អានតួអត្ថបទ
វៀតណាម

សភាអឺរ៉ុប​ អំពាវនាវ​ឲ្យ​វៀតណាម​ ដោះលែង​អ្នក​រិះគន់​​តាម​​អ៊ីនធើនែត​​​ម្នាក់​

សភានៃសហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ទី ១៤ធ្នូ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សង្គមនិយម​វៀតណាម​ ដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ យុវជន​ម្នាក់ ឈ្មោះ  ​ង្វៀន វ៉ាន់ហួ ​ដែលបានរិះគន់រដ្ឋាភិបាល​វៀតណាម តាមបណ្តាញ​សង្គម​ហ្វេសប៊ុក ស្តីពីការបំពុលបរិស្ថាន។​ សភាអឺរ៉ុប ក៏បានអំពាវនាវ ផងដែរ ឲ្យ​វៀតណាម ធ្វើការ​កែប្រែ​ច្បាប់​ ដែល​មាន​លក្ខណៈ រារាំងការប្រើសិទ្ធិសេរីភាព ក្នុងការបញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋខ្លួន។

យុវជន Nguyen Van Hoa​ ដែលត្រូវ​តុលាកា​រ​វៀតណាម កាត់​ទោស​​ឲ្យ​ជាប់គុក ​៧ឆ្នាំ​​
យុវជន Nguyen Van Hoa​ ដែលត្រូវ​តុលាកា​រ​វៀតណាម កាត់​ទោស​​ឲ្យ​ជាប់គុក ​៧ឆ្នាំ​​ RFI
ផ្សាយពាណិជ្ជកម្ម

យុវជនអាយុ២២ឆ្នាំ ឈ្មោះ ង្វៀន វ៉ាន់ហួ (Nguyen Van Hoa) បានសរសេរសាររិះគន់ ទៅលើរដ្ឋាភិបាលវៀតណាម នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីឆ្នាំ២០១៦។ សាររិះគន់ បញ្ចេញមតិនេះ គឺយុវជននេះ បានសរសេរ ដោយបានលើកឡើងពីករណីបំពុលបរិស្ថាន បង្ហូរជាតិពុលទៅក្នុងទឹកសមុទ្រ ដោយរោងចក្រចិនតៃវ៉ាន់មួយ។ យុវជននេះ បានលើកឡើងពីភាពអសកម្ម និងការស៊ុំគ្រលំពុករលួយរបស់អាជ្ញាធរវៀតណាម។

កាលពីចុងខែវិច្ឆិកា កន្លងទៅនេះ យុវជន ង្វៀន វ៉ាន់ហួ​ ត្រូវបានតុលាការវៀតណាម ផ្តន្ទាទោស ឲ្យជាប់​​ពន្ធនាគារ រយៈពេល៧ឆ្នាំ ពីបទឃោសនាប្រឆាំងនឹងរដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌវៀតណាម។

សភាអឺរ៉ុបអំពាវនាវនៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ធ្នូ ថាវៀតណាម ត្រូវតែដោះលែងយុវជន ង្វៀន វ៉ាន់ហួ ព្រោះអ្វីដែលយុវជននេះធ្វើ គឺគ្រាន់តែជាអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ តែប៉ុណ្ណោះ។ ក្រុមសមាជិកសភាអឺរ៉ុប បានលើកឡើងថា អាជ្ញាធរវៀតណាម មានការយល់ឃើញ កាន់តែចង្រ្អៀតទៅៗ ទាក់ទិនទៅនឹងការអនុវត្តសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្លួន។ វៀតណាម បានប្រើគ្រប់មធ្យោបាយ  ដូចជាការគំរាមកំហែងលើរូបរាងកាយ ចាប់បង្ឃាំងមនុស្ស ដោយគ្មានឆ្លងកាត់ការជុំនុំជំរះពីតុលាការ ការសំឡុតបំភ័យ បំបាក់ស្មារតី មិនឲ្យមានការរិះគន់តវាជាដើម មិនថាទៅលើសកម្ម​ជនសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន សិល្បៈករ  ឬអ្នកច្បាប់នោះទេ។

សភាអឺរ៉ុប ក៏បានអំពាវនាវដែរថា មាត្រា៨៨ នៃក្រមព្រហ្មទណ្ឌវៀតណាម គឺជាមាត្រាច្បាប់ ដែលរដ្ឋាភិបាល​ប្រទេសនេះ យកមកធ្វើជាលេស ដើម្បីចាប់ចង បំបិទមាត់អ្នកប្រឆាំងរិះគន់ខ្លួនតែប៉ុណ្ណោះ។ វៀតណាម ត្រូវតែធ្វើកំណែទម្រង់ មិនត្រូវយកលេសថា “ដើម្បីសន្តិសុខ ស្ថិរភាពជាតិ”​ យកទៅប្រើដើម្បីរំលោភសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាជនខ្លួនឡើយ។

គួរបញ្ជាក់ថា វៀតណាម ដែលមានរបបកុម្មនីស្តសង្គមនិយម តែងតែត្រូវអង្គការសិទ្ធិមនុស្ស រិះគន់ជាប្រចាំ ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស។ ជាមួយនឹងការឡើងមកកាន់តំណែង របស់ថ្នាក់ដឹកនាំនយោបាយ​ថ្មី កាលពីឆ្នាំទៅ វៀតណាមបានដំឡើងសាច់ដុំ ចាប់អ្នកប្រឆាំង កាន់តែច្រើន។ ចាប់ពីដើមឆ្នាំ២០១៧មក បើតាមតួលេខរបស់អង្គការ Amnesty International អាជ្ញាធរវៀតណាម បានធ្វើការឃុំឃាំងអ្នកតវ៉ារិះគន់ខ្លួន ចំនួន១៥នាក់ ហើយក្នុងចំណោមនោះ មានអ្នកខ្លះត្រូវទទួលទោសជាប់ពន្ធនាគារយូរឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ