អានតួអត្ថបទ
សិង្ហបុរី-កូវីដ១៩

រដ្ឋាភិបាល​សិង្ហបុរី​ឈប់ចេញថ្លៃព្យាបាលអ្នកជំងឺ​កូវីដ ដែល​មិនព្រម​ចាក់​វ៉ាក់សាំង

ក្នុងកាលៈទេសៈ​ដែល​ប្រព័ន្ធ​សុខាភិបាល​កំពុង​រងសម្ពាធខ្លាំង​ដោយសារ​ចំនួនអ្នកជំងឺកូវីដ រដ្ឋាភិបាល​សិង្ហបុរី​បាន​សម្រេច​ឈប់​ចេញថ្លៃព្យាបាល​អ្នកជំងឺកូវីដណា ដែលធ្លាប់​បដិសេធ មិន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល សិង្ហបុរី ចុះផ្សាយ កាលពីថ្ងៃចន្ទទី ៨​វិច្ឆិកា អ្នកជំងឺកូវីដ​ដែល​មិន​បាន​ចាក់វ៉ាក់សាំង ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន នឹង​ត្រូវ​បង់ថ្លៃ​ព្យាបាល ដោយ​ខ្លួនឯង គឺ​លែង​មាន​ជំនួយ ពី​រដ្ឋ​ដូចមុន។

ប្រជាជន​សិង្ហបុរី ពាក់ម៉ាស​នៅ​អំឡុង​រលកទី​២​នៃជំងឺកូវីដ នៅ​ខែ​មីនា ឆ្នាំ ២០២០
ប្រជាជន​សិង្ហបុរី ពាក់ម៉ាស​នៅ​អំឡុង​រលកទី​២​នៃជំងឺកូវីដ នៅ​ខែ​មីនា ឆ្នាំ ២០២០ AP - Ee Ming Toh
ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​រលកឆ្លង​ថ្មី នៃ​ជំងឺកូវីដ​១៩ សិង្ហបុរី​ដែល​មានអ្នកឆ្លងថ្មី​ពី​២០០០​ទៅ ៣០០០នាក់​ក្នុង​មួយថ្ងៃ បាន​សម្រេច​ចាត់វិធានការ​តឹងរ៉ឹង​សម្រាប់​អ្នក​ដែល​បដិសេធ​ មិន​ព្រម​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩។

តាំងពីកើតមាន​វិបត្តិជំងឺឆ្លងកូវីដ រដ្ឋាភិបាល​សិង្ហបុរី​បាន​ចេញ​ថ្លៃទាំងស្រុង សម្រាប់​ថ្នាំ និងការព្យាបាល​អ្នកជំងឺកូវីដ ជាតិសិង្ហបុរី ប៉ុន្តែ លើកលែង​តែ​អ្នកឆ្លង ដែល​ទើប​ធ្វើដំណើរ​មក​ពី​បរទេស។ ប៉ុន្តែ ចាប់ពី​ថ្ងៃ​ទី ៩​ធ្នូ (ខែ​ក្រោយ) រដ្ឋាភិបាល​នឹង​ឈប់​ចេញថ្លៃព្យាបាល ​សម្រាប់​អ្នកជំងឺកូវីដ​ណា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ទាល់​តែសោះ។ សម្រាប់​អ្នកដែល​បាន​ចាក់​វ៉ាក់សាំង មួយដូស រដ្ឋាភិបាល​នឹង​បន្ត​ចេញថ្លៃ​ព្យាបាល​រហូត​ដល់​ថ្ងៃទី ៣១​ធ្នូ ចុងឆ្នាំ​នេះ។ បន្ទាប់ពីនោះ ពួកគេ​ត្រូវ​ពឹងអាស្រ័យ​លើ​ក្រុមហ៊ុនធានារ៉ាប់រង​ឯកជន​សម្រាប់​បង់ថ្លៃព្យាបាល​ជំងឺកូវីដ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​ពន្យល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ដោយ​យោង​ទៅលើ​ស្ថានភាព​នៅ​មន្ទីរពេទ្យ នៅ​សិង្ហបុរី ដែល​កំពុងរង​សម្ពាធ​ខ្លាំង ដោយសារ​ការកើនឡើង​នៃ​ចំនួន​អ្នកជំងឺកូវីដ។ ជាទូទៅ អ្នកជំងឺ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការកូវីដទាល់តែសោះ បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ដែល​ទាមទារ​ការព្យាបាល​ជាប់ជានិច្ច។ ការណ៍នេះ​បាន​ដាក់សម្ពាធ​ខ្លាំងលើ​ប្រព័ន្ធ​មន្ទីរពេទ្យ​សិង្ហបុរី។

សិង្ហបុរី ជា​ប្រទេស​នាំមុខគេ​ក្នុងលោក ខាង​មាន​ប្រជាជន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ។ ៨៥%​នៃ​ប្រជាជន​សិង្ហបុរី ដែល​មាន​ប្រមាណ ៥លាន ៥សែននាក់ បាន​ចាក់ថ្នាំបង្ការកូវីដ​ពេញលេញ។

ប៉ុន្តែ ជាមួយ​គោល​នយោបាយ ដែលតម្រូវ​ឲ្យ​រៀនរស់​ជាមួយ​ជំងឺកូវីដ និង​វត្តមានមេរោគកូវីដ បំប្លែងខ្លួន Delta​ដែល​ឆ្លងលឿន និង​គ្រោះថ្នាក់​ជាងមេរោគដើម សិង្ហបុរី​កំពុង​ប្រឈម​នឹង​ការកើនឡើង​កាន់តែច្រើន នៃ​ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​បញ្ជាក់​ដែរថា រដ្ឋ​នៅតែ​បន្ត​ចេញថ្លៃ​ព្យាបាល​សម្រាប់អ្នកជំងឺ​កូវីដ ដែលបាន​ចាក់វ៉ាក់សាំង​រួចហើយ និង​អ្នកជំងឺកូវីដ​ដែលជា​កុមារ អាយុ ក្រោម ១២​ឆ្នាំ ដែល​គេ​មិន​បាន​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ