អានតួអត្ថបទ
ភូមា-ថៃ

ថៃ​ចាប់​ពង្រឹង​​ទ័ព​នៅព្រំដែន​ជាប់​ភូមាជាទីដែល​របបសឹកភូមា​បើកការវាយប្រហារ​លើ​ក្រុមឧទ្ទាម

ខណៈដែលប្រតិកម្ម​ថ្កោលទោស ធ្លាក់ចុះ​ព្រោងព្រាត នៅក្រោយ​សោកនាដកម្ម​ដុតសម្លាប់ប្រជាជន​ស៊ីវិល​ នៅរដ្ឋ​កាយ៉ា ភាគខាងកើតប្រទេស​ភូមា ការប្រយុទ្ធគ្នា​ដ៏ហិង្សា កំពុងផ្ទុះខ្លាំង​ផងដែរ រវាង​កងទ័ព​របស់របបសឹកភូមា និង​ក្រុមឧទ្ទាម​ការ៉ែននៅ​រដ្ឋ​កាយីន។ មួយ​សប្តាហ៍មកហើយ ជម្លោះប្រដាប់អាវុធ​រវាង​កងទ័ពភូមា និង​ក្រុមប្រដាប់អាវុធ​ប្រឆាំង​របបសឹក​បាន​បណ្តាល​ឲ្យ​មាន​លំហូរ​ជនភៀសខ្លួន​ភូមារាប់ពាន់នាក់ ទៅក្នុង​ទឹកដី​ថៃ។ នៅ​ថ្ងៃ​ចន្ទ ថៃ ប្រកាស​បញ្ជូន​កងទ័ព​បន្ថែម ទៅកាន់ព្រំដែន​ថៃ ភូមា នៅត្រង់​ចំនុច​ជាប់ព្រំដែន រវាង​រដ្ឋ​កាយីនភូមា និង​ខេត្ត​តាក់ ប្រទេស​ថៃ។

ប៉ូលិសឆ្មាំព្រំដែនថៃប្រចាំការ​នៅ​ព្រំដែន​ថៃ និងភូមា នៅ​ប៉ុន្មាន​គីឡូម៉ែត្រ ពីតំបន់​ដែល​កងទ័ពភូមា​កំពុង​បើកការប្រយុទ្ធ​ធ្វើសង្រ្គាម​ជាមួយ ក្រុមឧទ្ទាមការ៉ែន នៅរដ្ឋ​កាយីន នៅ​ថ្ងៃទី ១៩ ខែធ្នូ ២០២១
ប៉ូលិសឆ្មាំព្រំដែនថៃប្រចាំការ​នៅ​ព្រំដែន​ថៃ និងភូមា នៅ​ប៉ុន្មាន​គីឡូម៉ែត្រ ពីតំបន់​ដែល​កងទ័ពភូមា​កំពុង​បើកការប្រយុទ្ធ​ធ្វើសង្រ្គាម​ជាមួយ ក្រុមឧទ្ទាមការ៉ែន នៅរដ្ឋ​កាយីន នៅ​ថ្ងៃទី ១៩ ខែធ្នូ ២០២១ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

នៅភូមា ការប្រយុទ្ធគ្នា​កាន់តែ​សន្ធឹកខ្លាំង នៅ​រដ្ឋ​កាយីន ក្បែរ​ព្រំដែនប្រទេស​ថៃ។ ប៉ុន្មាន​ថ្ងៃ​មកនេះ កងទ័ព​ភូមា​បានបើក​ធ្វើសង្រ្គាម ជាចំហរ ប្រឆាំង​ក្រុមឧទ្ទាមជនជាតិភាគតិចការ៉ែន និង​កងកម្លាំង​ការពារ​ជនជាតិ​ការ៉ែន ដែលជា​ក្រុមទើបបង្កើតថ្មី ដើម្បី​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា។

នៅ​សប្តាហ៍មុន អ្នកនាំពាក្យ​របស់​របបសឹកភូមា​បាន​និយាយប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា កងទ័ព​បាន​បើកការវាយប្រហារ​តាមផ្លូវអាកាស ទៅលើ​ក្រុមឧទ្ទាមជាតិ​ការ៉ែន និង​សមាជិក​របស់​កងកម្លាំងការពារ​ប្រជាជន ដែល​កើតចេញ មក​ពីចលនា​ងើបបះបោរ​ប្រឆាំង​ការវិលត្រលប់របស់​របបសឹកភូមា។

ការបាញ់គ្រាប់ផ្លោង ការប្រយុទ្ធគ្នា​នៅលើ​ដីគោក និង​ការវាយប្រហារ ដុតបំផ្លាញ រថយន្ត។ ទាំងនេះ​ជា​វិធីសាស្រ្ត​របស់​កងទ័ព​ភូមា ដែល​កំពុងក្រពុលមុខ ដោយសារ​មិនអាច បង្រ្កាប​បំបាក់ ក្រុមបះបោរប្រដាប់អាវុធ។ កងទ័ព​ភូមា​បាន​រងការចោទប្រកាន់​ផងដែរថា បាន​ប្រើ​យុទ្ធសាស្រ្ត ព័ទ្ធគ្រញឹក ចាប់​អ្នកភូមិ ប្រជាជន​ស៊ីវិល ​ដែល​កងទ័ព​ចោទប្រកាន់​បាន​ចូលដៃជើង ជួយ​ក្រុមប្រដាប់អាវុធ ប្រឆាំង​របបសឹក។

ការប្រយុទ្ធគ្នា​កាន់តែ​ខ្លាំងកា្ល​រវាង កងទ័ព និង​ក្រុមឧទ្ទាមការ៉ែន រួមទាំង​ក្រុមប្រដាប់អាវុធ​ជាច្រើនក្រុមផ្សេងទៀត បាន​បណ្តាល​ឲ្យ​ប្រជាជន​ភូមា​ជាច្រើនពាន់នាក់​រត់ភៀសខ្លួន ចេញពីរដ្ឋ​កាយីន ចូលទៅក្នុង​ទឹកដី​ថៃ។

នៅក្នុង​ហេតុផល​មនុស្សធម៌ អាជ្ញាធរ​ថៃ បាន​បើកផ្លូវ​អនុញ្ញាត​ឲ្យ​ប្រជាជន​ភូមា ជាង​៥ពាន់នាក់​មក​ជ្រកកោន ក្នុងទឹកដី​របស់ខ្លួន។ កាយវិការ​ខុសទម្លាប់​របស់​អាជ្ញាធរ​ថៃ បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ នៅ​រដ្ឋ​ការ៉ែន ក្នុងទឹកដី​ភូមា។ កងទ័ព​ថៃ បាន​ប្រកាស​ផងដែរ ពង្រឹង​វត្តមានទ័ព​របស់ខ្លួន នៅក្នុង​ខេត្ត​តាក់ ជាប់ព្រំដែន ចំណែកប្រជាជន​ដែល​រស់នៅ​ក្បែរ​នឹង​សមរភូមិ​ប្រយុទ្ធ​ ក្នុងទឹកដី​ភូមា​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​មកជ្រកកោន បណ្តោះអាសន្ន នៅតាម​វត្តអារ៉ាម ក្នុងទឹកដី​ថៃ។

នៅចំពោះមុខ​នៃការកើនឡើង​អំពើហិង្សា ការប្រយុទ្ធគ្នា រវាង កងទ័ពភូមា និង​ក្រុមប្រដាប់អាវុធ​ជាច្រើនក្រុម ក្នុងទឹកដី ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការភូមា​បានសំដែង​ក្តីកង្វល់ដ៏ជ្រាលជ្រៅ និង​បានអំពាវនាវ​គេបិទបញ្ចប់​ការប្រយុទ្ធគ្នា នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី។ តាំងពីត្រូវ​តែងតាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ខែ តុលា នេះជាលើកទី១ ដែល​បេ្រសិត​ពិសេសថ្មី ទទួលបន្ទុក កិច្ចការភូមា លោកស្រី Noeleen Heyzer​បាន​ចេញសេចក្តីថ្លែងការណ៍ ទាក់ទង​នឹង​អំពើហិង្សា​នៅ​ប្រទេស​ភូមា។ ជាជនជាតិ​សិង្ហបុរី លោកស្រី Heyzer ត្រូវ​បាន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជ្រើសតាំង​ជំនួស បេសកជន​ពិសេស​ចាស់ លោកស្រី Christine Burgener ជនជាតិ​ស្វ៊ីស ដែល​របបសឹក​រិះគន់ និង​បដិសេធ​មិន​ព្រម​ឲ្យចូល​ជួប​លោកស្រី​អ៊ុងសាន​ស៊ូជី។

នៅ​សប្តាហ៍មុន របបសឹក​ភូមា​បាន​សម្រេច​បិទ​ការិយាល័យ​អ្នកតំណាង​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ភូមា ក្រោម​ហេតុផលថា លោកស្រី​Christine Burgener អតីត​បេសកជនពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​បិទបញ្ចប់​សកម្មភាព​ នៅ​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ