អានតួអត្ថបទ
អូឡាំពិក ប៉េកាំង

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិក្រើនរំលឹកចិន កុំ​ឲ្យយកកីឡាឡូកឡំជាមួយ​នយោបាយ

កីឡា និង​នយោបាយ​ត្រូវ​បែងចែក ឲ្យ​ដាច់ពីគ្នា។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​បាន​និយាយ​នៅថ្ងៃ​សុក្រនេះ​ថា លោក​បាន​សុំជួបជាបន្ទាន់ ភាគីចិន​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក​រដូវរងា​នៅទីក្រុងប៉េកាំង នៅបន្ទាប់ពី​អ្នកនាំពាក្យ របស់​គណៈកម្មការអូឡាំពិក​ជាតិចិន បាន​លើកឡើង​ពី​ការភូតកុហក​ទាក់ទង​នឹង​បញ្ហា​ស៊ីនជាំង និង​រឿងកោះតៃវ៉ាន់។

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក​Thomas Bach នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃទី ១៨កុម្ភៈ ២០២២ នៅទីក្រុង​ប៉េកាំង
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក​Thomas Bach នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃទី ១៨កុម្ភៈ ២០២២ នៅទីក្រុង​ប៉េកាំង REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ លោក​ថូម៉ាស់ បាច់ និយាយថា នៅក្រោយ​សន្និសីទ​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការអូឡាំពិកជាតិចិន លោក​បាន​ទាមទារ​ជំនួប​បន្ទាន់​ជាមួយ​អ្នករៀបចំ​កីឡាអូឡាំពិក នៅទីក្រុង​ប៉េកាំង ដើម្បី រំលឹក​ឲ្យគេដាក់​រឿងនយោបាយ ឲ្យនៅដាច់ឆ្ងាយពី​កីឡាអូឡាំពិក។

សម្រាប់​លោក​ថូម៉ាស់ បាច់ ទាំង​គណៈកម្មការធិការអូឡាំពិកអន្តរជាតិ ហើយនិង​ភាគីចិន ដែលជា​អ្នករៀបចំកីឡាអូឡាំពិក​រដូវរងា នៅទីក្រុង​ប៉េកាំង ត្រូវប្រកាន់​ខ្ជាប់​ជានិច្ច​អព្យាក្រិតភាព មិន​យក​រឿង​នយោបាយ​មកលាយឡំជាមួយ​កីឡា ដែល​មាន​ចែង​នៅក្នុង​ច្បាប់​កីឡាអូឡាំពិក។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​គណៈកម្មាធិការអូឡាំពិជាតិ​ចិន ត្រូវ​បានអ្នកកាសែត​សួរពីរដង​ទាក់ទង​នឹង​បញ្ហា​រំលោភសិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីនជាំង និង​រឿង​តៃវ៉ាន់។ ដំបូងឡើយ លោកស្រី យ៉ាន ជៀរុង Yan Jiarong បាននិយាយ​ថា សំណួររបស់​អ្នកកាសែត​គ្មានជាប់ទាក់ទង​នឹង​ការប្រកួត​កីឡាអូឡាំពិក នៅប៉េកាំង ប៉ុន្តែ លោកស្រី​នៅតែ​ចង់ឆ្លើយ​បញ្ជាក់​ថា សំណួរ​របស់​អ្នកកាសែត​ធ្វើឡើងដោយ​ផ្អែក​ទៅលើ​ព័ត៌មានភូតកុហក និង​ថា អាជ្ញាធរចិន​ធ្លាប់​បាន​បកស្រាយ និង​ទាត់ចោល​រួចហើយ ​ព័ត៌មានក្លែងក្លាយ​ទាំងនោះ ជាមួយ​ភស្តុតាង​ដ៏រឹងមាំ។

ចោទប្រកាន់​អាជ្ញាធរ​ចិន​ថា បានធ្វើ​ទុក្ខបុកម្នេញ និង​អនុវត្តនយោបាយ​បំបាត់​ពូជសាសន៍ ជនជាតិ​អ៊ុយហ្គួរ និង​បង្កើត​ពន្ធនាគារ​ដ៏ធំ​សម្រាប់​ដាក់​ជនជាតិ​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យសហគមន៍អន្តរជាតិ​ធ្វើពហិការ កុំ​ចូលរួមក្នុង​កីឡា​អូឡាំពិកនៅទីក្រុង​ប៉េកាំង។ ប្រទេស​លោកខាងលិច មួយចំនួន​នាំមុខ​ដោយ​អាមេរិក បាន​ធ្វើពហិការការទូត ដោយ​សម្រេច​មិន​បញ្ជូន​មន្រ្តីរបស់ខ្លួន ទៅ​ចូលរួម​ក្នុង​កម្មវិធីប្រកួតកីឡាអូឡាំពិក​រដូវរងា​នៅ​ប៉េកាំង។

អាជ្ញាធរ​ចិនវិញ ​បាន​បដិសេធ​ការចោទប្រកាន់។ ប៉ុន្តែ នៅក្រោយ​ការចុះផ្សាយ​របាយការណ៍ និង​សក្ខីកម្ម​របស់​ជនជាតិ​អ៊ុយហ្គួរ ដែល​បានរត់គេចខ្លួន​នៅក្រោយ​ជាប់ក្នុង​ជំរំ ឃុំខ្លួន នៅ​ខេត្ត​ស៊ីនជាំង ប៉េកាំង​បានទទួលស្គាល់​ថា ពិត​មាន​មជ្ឈមណ្ឌល​អប់រំ សម្រាប់​ជួយបណ្តុះបណ្តាល​ជនជាតិ​អ៊ុយហ្គួរ ប៉ុន្តែ មិនមែន​មន្ទីរឃុំឃាំង ដូចការចោទប្រកាន់។

ទាក់ទង​នឹង​បញ្ហាតៃវ៉ាន់ អ្នកនាំពាក្យ​របស់​គណៈកម្មាធិការអូឡាំពិក​ចិន នៅតែអះអាងថា តៃវ៉ាន់​ជា​ដែនដីខេត្តមួយ​របស់ប្រទេស​ចិន។ នៅលើលោកនេះ មានចិនតែមួយ ហើយ​វាជា​គោលការណ៍​ដែលអន្តរជាតិ​បានទទួល​ស្គាល់​រួចហើយ។

នៅប៉េកាំង កីឡាករ​តៃវ៉ាន់​ចូលរួម​ក្នុងការប្រកួត​កីឡាអូឡាំពិក​ក្រោមឈ្មោះ ចិនតៃវ៉ាន់។ នៅក្នុង​កម្មវិធីបើកសម្ពោធ កីឡាអូឡាំពិក ពួកគេ​មិនអាច​លើកទង់ជាតិ និង​ប្រើភ្លេងជាតិ​តៃវ៉ាន់ បាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ