អានតួអត្ថបទ

កៀហ្ស៊ីស៊ីស្ថាន និង​តាហ្សីគីស្ថាន​ផ្ទុះអាវុធ​ដាក់គ្នា​នៅព្រំដែន ដែលបង្ក​ឲ្យមានមនុស្សរបួស​ជាង​៣០នាក់

បន្ទាប់ពី អាមេនី និង​អាស៊ែបៃហ្សង់ អតីត​ប្រទេស​សហភាពសូវៀត​ពីរ​ទៀត​បាន​ផ្ទុះអាវុធ​ដាក់គ្នា នៅ​ព្រំដែន នៅថ្ងៃ​សុក្រ ទី ១៦​កញ្ញា​២០២២។ តាម​មន្រ្តី​កៀហ្ស៊ីស៊ីស្ថាន ការផ្ទុះអាវុធ​នៅព្រំដែន នៅព្រឹកថ្ងៃ​សុក្រ បាន​បង្ក​ឲ្យមាន​មនុស្ស​របួស​ជាង ៣០នាក់ នៅ​ខាង​ភាគី​កៀហ្សីស៊ីស្ថាន។ ការប៉ះទង្គិចអាវុធ​ដ៏ហិង្សា​នៅព្រំដែន​ប្រទេស​តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន បាន​កើតឡើង​នៅចំពេល​ដែល ប្រធានាធិបតី របស់​ប្រទេស​ទាំងពីរ​កំពុង​មាន​វត្តមាន ចូលរួម កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែលរៀបចំ ជាផ្លូវការ​នៅ​ថ្ងៃ​សុក្រនេះ នៅ​ប្រទេស​អ៊ូសបេគីស្ថាន។

ខ្មោចរថពាសដែក​របស់​ទាហាន​កៀហ្ស៊ីស៊ីស្ថាន​នៅក្នុង​ពេល​ផ្ទុះអាវុធ​នៅតាម​ព្រំដែនជាមួយ ទាហាន​តាហ្ស៊ីគីស្ថាន​កាលពីឆ្នាំ ២០២១
ខ្មោចរថពាសដែក​របស់​ទាហាន​កៀហ្ស៊ីស៊ីស្ថាន​នៅក្នុង​ពេល​ផ្ទុះអាវុធ​នៅតាម​ព្រំដែនជាមួយ ទាហាន​តាហ្ស៊ីគីស្ថាន​កាលពីឆ្នាំ ២០២១ REUTERS - VLADIMIR PIROGOV
ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​ប្រធានាធិបតី​របស់​តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ដែលផ្តោត ទៅលើ​បញ្ហាសន្តិសុខ នៅក្នុង​តំបន់ កងទ័ព​របស់​ប្រទេស​ទាំងពីរ​ឯណោះវិញ បាន​ផ្ទុះអាវុធ ដាក់គ្នា មួយប្រាវ នៅព្រឹកថ្ងៃសុក្រនេះ ដោយ​បាន​បង្ក​ឲ្យមាន​មនុស្ស​របួស ជាង​៣០នាក់ នៅខាង​ភាគី កៀហ្ស៊ីស្ថាន។

តាម​រដ្ឋមន្រ្តីក្រសួង សុខាភិបាល​កៀហ្ស៊ីស៊ីស្ថាន នៅក្នុង​មនុស្ស​របួស​៣១នាក់ មាន៤នាក់​ជាទាហាន​ដែលត្រូវ​របួស​ដោយសារគ្រាប់កាំភ្លើង។

ការប៉ះទង្គិច​អាវុធ ដ៏ហិង្សា នៅព្រឹកថ្ងៃ​សុក្រនេះ កើតនៅ​ត្រង់​តំបន់​ជម្លោះព្រំដែន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន ដោយ​ភាគី​ទាំងពីរ បាន​និយាយ​ចោទប្រកាន់​គ្នាទៅវិញ​ទៅមក ថា ជាអ្នកបង្ក​រឿងមុន។ តាម​សេចក្តីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​ឆ្មាំព្រំដែន​កៀហ្ស៊ីស៊ីស្ថាន កងទ័ព​តាហ្ស៊ីគីស្ថាន​បាន​ប្រើប្រាស់​សព្វាវុធ​ធុនធ្ងន់ ដូចយន្តហោះចម្បាំង គ្រាប់រ៉ុកកែ្កត រថពាសដែក បាញ់​បំផ្លាញ ព្រលានយន្តហោះកៀហ្ស៊ីស៊ីស្ថាន នៅទីក្រុង​ជាប់ព្រំដែន ក្នុង​តំបន់​Batken។

តាហ្ស៊ីគីស្ថាន​វិញ បាន​ចោទប្រកាន់​កងកម្លាំង​កៀហ្ស៊ីស៊ីស្ថាន​ថា អ្នកចាប់ផ្តើម​វាយប្រហារ ដោយ​បានបាញ់គ្រាប់យ៉ាងសន្ធឹក ទៅលើ​ផ្ទះប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទឹកដី តាហ្ស៊ីគីស្ថាន។

អាជ្ញាធរ​តាហ្ស៊ីគីស្ថាន​មិន​បានបញ្ជាក់​ពី​ចំនួន​មនុស្ស​រងគ្រោះ​នៅក្នុងការប៉ះទង្គិច​អាវុធ នៅថ្ងៃនេះទេ ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី Ria-Novosti​បាន​ចុះផ្សាយ​ថា ទាហាន​តាហ្ស៊ីគីស្ថាន​ម្នាក់ស្លាប់ ចំណែក ឆ្មាំព្រំដែន ៣នាក់​ផ្សេងរងរបួស។

នៅក្រោយការប៉ះទង្គិចអាវុធ​ដ៏ហិង្សា នៅព្រំដែន​ប្រទេស​អាស៊ីកណ្តាល​ទាំងពីរ សម្ព័ន្ធ​សន្តិសុខ ដឹកនាំ​ដោយ​រុស្ស៊ី បានចូលខ្លួន​អន្តរាគម និងបាន​ប្រកាស​បទឈប់​បាញ់ ដែល​យល់​ព្រមព្រៀង​ដោយ​ភាគីជម្លោះ​ទាំងពីរ។

មានព្រំដែន​ជាប់គ្នា ប្រវែង ៩៧០គីឡូម៉ែត្រ អតីតប្រទេស​សហភាព​សូវៀត​ទាំងពីរ កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន ​ផ្ទុះអាវុធ​ដាក់គ្នា ជាញឹកញាប់​ដោយសារ​ជម្លោះដណ្តើមទឹកដី​នៅព្រំដែន​ប្រទេស​ទាំងពីរ។ នៅឆ្នាំ ២០២១ ការប្រយុទ្ធគ្នា​ដ៏ហិង្សា បាន​សម្លាប់​ទាហាន​របស់​ប្រទេស​ទាំងពីរ ប្រមាណ ៥០នាក់។ ការផ្ទុះអាវុធ​នៅព្រំដែន​តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន លើកនេះ ធ្វើ​ឲ្យគេ​ព្រួយបារម្ភថា នឹង​អាច​រាលដាល​ទៅ​ជាសង្រ្គាមវាយប្រយុទ្ធគ្នា រវាងប្រទេស​អតីត​សហភាព សូវៀត ទាំងពីរ។ ហេតុការណ៍នេះ កើតឡើង នៅ​ខណៈពេល​ដែល ការប្រយុទ្ធគ្នា នៅសប្តាហ៍នេះ រវាង​ប្រទេស​អតីតសហភាព​សូវៀត​ពីរ​ទៀត គឺ​អាមេនី និង​អាស៊ែបៃហ្សង់ បាន​សម្លាប់​មនុស្ស​យ៉ាងហោច ១៣៥នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ