អានតួអត្ថបទ
ភូមា-ហ្វេសប៊ុក

ហ្វេសប៊ុកច្រាន​​ក្រុមហ៊ុន​របស់​យោធា​​ភូមា​ ចេញ​ពីបណ្តាញសង្គម

នៅថ្ងៃពុធ​ទី ៨​ធ្នូ​២០២១​នេះ មេតា ឈ្មោះ​ថ្មី​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ប្រកាស​ លុប​ចេញ​ពី​បណ្តាញ​សង្គម​របស់​ខ្លួន នូវរាល់​ទំព័រ និង​គណនី​​ហ្វេសប៊ុក​​​របស់​ក្រុមហ៊ុន​​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ភូមា។ បណ្តាញ​សង្គម​ដ៏​ពេញ​និយម​ និង​ដ៏មាន​ឥទ្ធិពល​បំផុត​នៅ​ភូមា បង្កើន​សកម្មភាព​ហាមឃាត់​កាន់​តែ​ច្រើន​ឡើង​ៗ​ប្រឆាំង​នឹង​របប​សឹក​កាន់​អំណាច​នៅ​ភូមា។

ហ្វេសប៊ុក​បណ្តេញ​ក្រុមហ៊ុន​របស់​ពួកយោធា​ភូមា​ពី​បណ្តាញ​សង្គម
ហ្វេសប៊ុក​បណ្តេញ​ក្រុមហ៊ុន​របស់​ពួកយោធា​ភូមា​ពី​បណ្តាញ​សង្គម Kirill KUDRYAVTSEV AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ចុង​ខែ​កុម្ភៈ​ ហ្វេសប៊ុក​បាន​លុប​គណនី​មាន​ពាក់ព័ន្ធ​នឹង​​ពួក​យោធាចោល​អស់​មួយ​សារ​ហើយ ព្រមទាំងលុប​ការ​ផ្សាយ​ពាណិជ្ជកម្មរបស់​ក្រុមហ៊ុន​កាន់កាប់​ដោយ​ក្រុម​យោធា​ ដើម្បី​ព្រមាន​របប​សឹក​ដែល​បាន​ប្រើ​អំណាច​និង​កម្លាំង​ទៅ​សម្លាប់​បាតុករ​ដែល​ងើប​ប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​​​ទម្លាក់​លោកស្រី អ៊ុងសានស៊ូជី។ ថ្ងៃនេះ មេតា បាន​សម្រេច​រឹត​បន្តឹង​សកម្មភាព​ខ្លួន ដោយ​លុប​ចោល​នូវ​រាល់គ្រប់​ទំព័រ គ្រប់​ក្រុម និង​គណនី​ទាំង​ឡាយ​ណា ដែល​ជា​របស់​ក្រុមហ៊ុន​សហគ្រាស គ្រប់គ្រង​ដោយ​ពួក​យោធា។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ហ្វេសប៊ុកបានពន្យល់​ថា ក្រុមហ៊ុន​ចេញ​សេចក្តីសម្រេច​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់​សហគមន៍​អន្តរជាតិ ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​​តួនាទីផ្ទាល់​​របស់​ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ​ ក្នុងការ​ចិញ្ចឹម​អំពើ​ហិង្សា​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅភូមា​ នាពេល​បច្ចុប្បន្ន​នេះ និង​យក​​របាយការណ៍​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យោធាភូមា​ មក​ធ្វើ​ជា​មូល​ដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត។

យោធា​ភូមា ទទួល​ប្រយោជន៍​ពាណិជ្ជកម្ម​ធំធេង​ខ្លាំង​ណាស់ ដោយ​គ្រប់គ្រង​​ក្រុមហ៊ុន​សហគ្រាស​ឧស្សាហកម្ម​ ស្ទើរគ្រប់​ផ្នែក តាំង​ពី ក្រុមហ៊ុន​ស្រាបៀរ ថ្នាំជក់ ដឹកជញ្ជូន វាយណភណ្ឌ  ទេសចរណ៍​ និងហិរញ្ញវត្ថុ។ បើ​តាម​សកម្មជន​និង​អ្នកការពារ​សិទ្ធិមនុស្ស ក្រុមហ៊ុន​ឧស្សាហកម្ម​ទាំងអស់នេះ ជា​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ​ឱ្យ​ពួកយោធា​មាន​កម្លាំង​អាច​ចាត់​វិធានការ​បង្ក្រាប​និង​រំលោភ​អំណាច​ តាំង​ពី មុន​ព្រឹត្តការណ៍​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​អ៊ុងសានស៊ូជី​ ថ្ងៃទី ១កុម្ភៈ ២០២១​ទៅ​ទៀត។

ឥលូវ​ មក ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Myawaddy Trading Ltd, Myawaddy Bank និង​Myanma Beer ​ ព្រមទាំង​ទំព័រ​ភាពយន្ត​ដែល​ជា​​ក្រុមហ៊ុនរបស់​កូនស្រី​លោក​មីងអ៊ុងឡាំង ​លែង​ដំណើរការតាំងពី​ព្រឹក​ថ្ងៃពុធ​ទី ៨ ធ្នូ​នេះមក។ មិន​ដឹង​ថា​តើ​​ហ្វេសប៊ុក​​​ត្រូវ​ការ​ពេលវេលា​ប៉ុន្មានថ្ងៃ​ខែទើប​អាច​បិទ​ទំព័រ​និង​គណនី​​របស់ក្រុមហ៊ុន​​យោធាភូមាអស់​ទេ។  

សកម្មភាព​ប្រឆាំង​នឹង​យោធា​ភូមារបស់​​​ហ្វេសប៊ុក ត្រូវ​បាន​​ប្រកាស​ឡើង​ក្នុង​ខណៈ​ដែល​បណ្តាញ​សង្គមមួយ​នេះ រង​ការរិះគន់​ចំពោះ​ភាព​អសកម្ម​នៅ​ចំពោះ​មុខ​អំពើ​ហិង្សា​និង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ និងរង​ពាក្យ​បណ្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​សំណាក់​​ក្រុមជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ចំនួន ១៥០ពាន់​លាន​ដុល្លារ​នៅ​តុលាការ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃ ចន្ទទី ៦​ធ្នូ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ