អានតួអត្ថបទ
មូលនិធិរូបិយវត្ថុ​អន្តរជាតិ-ចិន

ចិន​ទាត់​ចោលការ​​រិះគន់​យុទ្ធសាស្ត្រ​ប្រឆាំង​កូវីដ​ របស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ

សេដ្ឋកិច្ច​ចិន​មាន​សុខភាព​ល្អ​គួរ​ជា​ទី​កត់​សម្គាល់។ នេះ​ជា​ការ​យល់​ឃើញ​របស់​ចិន​ក្រោយ​ពី​បាន​ឮ​សេចក្តី​អំពាវនាវ​​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ដែល​ជំរុញ​ឱ្យ​ប៉េកាំង​បន្ធូរ​បន្ថយ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ។ បើ​តាម​IMF យុទ្ធ​សាស្ត្រ​សូន្យ​កូវីដ​ ដ៏​តឹង​តែង​របស់​ចិន ​ប៉ះពាល់ដល់​ការ​ងើ​ប​ឡើង​វិញ​នៃសេដ្ឋកិច្ច​ពិភពលោក។

 រក​ឃើញ​អូមីក្រុង​នៅ​ប៉េកាំង ចិន​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ និង​បិទ​ខ្ទប់​​ប្រជាជាន​រាប់​លាន​នាក់
រក​ឃើញ​អូមីក្រុង​នៅ​ប៉េកាំង ចិន​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ និង​បិទ​ខ្ទប់​​ប្រជាជាន​រាប់​លាន​នាក់ © China Daily via REUTERS
ផ្សាយពាណិជ្ជកម្ម

ចិន​ត្រូវ​តែ​តម្រែ​តម្រឹម​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​​១៩​របស់​ខ្លួន​ឡើង​វិញ។ ​ ការ​​បិទ​ខ្ទប់​ខេត្ត​ក្រុង​ ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ធ្វើ​តេស្ត​ម្តង​ហើយ​ម្តង​ទៀត​ កំរិត​ការ​ធ្វើ​ដំណើរ​ ឱ្យ​តែ​មាន​ផ្ទុះ​ករណី​វិជ្ជមាន​​ច្រើន​បន្តិច បាន​រារាំង​មេរោគ​កូវីដ​​មិន​ឱ្យ​រីក​សាយ​ភាព​​ខ្លាំង​បាន​​​តាំង​ពីនិទាឃរដូវ​ឆ្នាំ​២០២០​មក ហើយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​អាច​មាន​សកម្មភាព​ស្ទើរ​ដូច​ធម្មតា​ឡើង​វិញ​មែន ប៉ុន្តែ​វិធានការ​នេះ​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ង​រ​ណាស់​លើ​សេដ្ឋកិច្ច។ បើ​តាម​លោកស្រី​​នាយក​អង្គការ​រូបិយវត្ថុ​អន្តរជាតិ Gita Gopinath ជាមួយ​មេរោគ​បំប្លែង​អូមីក្រុង ដ៏​មហាឆ្លង​ តែ​មិន​សូវ​កាច ការ​បិទ​ខ្ទប់​ខេត្ត​ក្រុង​ច្រើន​នឹង​ជះ​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ ៖ កំណើន​សេដ្ឋកិច្ច​អាច​នឹង​ត្រូវ​បន្ថយ​ល្បឿន ហើយ​ផលវិបាក​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​​ហៀរ​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ពិភពលោក។

ជា​ឧទាហរណ៍​ ការ​បិទ​ខ្ទប់​និង​ផ្អាក​សកម្មភាព​កំពង់​ផែ​ក្បែរ​ទីក្រុង​សៀងហៃ ដែល​ជា​កំពង់​ផែ​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​នៅលើ​ពិភពលោក​ កាលពី​ខែ​សីហា​២០២១ ព្រោះ​មូលហេតុ​កូវីដ បាន​ធ្វើ​ឱ្យ​ចរាចរណ៍​ដឹកជញ្ជូន​ភស្តុភារ រអាក់រអួល​យ៉ាង​ខ្លាំង​ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ពិភពលោក​ដែល​កំពុង​មាន​ការ​លំបាក​ស្រាប់​ទៅ​ហើយ​ផង។

ប៉ុន្តែ​ជា​ប្រតិកម្ម​តប នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​អះអាង សេដ្ឋកិច្ច​​ចិន​មាន​លទ្ធផល​គួរ​ជា​ទី​កត់​សម្គាល់ សេដ្ឋកិច្ច​ចាប់​មាន​កំណើន​ឡើង​វិញ ហើយ​ចិន​នៅ​តែ​ក្បាល​ម៉ាស៊ីន​​អូស​ទាញ​កំណើន​សេដ្ឋកិច្ចពិភពលោក​ដដែល។ ម្យ៉ាង​វិញ​ ចិន​ចាំ​បាច់​ត្រូវ​តែ​មាន​វិធានការ​ទប់​ទល់​កូវីដ​ ដើម្បីការពារ​ សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​​វិធានការ​នេះ ជា​វិធីសាស្ត្រ ​​​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ ទូទៅ និង​ដ៏​រឹង​មាំ​ ក្នុង​ការ​ការពារ​និង​គ្រប់គ្រង​វីរុស។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍ ​​កាលពី​ថ្ងៃ​អង្គារ​ទី ២៥​មករា ថា​កំណើន​សេដ្ឋកិច្ច​​ចិន​នៅ ឆ្នាំ​នេះ​មាន​កំរិត​ត្រឹម​តែ​៤,៨%​ មិនមែន​៥,៦% ដូច​ការ​ព្យាករ​កាលពី​ខែ​តុលា​ឡើយ។ ក្នុង​កំរិត​ពិភពលោក​វិញ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ពិភពលោក​មាន​ត្រឹម​តែ​៤,៤%​ទល់​នឹង​ជិត​៥,៩%​កាលពី​ឆ្នាំ​ទៅ។ អូមីក្រុង អតិផរណា និង​ការ​ដំឡើង​អត្រា​ការប្រាក់​ សុទ្ធ​សឹង​ជាកត្តា​​ដែលមក​បណ្តុះ​បង្អាប់​​សេដ្ឋកិច្ច​ពិភពលោក​នៅ​ដើម​​​ឆ្នាំ​២០២២​នេះ​។ នេះ​ជាពាក្យ​ព្រមាន​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ