អានតួអត្ថបទ
ជប៉ុន-ជំងឺវង្វេងវង្វាន់

ជប៉ុន​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍ប្រដាប់​ជួសឈាម​រក​មើល​ជំងឺ​វង្វេង​វង្វាន់

ជា​ដំណឹង​ល្អ​ក៏​កម្រ​មួយ​ផ្នែក​​វេជ្ជសាស្ត្រ​ ប្រឈម​នឹង​កើន​ឡើង​ជា​លំដាប់​នៃ​ជំងឺ​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​ បាត់​បង់​ការ​ចងចាំ។ ប្រដាប់​ជួស​ឈាម​រក​មើល​ជំងឺ​វង្វេង​វង្វាន់ “​អាល់ហ្សៃមែរ” របស់​ក្រុមហ៊ុន​ជប៉ុន Sysmex Corporation បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចេញ​លក់​ទីផ្សារ​ហើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​នៅថ្ងៃព្រហស្បតិ៍ ទី ២២​ធ្នូ​ឆ្នាំ​២០២២។

ជប៉ុន​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍ប្រដាប់​ជួសឈាម​រក​មើល​ជំងឺ​វង្វេង​វង្វាន់​
ជប៉ុន​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍ប្រដាប់​ជួសឈាម​រក​មើល​ជំងឺ​វង្វេង​វង្វាន់​ AFP/File
ផ្សាយពាណិជ្ជកម្ម

ប្រដាប់​ជួសឈាម​ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​Sysmex Corporation ជាឧបករណ៍ងាយ​ស្រួល​ប្រើ មិនប៉ះពាល់​ដល់​សរីរាង្គកាយ​ខ្លាំង ហើយ​អាច​ផ្តល់​លទ្ធផល​បាន​យ៉ាង​ឆាប់​រហ័សបំផុត។ ដោយ​ប្រើ​ពេល​តែ​ប្រមាណ​ជាង​១៥នាទី​បន្តិច ឧបករណ៍​នេះ​អាច​​វិភាគឈាម​រកឃើញ​​កំរិត​ជាតិ​ប្រូតេអ៊ីន​បេតាអាម៊ីឡូអ៊ីដ ដែល​ជា​ភ្នាក់ងារ​ដ៏​ចម្បង​មួយ​បង្ក​ឱ្យ​មាន​ជំងឺ វង្វេងវង្វាន់​អាល់ហ្សៃមែរ Alzheimer។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ ​ក្រុមហ៊ុនជប៉ុន​អះអាង​ថា​នឹង​ចេញ​លក់​លើ​ផ្សារ​ នូវ​កញ្ចប់​ប្រដាប់​ជួសឈាម​រក​មើល​ជំងឺ​វង្វេងវង្វាន់ ក្នុង​ពេល​ឆាប់ៗ។

ក្រៅ​ពី​ជប៉ុន ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត នៅលើ​លោក​កំពុង​ព្យាយាម​ផលិត​ប្រដាប់​ជួសឈាម​រក​ជំងឺ​អាល់ហ្សៃមែរ និង​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ។ ការ​ធ្វើ​តេស្តឈាម​វិភាគរក​ជំងឺ​អាល់ហ្សៃមែរ ឬ​ជំងឺ​ភ្លេច​វង្វេង​ផ្សេងទៀត ជា​វិធី​សាស្ត្រ​ ​ដែល​នឹង​ត្រូវ​លូតលាស់​ខ្លាំង​នៅពេល​អនាគត​​។ នេះ​បើតាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក​ alzheimer’s association ដោយ​គូស​បញ្ជាក់​ថា ពិភពលោក​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ឧបករណ៍​ ​ដ៏​សាមញ្ញ ថោក មិនប៉ះពាល់​ដល់​សរីរាង្គកាយ (មិនផ្តល់​ការ​ឈឺ​ចាប់ខ្លាំង) និង​ងាយ​ស្រួល​ប្រើ ដើម្បី​ឆាប់វិភាគ​ឃើញ​ជំងឺ​វង្វេងវង្វាន់​តាំងពី​ដំណាក់កាល​ដំបូងៗភ្លាម​។ ឆាប់​ដឹង​ថា​មាន​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃមែរ គេកាន់​តែ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​សង្គ្រោះ​ព្យាបាល ដោយ​ទប់​កុំ​ឱ្យ​ជំងឺ​វិវឌ្ឍទៅ​មុខ​បាន​លឿន​។

​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា គេ​អាច​វិភាគ​អាការៈ​ជំងឺ​នេះ​បាន​ រហូត​មក​ទល់​ពេលនេះ ដោយ​ប្រើ​វិធី​សាស្ត្រ​ដែល​ចំណាយ​ធំ​ និង​ពិបាក​ខ្លាំង ដូច​ជា​ថតឆ្លុះ​ខួរក្បាល ​ឬ​ដោយចាក់​ឆ្អឹង​ខ្នង​យក​ទឹករងៃ​មក​វិភាគ ដែល​ឈឺ​ចាប់​ខ្លាំង​បំផុត។ កាលពី​ខែ​វិច្ឆិកា ក្រុមហ៊ុន​ឱសថ​អាមេរិក​សហការជាមួយ​ក្រុមហ៊ុន​ជប៉ុន Eisai ដៃគូ​របស់​Sysmex បាន​ប្រកាស​សាកល្បង​គ្លីនិកនូវ​​ថ្នាំ​មួយ​មុខ​ថ្មី​ឈ្មោះ Lecanemab ដែល​មាន​សក្តានុពល​ទប់​ប្រព័ន្ធ​បញ្ញាញាណរបស់​​អ្នក​ជំងឺ​វង្វេង​មិន​ឱ្យ​ធ្លាក់​ចុះ​លឿន​ពេក។ អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ​មា​ន​សង្ឃឹម​ច្រើន​លើ​​ប្រសិទ្ធភាពនៃ​ការ​ព្យាបាល​ បើ​ទោះ​បី​ជា​​ផលប៉ះពាល់រំខាននៃ​ថ្នាំ​មាន​លក្ខណៈ​ធ្ងន់ធ្ងរក៏​ដោយ។​​ ​

ភ្លេច​វង្វេងវង្វាន់អាល់ហ្សៃមែរ ជា​​ជំងឺខូច​​ប្រព័ន្ធ​ប្រសាទគួរ​ឱ្យ​ខ្លាច​ ដែល​មាន​កំណើន​ជា​លំដាប់​នៅ​ទូទាំងពិភពលោក។​ ជាង​៥៥​លាន​នាក់​នៅ​ពេល​នេះ និង​ដល់​១៣០លាន​នាក់​នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាម​ការ​ព្យាករ​របស់​អង្គការ​សុខភាព​ពិភពលោក។ ជំងឺ​បាត់​បង់​ការ​ចងចាំ​នេះ ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង​ជាង​គេ​មួយ​នៅជប៉ុន ព្រោះ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចាស់​ជាង​គេ​នៅលើ​ពិភពលោក (ជប៉ុន​រាប់​ឃើញ​មាន​ជាមនុស្ស​ចាស់​អាយុ​លើស៦៥ឆ្នាំ ដល់​២៩,១%​)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ