អានតួអត្ថបទ
អ៊ីរ៉ង់-ច្បាប់អ៊ីស្លាម

កីឡាការនីអុកអ៊ីរ៉ង់​រត់ទៅជ្រកកោននៅអេស្ប៉ាញ នៅក្រោយរងការគំរាមកំហែងជីវិត

រងការគំរាមកំហែង​ដោយសារ​មិនបាន​ពាក់ក្រណាត់ទទូរក្បាល​តាម​ច្បាប់អ៊ីស្លាម កីឡាការនីអុក ជាតិអ៊ីរ៉ង់ម្នាក់​បាន​បដិសេធ​មិនត្រលប់​ចូលប្រទេស នៅក្រោយ​ចប់​ការប្រកួត​កីឡាអុកចត្រង្គ​នៅប្រទេស​កាហ្សាក់ស្ថាន។ តាមប្រភពស្និទ្ធិ​នឹង​កីឡាការនីអ៊ីរ៉ង់ ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP កីឡាការនីអុក​អ៊ីរ៉ង់​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អេស្ប៉ាញ នៅថ្ងៃអង្គារ​ទី ៣ មករា ឆ្នាំ ២០២៣។

កីឡាការនីអុក អ៊ីរ៉ង់ នាង សារ៉ាសាដាត ហាដេម៉ាលស្ហារៀ នៅក្នុងការប្រកួតកីឡាអុកចត្រង្គ​អន្តរជាតិនៅកាហ្សាក់ស្ថាន​នៅថ្ងៃទី ២៨​ធ្នូ ២០២២
កីឡាការនីអុក អ៊ីរ៉ង់ នាង សារ៉ាសាដាត ហាដេម៉ាលស្ហារៀ នៅក្នុងការប្រកួតកីឡាអុកចត្រង្គ​អន្តរជាតិនៅកាហ្សាក់ស្ថាន​នៅថ្ងៃទី ២៨​ធ្នូ ២០២២ REUTERS - PAVEL MIKHEYEV
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការប្រកួតកីឡាអុកចត្រង្គអន្តរជាតិ​ដែលប្រព្រឹត្តទៅ​នៅប្រទេស​កាហ្សាក់ស្ថាន កាលពី​សប្តាហ៍មុន គេ​ឃើញ​កីឡាការនីអុក អ៊ីរ៉ង់ នាង សារ៉ាសាដាត ហាដេម៉ាលស្ហារៀ ដែលមាន​រហស្សនាមថា នាង​សារ៉ា ខាដេម អង្គុយលេងអុកជាមួយគូប្រកួត ដោយគ្មាន​ពាក់ក្រណាត់ទទូរក្បាល ដែលជាការតម្រូវរបស់ច្បាប់អ៊ីស្លាមអ៊ីរ៉ង់។

តាមច្បាប់​​អ៊ីរ៉ង់ នៅក្នុងប្រទេស រាល់​ស្រ្តីគ្រប់ជាតិសាសន៍​ត្រូវតែ​ពាក់ក្រណាត់បាំងក្បាល ចំណែកស្រ្តីអ៊ីរ៉ង់​ដែលធ្វើដំណើរ​ទៅបរទេស​ក៏ត្រូវ​ដាក់ក្រណាត់ទទូរក្បាលដែរ។

តាមប្រភពស្និទ្ធិ​នឹង​កីឡាការនីអ៊ីរ៉ង់ ចាប់តាំង​ពីថ្ងៃបើកការប្រកួត នាង​សារ៉ា ខាដេមដែលគ្មានពាក់ក្រណាត់ទទូរក្បាល​ទាល់តែសោះនៅក្នុងការប្រកួតកីឡាអុកចត្រង្គអន្តរជាតិ បាន​ទទួលទូរស័ព្ទ​គំរាមកំហែង​ ជាច្រើនលើក ជាពិសេស​នៅពេលនាង​ត្រលប់​ចូលប្រទេស​វិញ។ តាមប្រភពដដែល ដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំងអន្តរជាតិ សូម្បី​ឪពុកម្តាយ និង​សាច់ញាតិ​របស់​កីឡាការនី​អុក ដែលកំពុងមានវត្តមាន​នៅក្នុងប្រទេស​អ៊ីរ៉ង់​ក៏បានរងការគំរាមកំហែង​ដែរ។

ក្រសួងការបរទេស​អ៊ីរ៉ង់​មិនបានឆ្លើយសំណួររបស់​អ្នកកាសែត​ទាក់ទង​នឹង​ករណី​គំរាមកំហែង​លើ​រូបកីឡាការនីអុក នាង​សារ៉ា ខាដេម ប៉ុន្តែ នៅ​សប្តាហ៍មុន សហព័ន្ធ​កីឡាអុកចត្រង្គជាតិអ៊ីរ៉ង់​បាន​ប្រកាស​ថា នាងសារ៉ា ខាដេមដែលមិនបាន​ពាក់ក្រណាត់ទទូរក្បាល​តាមច្បាប់អ៊ីរ៉ង់ មិនមែនជាអ្នកតំណាងប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ នាងចូលលេង​ដោយចិត្តឯង ជាលក្ខណៈឯកជន។

ដោយសារ​រងការគំរាមកំហែង​នៅពេល​ត្រលប់​ចូលប្រទេស កីឡាការនីអុកអ៊ីរ៉ង់​បាន​បដិសេធ​មិនត្រលប់ទៅអ៊ីរ៉ង់ ប៉ុន្តែ បែរទិសដៅឆ្ពោះ​ទៅ​អេស្ប៉ាញ។ ​តាម​ប្រភពស្និទ្ធនឹង​កីឡាការនីអុកអ៊ីរ៉ង់ នាង​សារ៉ា ខាដេម​បានធ្វើដំណើរ​ទៅដល់​​​ប្រទេស​អេស្ប៉ាញកាលពីថ្ងៃ​អង្គារ។

មាន​អាយុ​២៧ឆ្នាំ ​សារ៉ា ខាដេមជាកីឡាការនី​ជើងឯកខាង​កីឡាអុកចត្រង្គ​របស់​អ៊ីរ៉ង់ ដែលជាប់ចំណាត់ថ្នាក់លេខ ៨០៤នៅក្នុង​ពិភពលោក។ ការមិនព្រម​ពាក់​ក្រណាត់ទទូរក្បាល អាច​ជា​ចេតនា​របស់​កីឡាការនីអ៊ីរ៉ង់​ដើម្បី​ចូលរួមប្រឆាំង​តវ៉ា​នឹង​អំណាច​ផ្តាច់ការរបស់​អាជ្ញាធរ​អ៊ីរ៉ង់​ ដែល​មិនបន្ថយដៃ​បង្រ្កាប​លើ​ចលនា​បាតុកម្ម​ទាមទារ​សិទ្ធិសេរីភាព​នៅអ៊ីរ៉ង់។ ​

នៅមុន​កីឡាការនីអុក សារ៉ា ខាដេម កីឡាការនីអីរ៉ង់ផ្សេង​ទៀតដែល​ចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ ​ក៏ធ្លាប់​សំដែង​ការប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់​តាមរយៈ ការបដិសេធ​មិនពាក់ក្រណាត់ទទូរក្បាលនេះដែរ។ ប៉ុន្តែ កីឡាការនី​ឡើង​ជញ្ជាំង នាងអែលណា រេកាប៊ី (Elnaz Rekabi) ដែលរងការរិះគន់ដោយសារ​តែ​មិនបាន​ពាក់ក្រណាត់ទទូរក្បាល​នៅក្នុង​ពេល​ប្រកួតនៅប្រទេស​កូរ៉េខាងត្បូង បាន​​និយាយ​សុំទោស នៅពេល​ធ្វើដំណើរ​ត្រលប់ចូលប្រទេសអ៊ីរ៉ង់ នៅខែ តុលា ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ