អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ដូងប្រេង

ឥណ្ឌូណេស៊ី​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផលិតផល​​ប្រេង​ដូង​វិញ

បន្ទាប់​ពីហាមឃាត់​អស់​ជិត​មួយ​ខែ​ និង​បាន​ចូល​រួម​ចំណែក​ធ្វើ​ទីផ្សារ​ប្រេង​ឆាពិភពលោក​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​មក ប្រធានាធិបតី​​ឥណ្ឌូណេស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩​ឧសភា អនុញ្ញាត​ឱ្យនាំចេញ​ប្រេង​ដូង ទៅបរទេស​​ឡើង​វិញ​​ ចាប់​ពីថ្ងៃចន្ទទី ២៣​ឧសភា​ទៅ។ វិស័យ​ដូង​ប្រេង​បានសម្តែង​​ការ​ស្វាគមន៍ និង​ស្បើយ​ចិត្ត​​យ៉ាង​ខ្លាំង​ នៅពេល​បាន​ឮ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។

កម្មករនៅចម្ការ​ដូងប្រេង លើកោះ Sumatra ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៨ មករា​២០១៧
កម្មករនៅចម្ការ​ដូងប្រេង លើកោះ Sumatra ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៨ មករា​២០១៧ Jefta Images / Barcroft Images / Barcroft Media via Getty Images
ផ្សាយពាណិជ្ជកម្ម

“យោ​ល​ទៅលើទិន្នផល​ និង​​ស្ថានភាព​ប្រេងឆាបំរុង ព្រមទាំង​ស្ថានភាព​ពលករកម្មករ​ទាំង​១៧​លាន​នាក់​ធ្វើការ​ក្នុង​វិស័យ​ដូង​ប្រេង ឥណ្ឌូណេស៊ី​បើក​ឱ្យ​​នាំចេញ​ប្រេង​ឆា​ (ប្រេង​ដូង​) ឡើងវិញ ចាប់​ពី​ថ្ងៃទី ២៣​ឧសភា​ទៅ...” នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ក្នុង​សុន្ទរកថា​ដ៏​ខ្លី​តាម​អន​ឡាន បង្ហោះ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៩​ឧសភា ដោយ​បញ្ជាក់​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាលនឹង​​បន្ត​តាមដាន​ស្ថានភាព​ទីផ្សារ​ក្នុង​ស្រុក​ជា​ប់​ជា​និច្ច​ដើម្បី​ធានា​រក្សា​ស្ថិរភាព​តម្លៃ​ឱ្យ​នៅថោក​ល្មម​ជា​និច្ច​សម្រាប់​ប្រជាពលរដ្ឋ។ ជាមួយ​នឹង​ការ​អបអរ​ ប្រធាន​សមាគម​ក្រុម​អ្នក​ផលិត​ប្រេង​ដូង ក៏​បាន​សន្យា​ជួយ​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់​គ្រាន់​ដែរ។

សូម​បញ្ជាក់​ថា​ កាលពី​ចុង​ខែ​មេសា លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ចេញ​ក្រិត្យ​បញ្ជា​​ឱ្យ​ផ្អាក​ការនាំ​ចេញ​ប្រេង​ដូង​មួយ​រយៈ​ ដោយ​សំអាង​ថា​ការ​ផ្គត់​ផ្តង់​ប្រេង​ដល់​ប្រជាពលរដ្ឋ​ជា​អាទិភាពចម្បង​ជាង។ សេចក្តីសម្រេច​ចិត្ត​​​​ផ្អាកការ​​នាំចេញ​ប្រេង​ធញ្ញជាតិនេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ថា​មាន​​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆា​លើ​ទីផ្សារពិភពលោក ដែល​តានតឹង​ស្រាប់​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន ឡើង​ថ្លៃ​ដល់​កំរិត​កំពូល​​ជា​ប្រវត្តិសាស្ត្រ។ អ៊ុយក្រែន​ដែល​ធ្លាប់​ផ្គត់ផ្គង់​ទីផ្សារ​​​ប្រេង​ឆា​ផ្កាឈូករ័ត្ន​ពិភពលោក​ ដល់​ទៅ​​​​៥០%​ មិន​អាចនាំ​ចេញ​​​ផលិតផល​របស់​ខ្លួន​ដោយ​ហេតុ​តែ​សង្គ្រាម។

នៅក្នុង​ផ្ទៃ​ប្រទេសវិញ ព្យួរ​ការ​នាំ​ចេញ​បាន​ធ្វើ​ឱ្យ​តម្លៃផ្លែ​​ដូង​ប្រេង​ធ្លាក់​ចុះ​យ៉ាង​គំហុក ​​ឯតម្លៃប្រេង​​(ប្រេងឆា)បោះដុំ​ក៏​បាន​ ធ្លាក់​ជិត​ស្មើ​ដើម​ គួរ​ជា​ទី​ព្រួយ​បារម្ភ​សម្រាប់​ក្រុម​ហ៊ុនដែល​ចង់​ឆ្លៀត​ឱកាស​​នាំ​ប្រេង​ដូង​ទៅលក់​នៅបរទេស​ពេល​កំពុង​បាន​ថ្លៃ។ កាលពីសប្តាហ៍មុន ក្រុមអ្នកផលិត​ដូងប្រេង បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការធ្លាក់​ថ្លៃ​នេះ។ ម្យ៉ាង​វិញ​ទៀត ​គ្មានការនាំចេញ ឥណ្ឌូណេស៊ី​ក៏​គ្មាន​​សមត្ថភាព​ស្តុកទុកច្រើនលើស​ទេ ព្រោះ​ឃ្លាំង​បំរុង​ប្រេង​ពេញ​ប្រៀប​ស្ទើរ​ទាំង​អស់ទៅ​ហើយ។

ឥណ្ឌូណេស៊ីជា​ប្រទេស​នាំ​ចេញ​​​ប្រេង​ដូងលំដាប់​លេខ​មួយ​ពិភពលោក ដោយ​មាន​ឥណ្ឌា ចិន សហភាព​អឺរ៉ុប និង​ប៉ាគីស្ថាន​ជា​​អតិថិជន​ចំបងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ