អានតួអត្ថបទ
ភូមា-សិទ្ធិមនុស្ស

Amnesty International៖ របបសិកភូមា បង្វែរ​ប្រេង​ឥន្ធនៈ​ពី​​វិស័យ​អាកាសចរណ៍​ស៊ីវីល យកទៅ​​ប្រើ​ដើម្បី​​ធ្វើ​​អំពើឧក្រិដ្ឋ

របបសិកភូមា បានបង្វែរប្រេងឥន្ធនៈ ដែលសម្រាប់​ប្រើ​ប្រាស់ ក្នុងវិស័យ​អាកាសចរណ៍ស៊ីវីល យកទៅឲ្យ​កងទ័ពអាកាសភូមាប្រើ ដើម្បី​ធ្វើការវាយ​ប្រហារ បាញ់​សម្លាប់ជីវិត​ជនស្លូតត្រង់។ នេះគឺជាការសន្និដ្ឋាន និងចោទប្រកាន់​​នៅក្នុង​របាយការណ៍​ របស់អង្គការ Amnesty International ដែលចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្មានខែចុងក្រោយ​នេះ កងទ័ពភូមា​បាន​បើកការវាយ​ប្រហារ បាញ់រះពីលើអាកាស មក​លើភូមិស្រុក ផ្ទះសម្បែងប្រជាជនដោយឥតរើសមុខ ដោយចោទថាជាទីតាំងរបស់​ក្រុមឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។

ទីតាំងសាលារៀនមួយ នៅភូមិ Taung Myint តំបន់ Magway ត្រូវឆេះ​បន្ទាប់ពីរងការបាញ់វាយប្រហារ ពីលើអាកាស របស់​កងទ័ពភូមា ថ្ងៃទី ១៦ តុលា ២០២២
ទីតាំងសាលារៀនមួយ នៅភូមិ Taung Myint តំបន់ Magway ត្រូវឆេះ​បន្ទាប់ពីរងការបាញ់វាយប្រហារ ពីលើអាកាស របស់​កងទ័ពភូមា ថ្ងៃទី ១៦ តុលា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ក្រុមការងាររបស់អង្គការ​ Amnesty International បាន​តាមដានយ៉ាងជាប់ស្អិត នូវក្បួន​ដឹក​ជញ្ជូនប្រេងឥន្ធនៈចំនួន៨នាវា ទៅកាន់​កំពង់ផែ Thilawa ប្រទេសភូមា នៅរវាង​ខែ​កុម្ភៈឆ្នាំ២០២១ ដល់ខែ​កញ្ញាឆ្នាំ​២០២២។ យ៉ាងហោចណាស់ ប្រេងឥន្ធនៈចំនួន​២នាវា ដែលមួយមកពីក្រុមហ៊ុនចិន PetroChina មួយទៀតជារបស់ Thail Oil ត្រូវបាន​ប្រគល់ដោយ​ផ្ទាល់ទៅដល់ដៃកងទ័ពភូមា។ នេះបើផ្អែក​តាមការពិនិត្យ ឯកសារគយ និងឯកសារផ្ទៃក្នុង​ផ្សេងទៀត។

របាយការណ៍បានអះអាងថា ការដឹកជញ្ជូន​ប្រេងឥន្ធនៈទាំងនេះ គឺត្រូវបានចាត់ចែង​ប្រតិបត្តិការ ដោយក្រុមហ៊ុនភូមា​២ ដែលជាសាខារបស់​ក្រុមហ៊ុនប្រេងស្វ៊ីស Puma ហើយ​ក្នុងចំណោមនោះ គឺមាន១ជាក្រុម​ហ៊ុនរដ្ឋភូមា។ យោងតាម Amnesty International ក្រុមហ៊ុន​ភូមាមួយ​ក្នុងចំណោម២នោះ បាន​បង់ប្រាក់ជួល​ក្រុមហ៊ុនដឹកជញ្ជូន​មួយទៀត ឲ្យ​ដឹកប្រឹងឥន្ធនៈទៅដល់ទីកន្លែងស្តុក​ប្រេង១កន្លែង​​ របស់កងទ័ពភូមា។ ហើយយោងតាមសាក្សី​អតីតទាហានភូមា ការវាយ​ប្រហារកន្លងមកនេះ គឺត្រូវបាន​បញ្ជាចេញពី​មូលដ្ឋានទ័ពអាកាស២ទីតាំង ហើយដែលធម្មតាតែងតែ​ប្រើប្រេង​បានមកពី​ទីតាំងស្តុកខាងលើ។

គួរបញ្ជាក់ថា ចាប់តាំងពី​ក្រោយ​រដ្ឋប្រហារយោធាមក របបសិកបាន​ប្រើប្រាស់កងទ័ពអាកាស ឲ្យ​បើកការវាយ​ប្រហារជាច្រើន​លើកច្រើនសារទៅលើភូមិស្រុក ផ្ទះសម្បែងរបស់ប្រជាជន ដោយចោទថាជាទីតាំង​លាក់ខ្លួន របស់​ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលប្រឆាំងនឹងរបបសិកភូមា។ ជាក់ស្តែង កាលពីខែតុលា ការវាយប្រហារបាញ់រះពីលើអាកាស នៅតំបន់ភាគខាងជើង បាន​បណ្តល​ឲ្យ​ស្លាប់​ជនស៊ីវីល​ជាង​៥០នាក់។ ការវាយប្រហារដោយ​ឥតរើសមុខបែបនេះ អាចត្រូវបាន​ចាត់ទុក​ជា​ ឧក្រិដ្ឋកម្មសង្គ្រាម​។

ក្រុមហ៊ុន Singapore Petroleum Companay  Rosneft  Chevron និង Thai Oil ជាដើម សុទ្ធតែបានអះអាងប្រាប់ Amnesty International ថាខ្លួន​នឹកស្មានថា ប្រេង​ដែលខ្លួន​ផ្គត់ផ្គង់ទៅឲ្យ​ភូមា គឺសម្រាប់ប្រើតែ​​ក្នុងវិស័យអាកាសចរណ៍ស៊ីវីល ដោយ​មិនដឹងថា ត្រូវកងទ័ពភូមាយកទៅប្រើនោះទេ។ ក្រុមហ៊ុនស្វ៊ីល Puma ក្រុមហ៊ុនថៃ Thai Oil និ​ងក្រុមហ៊ុនន័រវែស Wilhelmsen បានបញ្ជាក់ថា គេកំពុងពិ​ចារណា ដកខ្លួនឈប់រកស៊ីជាមួយភូមា បន្ទាប់ពីបានទទួលដំណឹងថា ប្រេងឥន្ធនៈរបស់ខ្លួន​ ត្រូវកងទ័ពភូមា​​បង្វែរយកទៅប្រើ​ ដោយ​ខុសនឹងលក្ខន្តិកៈ។

Amnesty International បានអំពាវនាវ ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិករទាំងអស់ ត្រូវដកខ្លួន ឬព្យួរសកម្មភាព​ដឹកជញ្ជូន​ប្រេងឥន្ធនៈទៅ​កាន់ភូមា ​មិនថាដោយ​ផ្ទាល់ ឬដោយ​ប្រយោល។ លោកស្រី Montse Ferrer អ្នកស្រាវជ្រាវ​ម្នាក់​របស់ Amnesty International ទទួលស្គាល់ថា ប្រការនេះពិតជាប៉ះពាល់ដល់វិស័យអាកាសចរណ៍ស៊ីវីលដោយចៀសមិនរួច តែដរាបណា​កងទ័ពភូមានៅតែបង្វែប្រេងឥន្ធៈទាំងនោះ នោះជនស្លូតត្រង់និងបន្តស្លាប់ ហើយ​ត្រូវ​ភៀសខ្លួន​កាន់តែច្រើន ជារៀងរាល់ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ