អានតួអត្ថបទ

ជប៉ុនប្រកាសឈប់ទិញធ្យូងថ្មរុស្ស៊ី និងបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៨នាក់

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្រ្តី​លោក​ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​នា​ថ្ងៃ​សុក្រ ទី៨ មេសា​ថា ជប៉ុន​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​អ៊ុយក្រែន។ នៅ​ក្នុង​ទណ្ឌកម្ម​បន្ថែម​នេះ ជប៉ុន​នឹង​ឈប់​ទិញ​ធ្យូងថ្ម​រុស្ស៊ី និង​បណ្តេញ​មន្រ្តីទូត​រុស្ស៊ី​ចំនួន ៨នាក់​ចេញ​ពី​ជប៉ុន។ គួរ​បញ្ជាក់​ថា ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​បន្ត​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​រុស្ស៊ី​ដោយសារ​ជម្លោះ​នៅ​ប្រជុំ​កោះ​គូរីល។

នាយករដ្ឋមន្រ្តីជប៉ុន លោកហ្វូមីអូ គីស៊ីដា
នាយករដ្ឋមន្រ្តីជប៉ុន លោកហ្វូមីអូ គីស៊ីដា AP - Rodrigo Reyes Marin
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទអន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​ពី​ការ​បង្កើន​គំនាប​ដាក់​រុស្ស៊ី​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត។ « យើង​នឹង​ហាម​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​រុស្ស៊ី។ យើង​នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​ធ្យូងថ្ម​រុស្ស៊ី​បន្តិច​ម្តងៗ ហើយ​យើង​នឹង​កាត់​បន្ថយ​ការ​ពឹង​លើ​ថាមពល​រុស្ស៊ី​ដោយ​ស្វែង​រក​ថាមពល​ផ្សេង​ដាក់​ជំនួស​វិញ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ហ្វូមីអូ គីស៊ីដា។ ក៏​ដូច​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ដែរ នាយករដ្ឋមន្រ្តី​ជប៉ុន​រូប​នេះ​បាន​លើក​ឡើង​ពី​ឧក្រិដ្ឋកម្មសង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

« ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល និង​បាន​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ។ ទាំង​នេះ​ជា​ទង្វើ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​មិន​អត់ឱន​ឲ្យ​បាន​ទេ » នេះ​ជា​ការ​បន្ថែម​របស់​លោក​ហ្វូមីអូ គីស៊ីដា។ គួរ​បញ្ជាក់​ថា បើ​តាម​ទិន្នន័យ​ផ្តល់​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ក្នុង​ចំនួន​បរិមាណ​ធ្យូងថ្ម​ដែល​ជប៉ុន​នាំ​ចូល មាន ១១% បាន​ទិញ​ពី​រុស្ស៊ី។ ក្រៅ​ពី​ធ្យូងថ្ម លោក​ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​រុស្ស៊ី​ដែរ។ តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ទេ។

បន្ទាប់​មក លោក​ហ្វូមីអូ គីស៊ីដា​ក៏​បាន​ប្រាប់​ពី​ទណ្ឌកម្ម​ផ្សេង​ទៀត​ប្រឆាំង​រុស្ស៊ី ដូច​ជា​ការ​បង្ក​កលុយ ការ​ហាម​នាំ​ចូល​គ្រឿង​ម៉ាស៊ីន​ឧស្សាហកម្ម ការ​ហាម​នាំ​ចូល​ស្រា vodka និង​ធានា​ថា ជប៉ុន​នឹង​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ឲ្យ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើបអង្កេត​លើ​ទង្វើ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ដោយឡែក​នៅ​មុន​អន្តរាគមន៍​របស់​លោក​ហ្វូមីអូ គីស៊ីដា ក្រសួង​ការបរទេស​បាន​ប្រកាស​ពី​ការ​បណ្តេញ​មន្រ្តីទូត​រុស្ស៊ី​ចំនួន ៨នាក់​ចេញ​ពី​ប្រទេស។

គួរ​រម្លឹក​ថា ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​បន្ត​មាន​ទំនាក់ទំនង​ល្អក់ កករ​ជាមួយ​រុស្ស៊ី។ នេះ​មក​ពី​ក្រុង​តូក្យូ​មិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ក្រុង​មូស្គូ​នៅ​ក្រោយ​សង្រ្គាមលោក​លើកទី២ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ដណ្តើម​កូនកោះ​ចំនួន ៤ នៅ​ប្រជុំកោះ​គូរីល។ កូនកោះ​ទាំង ៤ នេះ​ត្រូវ​បាន​ទាហាន​សហភាព​សូវៀត​យក​ពី​ជប៉ុន​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី២ និង​ដែល​តាំង​ពី​ពេល​នោះ​មក រុស្ស៊ី​មិន​បាន​ប្រគល់​ឲ្យ​ជប៉ុន​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ