រាក់ចំណូលទាប ឲ្យ​មាន​សមត្ថភាព​បង្ការ​ទប់ទល់ នឹង​ការខូចខាត ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

តាមការប្រកាស​របស់​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ លោកស្រី ហ្សាស៊ីនដា អារឌែន រដ្ឋាភិបាល​របស់​លោកស្រី​បានសម្រេច​ផ្តល់​ថវិកា ១,៣ពាន់លាន​ដុល្លារ នូវែលសេឡង់ ស្មើ​នឹង​ទឹកប្រាក់ ៩៣០លាន​ដុល្លារ​អាមេរិក ដល់​បណ្តា​ប្រទេស ​ដែល​កំពុង​ប្រឈម​បន្ទាន់​នឹង​ការប្រែប្រួល​អាកាសធាតុ។

នៅក្នុង​សេចក្តីថ្លែងការណ៍ល​កាលពីថ្ងៃចន្ទ លោកស្រីនាយករដ្ឋមន្រ្តី​នូវែលសេឡង់ បាន​អះអាងថា ពាក់កណ្តាល​នៃ​ទឹកប្រាក់ជំនួយ​របស់​នូវែលសេឡង់ សម្រាប់​រយៈពេល ៤ឆ្នាំ (ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥) នឹង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​បណ្តាប្រទេស​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​មួយភាគធំ​រង​ការគំរាមកំហែង​ លិចបាត់ ទៅ​ក្នុងទឹក ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រ។ លោកស្រី​អារឌែន​បាន​បញ្ជាក់​បន្ថែមថា ទឹកប្រាក់​ជំនួយ​របស់​នូវែលសេឡង់ នឹង​ជួយ​ប្រជាជន​របស់​បណ្តាប្រទេស​ផ្សេងទៀត​ឲ្យ​អាច​ទប់ទល់​ការខូចខាត ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ ការឡើង​កំពស់ទឹកសមុទ្រ និងហេតុការណ៍​ឧតុនិយមផ្សេងទៀត ដែល​អាច​បង្ក​ជា​ទឹកជំនន់ ទឹកភ្លៀង ឬ​គ្រោះរាំងស្ងួត។ មួយវិញទៀត ប្រាក់ជំនួយ​របស់​នូវែលសេឡង់​នឹង​ផ្តោត​សំខាន់​ផងដែរ លើ​គម្រោងការ​ប្រើ​ថាមពលស្អាតស្អំ នៅតាម​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍។

ដោយ​បង្កើនប្រាក់ជំនួយ​​របស់ខ្លួន សម្រាប់​កញ្ចប់​ថវិកាបៃតង​អន្តរជាតិ នូវែលសេឡង់​ដែល​មាន​ប្រជាជន​តែ ជាង ៥លាននាក់ បាន​ចូលរួម ប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ស្មើ​នឹង​កម្រិតចូលរួម​របស់​ប្រទេស​អង់គ្លេស។ នូវែលសេឡង់​បាន​ចូលរួម​ក្នុង​ចំណោម​ប្រទេស​មហាអំណាច ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្រ្តី​ទទួលបន្ទុក​ការប្រែប្រួលអាកាសធាតុ​របស់​នូវែលសេឡង់ លោក James Shaw ដែល​ត្រូវ​ចូលរួម​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ​នៅប្រទេស​អង់គ្លេស​នៅ​ចុងខែ​តុលា បាន​និយាយ​ថា វា​ជា​កាតព្វកិច្ច​របស់​ប្រទេស​អ្នកមាន ដូចជា​នូវែលសេឡង់ ដែល​ត្រូវ​ជួយ​ប្រទេស​ដែល​ងាយរងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

យ៉ាងណាក៏ដោយ វិបសៃតិ៍ Climate Action Tracker វាយតម្លៃថា កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​នូវែលសេឡង់​សម្រាប់​បញ្ហា​អាកាសធាតុ​នៅ​តែ​តិចខ្លាំង ចំណែក​វិធានការ​ជាទូទៅ​របស់​នូវែលសេឡង់ ដើម្បី​អាកាសធាតុ​នៅតែ​មិនទាន់​គ្រប់គ្រាន់។

រដ្ឋមន្រ្តី​នូវែលសេឡង់​ទទួលស្គាល់ថា ប្រទេស​របស់​លោក​ចាត់វិធានការ​យឺត បើមើល​ទៅលើ​ការងារ​ដែលគេ​ត្រូវ​ធ្វើ ពោល​គឺ​ធ្វើយ៉ាងណា​ទប់ទល់​កុំ​ឲ្យ​ផែនដី​ឡើង​កំដៅ ជាង ១,៥​អង្សារ នៅ​ចុងសតវត្សរ៍នេះ។ ប៉ុន្តែ បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងទៀត នូវែលសេឡង់​បានសម្រេច​ការងារ ដូចគេឯងដែរ នោះ​ទោះបី​ជា​ចាប់ផ្តើម​ការងារ​យឺតជាងគេ​បន្តិចមែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ