អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អាស៊ីអាគ្នេយ៍

ប្រមុខ​ការទូត​អាមេរិក​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ដំបូង​នៅ​អាស៊ីអាគ្នេយ៍

លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក កំពុង​​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ដំបូង​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ចន្ទទី ១៣​ធ្នូ​។ ពី​ទីក្រុង​ហ្សាការតា លោកប្រមុខ​ការ​ទូត​អាមេរិក​នឹង​ថ្លែង​សារ​ស្តីពី​នយោបាយ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​​ក្លាយ​ជាស្នូល​យុទ្ធសាស្ត្រ​​​សម្រាប់​ប្រឈម​នឹង​ចិន។

ប្រមុខ​ការទូត​អាមេរិកពេល​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ធ្នូ ២០២១
ប្រមុខ​ការទូត​អាមេរិកពេល​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ធ្នូ ២០២១ OLIVIER DOULIERY POOL/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀលថ្ងៃ​ចន្ទ​នេះ លោក​អង់តូនី​ ប្លីងកិន បានចូល​​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ហើយ​នឹង​ត្រូវ​​​ថ្លែង​សុន្ទរកថា​ លាត​ត្រដាង​អំពី​នយោបាយ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​អង្គារ​ស្អែក ទី​១៤​ធ្នូ។

បន្ទាប់​ពី​ឥណ្ឌូណេស៊ី លោក​ប្រមុខ​ការទូត ត្រូវ​បន្តដំណើរ​ទៅ​ម៉ាឡេស៊ី និង​ថៃ ដែល​នៅ​ទីនោះ លោក​នឹង​លើក​ឡើង​អំពី​កា​រពង្រឹង​រចនា​សម្ព័ន្ធ​សន្តិសុខ​តំបន់​ ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំងឡើងៗ​ពី​សំណាក់​ចិន​ នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ប្រមុខ​ការ​ទូត​រង​ ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ឡើង​យន្តហោះ ដោយ​លម្អិត​ថា សហរដ្ឋ​អាមេរិក​ ប្រឆាំង​រាល់​គ្រប់​សកម្មភាព​និង​ទង្វើ​របស់​ចិន​ ឬ​ប្រទេស​ណា​ផ្សេង​ទៀត ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព​តំបន់។ លោក​អង់តូនី ប្លីងកិន ផ្ទាល់​ធ្លាប់​បាន​អះអាង​ មហិច្ឆតា​ចង់​ពង្រីក​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​របស់​ចិន ជា​ភាព​ប្រឈមភូមិសាស្ត្រ​នយោបាយ​​ថ្មី​ប្រចាំ​សតវត្សរ៍​ទី​២១​ ដែល​ចាំ​បាច់​ត្រូវ​ស្វែង​រក​ឱ្យ​ឃើញ​លំនឹង​រវាងការ​តតាំងគ្នា​និង​ការ​ប្រកួតប្រជែង។

សូម​បញ្ជាក់​ថា ក្រៅ​អំពី​សំណុំ​រឿង​អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ និង​រុស្ស៊ី រដ្ឋបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោកប្រធានាធិបតី​ប្រជាធិបតេយ្យ ចូបៃដិន ក៏​បាន​ផ្តល់​អាទិភាព​នយោបាយការបរទេសពិសេស​​ដល់​​តំបន់​អាស៊ីគ្នេយ៍​។ តែ​រដ្ឋបាល​លោក​បៃដិន មាន​យុទ្ធសាស្ត្រ​មិន​ខុស​ពី​រដ្ឋាភិបាលអាមេរិក​មុនដែល​ដឹកនាំដោយ​លោក​ដូណាល់ត្រាំ​​ទេ។ តំបន់​ដែល​បើ​តាម​អាមេរិក​កំពុង​រង​ការ​គំរាមកំហែង​ខ្លាំង​ចិន ត្រូវ​ជា​តំបន់​ “បើក​ចំហនិង​សេរី”។ ហេតុ​​ដូច្នេះហើយ​បាន​ជា​ក្រុម​ការងារ​របស់​លោក​ចូបៃដិន ចង់​ពង្រឹង​កម្លាំង​ឱ្យ​សម្ព័ន្ធមិត្ត​ ក្នុង​តំបន់​ ដូចជា​សន្យា​បំពាក់​នាវា​ចម្បាំង​នុយក្លេអ៊ែរ​ឱ្យ​អូស្ត្រាលី ដោយ​មិន​ខ្វល់​នឹង​កំហឹង​របស់​បារាំង​ដែល​បាត់បង់​កិច្ចសន្យា​លក់​នាវា​មុជទឹក​​ដ៏​ធំ​ឡើយ។

ជា​ចុង​ក្រោយ លោក​ប្រមុខ​ការ​ទូត​អាមេរិក នឹង​មិន​ភ្លេច​លើក​ឡើង​​អំពីវិបត្តិ​នៅ​ភូមា​ទេ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ីអាគ្នេយ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ