អានតួអត្ថបទ
ចិន-ស៊ីនជាំង

អ្នក​ជំនាញ​ឯករាជ្យ​ អ.ស.ប. លើក​ឡើង​ពី​ករណី​ទាសភាព​បែបថ្មី នៅ​ស៊ីនជាំង

ជនជាតិ​ភាគ​តិច​ រស់​នៅ​តំបន់​ស៊ីនជាំង ប្រទេស​ចិន ជាប់​កំហិត​ត្រូវ​ធ្វើពលកម្ម​ដោយបង្ខំ​។ ការចាប់​បង្ខំ​មនុស្ស​ឱ្យ​ធ្វើ​ការបែប​នេះ​ អាច​ជា​ចាត់​ទុកថា​ជា​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ នេះ​ជា​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​អង្គការ​សហប្រជាជាតិ​ ដែល​អាជ្ញាធរ​ចិន​បាន​បរិហារ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ។

មណ្ឌល​ឃុំឃាំង​មួយ នៅ​ក្រុង​Urumqi នៃ​តំបន់​ស៊ីនជាំង
មណ្ឌល​ឃុំឃាំង​មួយ នៅ​ក្រុង​Urumqi នៃ​តំបន់​ស៊ីនជាំង AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ក្រុម​អ្នក​រាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ ដែល​ជា​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ បាន​លើក​ឡើង​ថា ​​មានការ​ប្រព្រឹត្ត​​អំពើ​ទាសភាព​បែប​ថ្មី ពីរ​​ទម្រង់ នៅ​តំបន់​ស៊ីនជាំង តាម​រយៈ​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ដែល​រដ្ឋ​ចិន​បាន​រៀប​ចំឡើង មាន​ជាអាទិ៍​នៅក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម។ ​មណ្ឌល​អប់រំ​និង​បំពាក់​បំប៉ន​វិជ្ជាជីវៈ​ ដែល​មាន​​ឃុំ​ឃាំង​ជនជាតិ​ភាគ​តិច ​ជា​កន្លែង​​​រៀនសូត្រ​​ដើម្បី​មាន​​អាជីព។​ ដើម្បី​កាត់​បន្ថយភាព​ក្រីក្រ​ អាជ្ញាធរ​ចិន​បាន​ប្រើ​នយោបាយ​ផ្ទេរ​ផ្លាស់​ពលករ​ក្នុង​មូលដ្ឋាន។ កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​ការងារ​និង​បង្កើន​ចំណូល​ដល់​ជនជាតិ​ភាគតិច ប៉ុន្តែ​អំណាច​គ្រប់គ្រង​ពលករ​ទាំងអស់​នោះ​ ខ្លះ​មាន​ទម្រង់​ដូច​ប្រើ​ទាសករ។ ដូច្នេះ​គួរ​តែ​មាន​ការ​សិក្សា​វិភាគ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត។ នេះ​បើ​តាម​របាយការណ៍​ដដែល។​

បើ​តាមម្ចាស់សំណេរ ​លោក​ តូម៉ូយ៉ា អូបូកាតា ​របាយការណ៍ចេញ​ផ្សាយ​នៅថ្ងៃទី ១៦​សីហា​នេះ​​ផ្អែក​លើ​​​ការងាររបស់​ក្រុម​ស្រាវជ្រាវ ​របស់​អង្គការក្រៅ​រដ្ឋាភិបាល សក្ខីកម្ម​របស់​ជន​រងគ្រោះ និង​សេចក្តីពន្យល់​របស់​រដ្ឋាភិបាល​ចិន។ ប៉ុន្តែអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ ចោទ​​អ្នក​និពន្ធ​ថា​បាន​ស្តាប់​ពាក្យ​ភូតភនិង​ព័ត៌មាន​មិន​ពិត​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ ព្រមទាំង​ប្រទេស​ផ្សេង និង​ក្រុមប្រឆាំង​ចិន។

នៅក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​ស៊ីនជាំង​កាលពី​ខែ​ឧសភា​កន្លង​ទៅ លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បានបរិហារ​សកម្មភាព​ហិង្សា​នៅស៊ីនជាំង និង​បាន​​អំពាវនាវ​ឱ្យ​ប៉េកាំង​ចៀសកុំ​ប្រើ​វិធានការ​បំពាន​សិទ្ធិមនុស្ស។ កាលពី​ខែ​មុន​ បុរស​ខ្លាំង​ចិន លោក​​ស៊ីជីនពីង បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ស៊ីនជាំង​ ជា​លើក​ទីមួយ និង​បាន​សរសើរ​អំពីភាព​ជឿន​លឿន​របស់​តំបន់​។

មាន​ផ្ទៃដី​ធំជាង​ប្រទេស​បារាំង​បីដង ស៊ីនជាំងជា​ដែនដី​ចិន​ដែល​រង​ការ​ត្រួត​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់​បំផុត ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉េកាំង តាំងពី​ជា​ច្រើន​ឆ្នាំមកហើយ។ អាជ្ញាធរ​ចិន​បាន​ចោទ​ក្រុម​ផ្តាច់​ទឹក​ដី​និយម និង​អ៊ីស្លាម​ជ្រុលនិយម​​អ៊ុយហ្គួ​រដែល​​​ជនជាតិ​ភាគ​តិចកាន់​សាសនា​អ៊ីស្លាម​ដ៏​ចម្បង​គេ​ប្រចាំ​តំបន់ ជាអ្នក​បង្ក​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល។

ឯ​ក្រុម​ប្រទេស​លោក​ខាង​លិច បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ប៉េកាំង ថា​បាន​ប្រើ​នយោបាយ​បង្កាប​ ជនជាតិ​ភាគតិច​អ៊ុយហ្គួ​រនិង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ផ្សេង​ទៀត ចំនួ​ន​ជាង​មួយ​លាន​នាក់ ដោយ​ចាប់​ឃុំ​ក្នុង​ជំរំ​អប់រំ ឬ​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់ ឬ​ចាប់​បង្ខំ​មិន​ឱ្យ​បង្ក​កំណើត​បាន។ សម្រាប់​សហរដ្ឋ​អាមេរិក​និង​បណ្តាប្រទេស​ជា​ច្រើន​ទៀត នេះ​ជា​ទង្វើ​បែបប្រល័យ​ពូជសាសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ