អានតួអត្ថបទ
ច្បាប់ព្រហ្មទណ្ឌឥណ្ឌូណេស៊ី

អង្គការសហប្រជាជាតិ៖ ច្បាប់ព្រហ្មទណ្ឌថ្មីរបស់ឥណ្ឌូណេស៊ី​ប្រាសចាកពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន

អង្គការសហប្រជាជាតិ​បាន​សំដែងក្តីបារម្ភ បន្ទាប់ពី​សភាឥណ្ឌូណេស៊ី​បោះឆ្នោត​អនុម័ត​ច្បាប់ព្រហ្មទណ្ឌថ្មី ដែលមាន​គោលដៅ​ហាមឃាត់​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅចំណងអាពាហ៍ពិពាហ៍។ ក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ព្រហស្បតិ៍​ទី​៨​ធ្នូ ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ហ្សាកាតា បានប្រកាស​ចាត់ទុក ច្បាប់ព្រហ្មទណ្ឌថ្មី​របស់​ឥណ្ឌូណេស៊ី​ថា ប្រាសចាក​ពី​ការគោរពសិទ្ធិសេរីភាព សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​អាច​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រព្រឹត្តអំពើហិង្សា។

រដ្ឋមន្រ្តីច្បាប់និង​សិទ្ធិមនុស្ស​ឥណ្ឌូណេស៊ី លោក​Yasonna Laoly​ឆ្វេងឈរថតជាមួយ អនុប្រធានរដ្ឋសភា​នៅក្នុង​អំឡុង​ពិភាក្សា​កំណែទម្រង់ច្បាប់​ព្រហ្មទណ្ឌ នៅថ្ងៃទី ៦​ធ្នូ ២០២២
រដ្ឋមន្រ្តីច្បាប់និង​សិទ្ធិមនុស្ស​ឥណ្ឌូណេស៊ី លោក​Yasonna Laoly​ឆ្វេងឈរថតជាមួយ អនុប្រធានរដ្ឋសភា​នៅក្នុង​អំឡុង​ពិភាក្សា​កំណែទម្រង់ច្បាប់​ព្រហ្មទណ្ឌ នៅថ្ងៃទី ៦​ធ្នូ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិ​ស្វាគម​ឥណ្ឌូណេស៊ី​ដែលធ្វើ​បច្ចុប្បន្នភាព ច្បាប់​ព្រហ្មទណ្ឌ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យអាណានិគម​ហូឡង់។ ប៉ុន្តែ ជាមួយគ្នានោះ អង្គការសហប្រជាជាតិ​ក៏ត្រូវមកខកចិត្ត និងកើតក្តីបារម្ភ នៅពេលសង្កេត​ឃើញថា មាត្រាជាច្រើន​របស់​ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ដែល​សភា​ឥណ្ឌូណេស៊ី​បាន​អនុម័ត​កាលពីថ្ងៃ​ចន្ទ មានន័យ រើសអើង បិទ​សិទ្ធិសេរីភាព និង​រំលោភសិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សាកាតាបានវាយតម្លៃថា ច្បាប់​ព្រហ្មទណ្ឌ​ថ្មី ប៉ះពាល់​ដល់​សិទ្ធិ​សុខភាព ជីវិត​ឯកជន រឹតត្បិត​សិទ្ធិនយោបាយ និងសាសនា និង​ជំរុញលើកទឹកចិត្ត​ឲ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា និង​ការរើសអើង​ផ្លូវភេទ នៅឥណ្ឌូណេស៊ី។

តាម​អង្គការ​ការពារសិទ្ធិមនុស្ស ច្បាប់​ថ្មី ដែល​ហាមឃាត់ ទំនាក់ទំនង​ក្រៅអាពាហ៍ពិពាហ៍ នឹង​អាច​ប៉ះពាល់​ខ្លាំងជាងគេ ក្រុមអ្នក​ស្រឡាញ់ភេទ​ដូចគ្នា ព្រោះថា នៅ​ឥណ្ឌូណេស៊ី គ្មានទេ ការអនុញ្ញាត ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា។ ក្រៅពី​ដាក់ទោស អ្នកដែល​មានទំនាក់ទំនងផ្លូវភេទ​ក្រៅចំណងអាពាហ៍ពិពាហ៍ ច្បាប់​បានហាមឃាត់​ផងដែរ មិន​ឲ្យ​គេ​បង្ហាញ ឬ​ផ្តល់មធ្យោបាយ​សម្រាប់​ពន្យារកំណើត ឬ​ការពារ​ពីការមានផ្ទៃពោះ ដល់​មនុស្សអាយុក្រោម ១៨ឆ្នាំ។

ច្បាប់ព្រហ្មទណ្ឌថ្មី​ដែលអាច​ចូលជា​ធរមាន​នៅ​៣ឆ្នាំ​ខាងមុខ នឹង​ទៅ​ពង្រឹង​ផងដែរ ការអនុវត្ត​ច្បាប់អ៊ីស្លាម ដែលមាន​លក្ខណៈ​តឹងរ៉ឹង​រួចទៅហើយ នៅឥណ្ឌូណេស៊ី។ ជាក់ស្តែង អ្នកដែលផ្សព្វផ្សាយ​មនោគមវិជ្ជាផ្ទុយប្រឆាំងនឹង​មនោគមផ្លូវការ​របស់​រដ្ឋ ដែល​និយាយ​ឯកភាព និងការគោរពជនជាតិភាគតិច និង​សាសនា​នឹងអាច​ប្រឈម​នឹង​ការដាក់ទោស ជាប់ពន្ធនាគារ ៤ឆ្នាំ។ តាម​អង្គការ​សហប្រជាជាតិ ច្បាប់ថ្មី​របស់​ឥណ្ឌូណេស៊ី​នឹង​អាច​នឹងប៉ះពាល់​ផងដែរ ដល់​សិទ្ធិសេរីភាព​សារព័ត៌មាន ព្រោះថា អ្នកកាសែត ​អាច​ប្រឈម​នឹង​ការដាក់ទោស​ពន្ធនាគារ សម្រាប់ការចុះផ្សាយ​ព័ត៌មាន​ដែល​គេចាត់ទុកថា មានលក្ខណៈញុះញង់ បង្ក​ឲ្យមានចលាចល​ក្នុងសង្គម។

នៅក្នុង​ច្បាប់ព្រហ្មទណ្ឌថ្មី ឥណ្ឌូណេស៊ី​បាន​បង្កើត​ផងដែរ ការដាក់ទោសពន្ធនាគារ​សម្រាប់​អ្នកដែលជេរប្រមាថ​ប្រធានាធិបតី។ ច្បាប់ព្រហ្មទណ្ឌថ្មី ដែលត្រូវ​ការចុះហត្ថលេខា​របស់​ប្រធានាធិបតី និង​អាច​ចូលជាធរមាន​នៅ​៣ឆ្នាំ ខាងមុខ​បានទាក់ទាញចំណាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ។ សហរដ្ឋអាមេរិក​ធ្លាប់​សំដែង​ការបារម្ភ ពីការដើរថយក្រោយផ្នែកសិទ្ធិមនុស្ស​របស់​ឥណ្ឌូណេស៊ី និង​ការផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច នៅក្រោយការអនុវត្តច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ