អានតួអត្ថបទ
អាល្លឺម៉ង់-វៀតណាម

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ អំពាវនាវ​ឱ្យ​រឹត​ចំណង​ពាណិជ្ជកម្មអឺរ៉ុប​និងអាស៊ីអាគ្នេយ៍

ក្នុង​បរិបទ​នៃ​សង្គ្រាម​អ៊ុយក្រែន និង​ដើម្បីកាត់​បន្ថយ​ភាពរំពឹង​លើ​ចិន សហភាពអឺរ៉ុប ត្រូវ​តែ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន​។ នេះ​ជា​សេចក្តីប្រកាស​របស់​លោក អូឡាហ្វ ស្ហុលស៍ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​សហគ្រាស​នៅ​ប្រទេស​សិង្ហបុរី។ មុន​មក​ដល់​សិង្ហបុរី លោក​ អូឡាហ្វ ស្ហុលស៍បាន​ឆៀង​ចូលក្រុង​​ហាណូយ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ថាមពល​ជាមួយ​នាយករដ្ឋមន្ត្រី​​វៀតណាម​។

លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Olaf Scholzនិង​នាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh នៅទីក្រុង​ហាណូយ ថ្ងៃទី ១៣ វិច្ឆិកា ២០២២
លោកប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Olaf Scholzនិង​នាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh នៅទីក្រុង​ហាណូយ ថ្ងៃទី ១៣ វិច្ឆិកា ២០២២ AFP - LUONG THAI LINH
ផ្សាយពាណិជ្ជកម្ម

វៀតណាម​និង​សិង្ហបុរី ជា​ប្រទេសនៅអាស៊ីអាគ្នេយ៍​តែ​​ពីរគត់​ដែល​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្តោះប្តូរ​សេរី​ជាមួយ​សហភាព​អឺរ៉ុប និង​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចម្បង​រប​ស់​អឺរ៉ុប​ប្រចាំតំបន់។ ហេតុ​ដូច្នេះ​ហើយ​បាន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ចូល​រួម​ជំនួប​កំពូល​ហ្សេ​២០ នៅ​បាលីប្រទេស​ឥណ្ឌូណេស៊ី លោក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ឆ្លៀត​ចូល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​គន្លឹះ​ទាំងពីរ។

នេះ​​ជា​លើក​ទី​មួយ គិត​តាំងពី​ជាង​១០ឆ្នាំ​មក​ ដែល​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​អញ្ជើញ​ទៅ​ក្រុង​ហាណូយ។ ​​ក្នុង​សន្និសីទ​កាសែត​រួម​​ជាមួយសមភាគី​វៀតណាម លោក អូឡាហ្វ ស្ហុលស៍ បាន​ប្រកាស​ថា​ប៊ែរឡាំងចង់​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​​ជាមួយ​វៀតណាម​ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​​គាំទ្រ​វៀតណាម​ក្នុង​ការធ្វើ​អន្តរកាល​ថាមពល​ស្អាត។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​ អាល្លឺម៉ង់​​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីពីរ​​របស់វៀតណាម និង​មាន​ក្រុមហ៊ុន​​ប្រមាណ​៥០០​កំពុង​​រក​ស៊ី​នៅ​ក្នុងប្រទេស​នេះ ក្នុង​នោះ​៨០ក្រុមហ៊ុន​មានដំឡើង​​រោងចក្រ​ផលិត​កម្ម​ផង។ រោង​ចក្រ​ធំគួរ​ឱ្យកត់​សម្គាល់​ជាង​គេ គឺ​រោងចក្រ​ Bosch រោងចក្រ​ថាមពល​Messer និង​រោងចក្រ​ផលិត​គ្រឿង​បន្លាស់សម្រាប់​ផលិត​រថយន្ត។ មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​​ច្រើន​ទៀត កំពុង​ស្វែងរក​ជម្រើស​ថ្មី ដែល​ស្ថិត​នៅក្រៅ​ទឹក​ដី​ចិន។ ៩០%​សំឡឹង​ឃើញ ​វៀតណាម និង​ថៃ។

​ប្រព្រឹត្ត​ទៅ​តែមួយ​សប្តាហ៍​ក្រោយ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ ទស្សនកិច្ចរបស់​លោក​ ស្ហុលស៍​នៅវៀតណាម​ មាន​កម្មវត្ថុពង្រីកជម្រើសនៃការ​​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​នៅ​អាស៊ី ដែល​ប្រទេស​ខ្លះ​ ដូចយ៉ាង​វៀតណាម មាន​កំណើន​សេដ្ឋកិច្ច​ស្ទុះ​លឿន​ខ្លាំង​ជាង​គេ​មួយ​នៅលើ​ពិភពលោក។ អាល្លឺម៉ង់​ប្រាថ្នា​ចង់​កាត់​បន្ថយ​ភាព​រំពឹង​ខ្លាំង​​លើ​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទីមួយ​របស់​ខ្លួន គឺ​ចិន ព្រោះ​សង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែនដែល​បង្ក​ឱ្យ​មាន​​វិបត្តិថាមពល​នៅអឺរ៉ុប បាន​ដាស់​អាល្លឺម៉ង់​ឱ្យ​កាន់​តែយល់​អំពីហានិភ័យ​នៃ​ការ​មាន​ប្រភព​ផ្គត់ផ្គង់​តែ​មួយ។

សម្រាប់​លោក ស្ហុលស៍​ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រភព​តែមួយ និង​មាន​ហានិភ័យ សម្រាប់​​វិស័យ​ចាំបាច់​ខ្លះ​ មាន​តួនាទី​សំខាន់​ណាស់​ក្នុងយុទ្ធសាស្ត្រ​សន្តិសុខជាតិ​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ