អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ចំណីអាហារ

ពលរដ្ឋ​អាហ្វហ្កានីស្ថាន ជាងពាក់កណ្តាលរស់ក្នុង​ស្ថានភាព​ខ្វះ​ចំណី​អាហារ​ស្រួចស្រាវ

អាហ្វហ្កានីស្ថាន កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​វិបត្តិមនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ និង​អាក្រក់​បំផុត​នៅ​លើពិភពលោក ព្រោះ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ជាង​ពាក់​កណ្តាល​ នឹ​ង​ត្រូវ​ធ្លាក់​ក្នុង​ស្ថានភាព​ខ្វះ​ចំណីអាហារ​បរិភោគ (អស្ថិរភាព​ស្បៀងអាហារ) នៅរដូវ​រងារ​ខាងមុខ។ នេះ​បើ​តាម​សម្រែក​​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ ចន្ទទី ២៥​តុលា ២០២១។

ពលរដ្ឋអាហ្វហ្កានីស្ថាន ពាក់់កណ្តាលរស់ក្នុងស្ថានភាពខ្វះចំណីអាហារស្រួចស្រាវ
ពលរដ្ឋអាហ្វហ្កានីស្ថាន ពាក់់កណ្តាលរស់ក្នុងស្ថានភាពខ្វះចំណីអាហារស្រួចស្រាវ AP - Altaf Qadri
ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​តែភាព​​រាំងស្ងួត​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃភពផែនដី និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​ធ្លាក់​កាន់តែ​ដុនដាប​ខ្លាំងតាំងពី​ពួកតាលីបង់​ឡើង​កាន់​អំណាច​មក នៅ​ពីរបី​ខែ​ខាង​មុខ​នេះ ពលរដ្ឋអាហ្វហ្កានីស្ថាន​ប្រមាណជាង​២២,៨លាន​​នាក់ នឹង​ត្រូវជួប​គ្រោះ​អស្ថិរភាព​ចំណីអាហារ​​​យ៉ាង​ស្រួចស្រាវ​បំផុត។ បើ​យើង​មិនផ្តល់​ជំនួយ​សម្រាប់​រស់​ទេ ​ជនអាហ្វហ្កានីស្ថានរាប់​លាន​នាក់ ត្រូវ​បង្ខំ​ចិត្តជ្រើសរើសរវាងការ​ រត់​និរទេសខ្លួន ឬ​ ​រង់ចាំ​ថ្ងៃ​ស្លាប់ដោយ​ភាព​អត់​ឃ្លាន។ នេះបើ​តាម​ការ​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​នាយកប្រតិបត្តិ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ចេញ​ផ្សាយ​រួម​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​ស្បៀងអាហារ​និង​កសិកម្ម (FAO) នៅ​ថ្ងៃ ចន្ទទី ២៥​តុលា២០២១។

វិបត្តិ​ស្បៀងអាហារ​នៅ​​អាហ្វហ្កានីស្ថាន មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាងនៅ​ស៊ីរី នៅ​យេម៉ែន និង​គ្រាន់​បើ​ជាង​នៅកុង​ហ្កោ​បន្តិច។ ​ទោះស្ថានភាព​មិន​អាក្រក់​ខ្លាំង​ជាង​បំផុត​នៅលើ​ពិភពលោកមែន ប៉ុន្តែនៅ​រដូវ​រងារ​ខាង​មុខ ពលរដ្ឋ​​​អាហ្វហ្កានីស្ថានជាង​៥០% នឹង​ធ្លាក់​ដល់​ដំណាក់កាល​​លេខ​បី និង​លេខ​បួន​ នៃរង្វាស់​​វិបត្តិ​ចំណីអាហារ​អន្តរជាតិ។ លេខ៣ ជា​ការ​ខ្វះ​ចំណីអាហារ​ស្រួចស្រាវធ្ងន់ធ្ងរ និង​ខុស​ប្រក្រតី។ ចំណែក​ដំណាក់កាលទី៤ ជា​ខ្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​ក្រៃ និង​មានគ្រោះ​មរណ​ដោយ​ភាពអត់​ឃ្លានច្រើន។ ដំណាក់កាលទី៥ ជា​ដំណាក់កាលចុងក្រោយ គឺ​គ្រោះទុរ្ភិក្ស។ តាំង​ពី អង្គការ​សហប្រជាជាតិ​ចេះ​វិភាគ​ទិន្នន័យ​អាហ្វហ្កានីស្ថានមកនេះ​ជាលើក​ទីមួយ​ និង​ជា​ចំណាត់​អាក្រក់​បំផុត​ដែល​អង្គការផ្តល់​ឱ្យ​អាហ្វហ្កានីស្ថាន។

ដូច្នេះ​បើ​ជំនួយទៅ​មិន​ដល់​​ទេ នោះ​ពលរដ្ឋអាហ្វហ្កានីស្ថាននឹង​ត្រូវ​ធ្លាក់​ក្នុង​គ្រោះ​ទុរ្ភិក្ស។ កុមារ​ក្រោយអាយុ​៥​ឆ្នាំនឹង​ត្រូវ​ខ្វះ​អាហាររូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​ ​នឹង​មាន​ចំនួនដល់​ទៅ ៣,៨លាន​នាក់​នៅ​​ដំណាច់​ឆ្នាំ។

សហគមន៍​អន្តរជាតិ​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌ជា​ច្រើន​រយ​លាន​ដុល្លារ​ដល់​ ​អាហ្វហ្កានីស្ថាន ប៉ុន្តែ​កំពុង​ស្វែង​រក​យន្តការ​ចែកចាយ​ជំនួយ​ដល់​ដៃ​ប្រជាពលរដ្ឋ ដោយ​ពុំឆ្លង​កាត់​រដ្ឋាភិបាល​តាលីបង់។ ក្នុង​បរិបទ​បែប​នេះ រុស្ស៊ី​បានអំពាវនាវ​ឱ្យប្រទេស​លោក​ខាង​លិច ជាពិសេស​អឺរ៉ុប ឱ្យ​ជួយ​ជ្រោមជ្រែង​អាហ្វហ្កានីស្ថាននិង ឈប់​បិទ​បន្ថប់​​សេដ្ឋកិច្ចអាហ្វហ្កានីស្ថាន ដែល​រំពឹង​ទាំង​ស្រុង​លើ​ជំនួយអន្តរជាតិ។ បើតាមម៉ូស្គូ ភាពអត់ឃ្លាន និង​អស្ថិរភាព ​នឹងរុញ​ច្រានទម្លាក់​​​​ប្រទេសទៅ​ក្នុងជំនួញ​ជួញ​ដូរ​គ្រឿង​ញៀន​និង​ភេរវកម្ម​ដែល​បុក​ទៅ​អឺរ៉ុបវិញ​ដដែល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ