អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ធ្យូងថ្ម

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ហាម​មិន​ឲ្យ​គេ​នាំចេញ​ធ្យូងថ្ម នៅ​ខែមករា​នេះ

ប្រឈមនឹង​ការតម្រូវការកើនឡើង និងដើម្បី​ធានា​ការផ្គត់ផ្គង់​ធ្យូងថ្ម​សម្រាប់​ការផលិតថាមពល​អគ្គិសនី​នៅក្នុង​ប្រទេស រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានសម្រេច នៅថ្ងៃ​សៅរ៍ទី ១​មករា ឆ្នាំ ២០២២ ហាម​មិន​ឲ្យគេ​នាំចេញ​ធ្យូងថ្ម ទៅបរទេស នៅ​ខែមករា។ ជាប្រទេស​នាំចេញ​ធ្យូងថ្ម​ច្រើនជាងគេ នៅក្នុង​ពិភពលោក ឥណ្ឌូណេស៊ី​បាននាំចេញ​ធ្យូងថ្ម ប្រមាណ ៣០លាន​តោន កាលពី​ខែ​មករា ដើមឆ្នាំ ២០២១។

កប៉ាល់ដឹកធ្យូងថ្ម​នៅ​ច្រកសមុទ្រ​អាឈេ ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ខែ មករា ឆ្នាំ ២០២១
កប៉ាល់ដឹកធ្យូងថ្ម​នៅ​ច្រកសមុទ្រ​អាឈេ ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ខែ មករា ឆ្នាំ ២០២១ AFP - CHAIDEER MAHYUDDIN
ផ្សាយពាណិជ្ជកម្ម

នៅក្នុងគោលដៅ​ធានា​ការផ្គត់ផ្គង់​ថាមពល​ក្នុងស្រុក ​ឥណ្ឌូណេស៊ី ដែលនាំមុខគេក្នុងពិភពលោក​ខាង​ប្រទេស​នាំចេញធ្យូងថ្ម សម្រាប់​ផលិត​ថាមពល​អគ្គិសនី បាន​ចេញបញ្ជា​ ហាម​មិន​ឲ្យគេ​នាំចេញ​ធ្យូងថ្ម នៅ​ខែ​មករា។

ឥណ្ឌូណេស៊ីនាំចេញ​ធ្យូងថ្ម​ភាគច្រើន​ទៅបរទេស ប៉ុន្តែ បានកំណត់​ឲ្យ​ក្រុមហ៊ុនធ្វើអាជីវកម្ម​ធ្យូងថ្ម​ទុកបរិមាណធ្យូងអប្បបរមា សម្រាប់ រោងចក្រ​ផលិត​អគ្គិសនី​ក្នុង​ប្រទេស។ រហូតមក អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​សំដែង​ការសោកស្តាយ ព្រោះថា ក្រុមហ៊ុន​ឯកជន​មិនបាន​គោរព​បទបញ្ជា​ឲ្យបាន​ម៉ត់ចត់។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​ថាមពល និង​ធនធានរ៉ែ​ឥណ្ឌូណេស៊ី​បានពន្យល់ថា ចំណាត់ការ​ហាមនាំចេញធ្យូងថ្ម នៅខែ​មករា ធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​ធ្យូងថ្ម ខកខាន មិនបាន​អនុវត្ត​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល Domestic Market Obligation ដែល​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រក្សាទុក ២៥%​នៃធ្យូងថ្ម សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និងត្រូវ​​លក់​ក្នុង​តម្លៃ៧០ដុល្លារ ក្នុង​មួយតោន ដែលស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃធ្យូងថ្ម នៅទីផ្សារ​អន្តរជាតិ។

អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រសួងថាមពល និង​ធនធានរ៉ែ​បាននិយាយ​ថា បម្រាម​មិនឲ្យនាំចេញ​ធ្យូងថ្ម នៅ​ខែ​មករា នឹង​ជួយ​ឲ្យ​រោងចក្រ​ផលិតអគ្គិសនី​ជៀសផុត ពីការបិទទ្វារ ដោយសារ​តែ​គ្មានថាមពលធ្យូងថ្ម។ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​នឹង​ពិនិត្យ ពិចារណា​គោលនយោបាយ​ថ្មី នៅក្រោយ​ថ្ងៃទី ៥មករា។

ការងើបស្ទុះឡើងវិញ នៃ​សេដ្ឋកិច្ចសកល នៅក្រោយ​វិបត្តិកូវីដ​បានធ្វើ​ឲ្យ​តម្រូវការ​ធ្យូងថ្មកើនឡើងខ្ពស់ នៅក្នុងពិភពលោក។ នៅក្នុង​របាយការណ៍ ចុះផ្សាយ​កាលពីថ្ងៃ​ទី​១៧ធ្នូ​កន្លងទៅ ថាមពល​អន្តរជាតិ ហៅកាត់ជា​ភាសា​បារាំង AIE បាន​វាយតម្លៃថា ជាមួយ​នឹង​ការងើបស្ទុះ​ឡើង​វិញ នៃសេដ្ឋកិច្ច​សកល នៅក្រោយ​វិបត្តិកូវីដ បូកផ្សំ នឹង​វិបត្តិ​ថាមពល​ឡើងថ្លៃ ជាពិសេស​ហ្គាស តម្រូវការ​ធ្យូងថ្ម សម្រាប់​រោងចក្រ​អគ្គិសនី នឹង​អាច​កើនឡើងខ្ពស់ ជាប្រវត្តិសាស្រ្ត នៅឆ្នាំ ២០២២។

នៅ​ឆ្នាំ ២០២១ ការផលិតអគ្គិសនី​ដែលបាន​មក​ពីថាមពលធ្យូងថ្ម​បានកើនឡើង ៩% បន្ទាប់ពី​តម្រូវការ​អគ្គិសនី​ធ្លាក់ចុះ​យ៉ាង​គំហុក នៅ​ឆ្នាំ ២០២០ ដោយសារ​វិបត្តិសេដ្ឋកិច្ច។ នៅក្នុង​កិច្ចប្រប្រឹងប្រែង​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម ដែលជាប្រភពបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ឥណ្ឌូណេស៊ី ធ្លាប់​បាន​សន្យា​ឈប់​សាងសង់​រោងចក្រ​អគ្គសនី ដើរដោយ​ថាមពលធ្យូងថ្ម ចាប់ពី​ឆ្នាំ ២០២៣ និង​អនុវត្ត​អព្យាក្រឹត្យកាបូន នៅ​ឆ្នាំ ២០៦០។ ប៉ុន្តែ ការសន្យា​របស់​ឥណ្ឌូណេស៊ី​ដែលកំពុងត្រូវការ​ប្រភពថាមពល សម្រាប់​ជំរុញ​សេដ្ឋកិច្ច មិនគ្របដណ្តប់​គម្រោងការ​សាងសង់​រោងចក្រ​អគ្គសនី​ដើរដោយថាមពលធ្យូង​ថ្ម នៅ​កោះ​ស៊ូរ៉ាឡាយ៉ានោះទេ។ រោងចក្រ​អគ្គិសនី ដើរដោយថាមពលធ្យូងថ្ម នៅ​ស៊ូរ៉ាឡាយ៉ា ជា​រោងចក្រ​ដ៏ធំមហាសាល​មួយ នៅ​អាស៊ីអាគ្នេយ៍ ដោយ​វា​អាច​ផលិត​អគ្គិសនី សម្រាប់​ផ្គត់ផ្គង់​ផ្ទះ ជាង ១៤លាន ក្នុង​មួយឆ្នាំៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ