អានតួអត្ថបទ
ចិន-ស៊ីនជាំង

ចិន​ប្តូរ​ផ្លាស់​មេដឹកនាំ​​​នៅ​តំបន់​ស៊ីនជាំង ក្រោយរង​​​ទណ្ឌកម្មអាមេរិក

ប៉េកាំងបាន​ប្រកាស​តែងតាំង​មេដឹកនាំ​តំបន់​ស៊ីនជាំង​ថ្មី នៅ​ថ្ងៃសៅរ៍​ទី ២៥​ធ្នូ ២០២១ មក​ជំនួស​បុរស​ខ្លាំង​ចាស់ ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក។ ការ​ប្តូរ​ផ្លាស់​មេដឹកនាំ​តំបន់​ប្រកប​ដោយ​យុទ្ធសាស្ត្រ​នេះ​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​វិបត្តិ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​កំពុង​បំពុល​ទំនាក់ទំនង​ចិនជាមួយបស្ចិម​លោក​​ឱ្យ​ឡើង​តាន​តឹងខ្លាំង។

លោក Chen Quanguo ត្រូវបានប្តូរ​ចេញ​ពី​តំណែង​ជា​ប្រមុខដឹកនាំ​តំបន់​ស៊ីនជាំង​
លោក Chen Quanguo ត្រូវបានប្តូរ​ចេញ​ពី​តំណែង​ជា​ប្រមុខដឹកនាំ​តំបន់​ស៊ីនជាំង​ Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពីថ្ងៃ​សៅរ៍​​ទី ២៥​ធ្នូ ២០២១នេះ​ទៅ  គឺ​លោក ម៉ា ស៊ីងហ្គូអ៊ី Ma Xingrui ដែល​ជា​ចៅហ្វាយ​ខេត្ត​ខ្វាង​ទុង នឹងក្លាយ​ជា​​​ប្រមុខ​ដឹកនាំ​ថ្មី​ នៃតំបន់​ស៊ីនជាំង។ ចំណែក លោក Chen Quanguo លោក ឆេង ហ្គ័ងហ្កឡូ ​អាយុ​៦៦​ឆ្នាំ លែង​មាន​តួនាទី​ជា​មេដឹកនាំ​​តំបន់​ស៊ីនជាំង​ទៀត​ហើយ។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន ដែល​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ដោះ​ដូរ​មេដឹកនាំ​តំបន់​ទេ។

ជា​អតីត​យោធា លោក ឆេង ហ្គ័ងហ្កឡូ បានឡើង​មក​គ្រប់​គ្រង់​តំបន់​ស៊ីនជាំង​ដ៏​ធំ​ (ធំជាង​ប្រទេសបារាំង​ដល់​ទៅ​បីដង) ​នៅ​ឆ្នាំ​២០១៦។ តំបន់​ដែលល្បី​ខាង​មាន​​​អស្ថិរភាព ភេរវកម្ម​បង្ក​ឡើងដោយពួក​ចង់​ផ្តាច់​ទឹកនិង​ ​ពួក​អ៊ីស្លាម​ជ្រុលនិយម​អ៊ុយហ្គួរ ​ហើយ​ត្រូវ​ដាក់​ឱ្យ​​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​​តឹងពី​ប៉េកាំង។ គឺក្រោម​អាណត្តិ​របស់​លោក ឆេង ហ្គ័តហ្កឡូ នេះហើយ​ដែល​ស៊ីនជាំង​មាន​​​​ជំរំលត់ដំនិង​​ឃុំឃាំង​ជនជាតិ​អ៊ុយហ្គួរ ដល់​ទៅ​ជាង​មួយ​លាននាក់ ក្រោម​ផ្លាក មជ្ឈមណ្ឌលអប់រំ​វិជ្ជាជីវៈ ប្រឆាំង​នឹង​ភាព​​ជ្រុលនិយម​អ៊ីស្លាម។ មានស្នាដៃ​ល្អ​ បាន​រុញ​ច្រាន​ លោក ឆេង ​ឱ្យ​ក្លាយ​​ជា​សមាជិក​​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មនិស្ត​ចិន(សមាជិក​តែ​២៥រូប) ដែល​ជា​ស្ថាប័ន​ដឹកនាំកំពូលរបស់​ចិន នៅ​ឆ្នាំ​២០១៧។ តែ​ជាប់​​​ទណ្ឌកម្ម​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អាមេរិកតាំង​ពី​ឆ្នាំ​២០២០មក ​​​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​តំបន់ ពី​បទ​​រំលោភ​បំពាន​សិទ្ធិ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។

មុនមកកាន់​តួនាទី​នៅ​ស៊ីនជាំង លោក ឆេង ហ្គ័ងហ្កឡូ ធ្លាប់​ជា​លេខា​​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​តំបន់​ទីបេ ពី​ឆ្នាំ ២០១១-២០១៦ លោកក៏​មានស្នាដៃ​លេច​ធ្លោ​ ដោយ​​បាន​បង្ក្រាប​​​បាតុកម្ម​សង្ឃ​និង​ការដុត​សម្លាប់​ខ្លួន​​រហូត​​ទីបេ​មានសណ្តាប់​ធ្នាប់​ល្អឡើង​វិញ។

តើពេលនេះ ​លោក​ ឆេង ហ្គ័ងហ្កឡូ នឹង​ទៅកាន់តួនាទី​អ្វី​វិញ ? ប៉េកាំង​​មិន​បាន​លម្អិត​ទេ​។ ប៉ុន្តែ​ការ​ប្តូរ​ផ្លាស់​តួនាទី​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទណ្ឌកម្មថ្មី​របស់​អាមេរិក​ដាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចិន ពីបទ​រំលោភ​សិទ្ធិ​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម​អ៊ុយហ្គួរ និង​ចំ​ថ្ងៃបុណ្យ​​ណូអែល។ ​ដូច​ទម្លាប់ ប៉េកាំងតែងឆ្លៀត​​ដោះស្រាយ​វិបត្តិ​រសើបៗ​ខ្លាំង​ក្នុងស្រុក​ ឱ្យ​ចំ​ពេល​ក្រុមបស្ចឹម​លោក​សម្រាកវិស្សមកាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ