អានតួអត្ថបទ
សិទ្ធិកុមារ

អ.ស.ប.​ ៖ កូនក្មេង​ទីបេ​​ ប្រហែល​១លាន​នាក់ ត្រូវបំបែកពីគ្រួសារ

នៅ​ប្រទេស​ចិន យ៉ាងហោច ​កុមារ​ទីបេ ប្រមាណ​១លាននាក់ ត្រូវ​បំបែកចេញ​​ពីគ្រួសារ ព្រោះតែ​យន្តការ​សមារណកម្ម​ទាំង​បង្ខំ​ របស់​រដ្ឋអំណាច​ចិន​។ នេះបើតាម​របាយការណ៍​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ ដែល​បាន​ផ្សាយ​ នៅ​ថ្ងៃ​ទី​៦កុម្ភៈ។​ អ្នក​ជំនាញសិទ្ធិ​មនុស្ស បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ចំពោះ គម្រោង​ផែន​ការ​របស់​ចិន ដែល​ប៉ុន្មា​នឆ្នាំ​ចុងក្រោយ​នេះ បា​នបង្កើត​អន្តេវាសិកដ្ឋាន​ជាច្រើន និង​បង្ខំ​ឲ្យ​កូន​ក្មេង​ទីបេ​ រៀន​ភាសា​និង​វប្បធម៌​ចិន​។​ ​

រូបភាពតំណាង។ កុមារទីបេម្នាក់​កំពុង​នៅក្នុង​មណ្ឌល​ក្មេងកំព្រា។
រូបភាពតំណាង។ កុមារទីបេម្នាក់​កំពុង​នៅក្នុង​មណ្ឌល​ក្មេងកំព្រា។ ASSOCIATED PRESS - Ashwini Bhatia
ផ្សាយពាណិជ្ជកម្ម

អន្តេវាសិកដ្ឋាន ដែល​ដាក់​កុមារ​ជនជាតិ​ភាគតិច​ទីបេ​ឲ្យ​ស្នាក់នៅ​ គឺ​ដុះ​ដូច​ផ្សិត​ប៉ុន្មាន​ឆ្នាំមកនេះ ទាំង​ក្នុង​តំបន់​ទីបេ និង​ក្រៅ​​ទីបេ។  ​កូនក្មេង​​​ទីបេ ត្រូវ​បង្ខំ​រៀនសូត្រ​កម្មវិធី​សិក្សារបស់​រដ្ឋាភិបាល​ ទាំង​​ ភាសា និង វប្បធម៌។ នោះ​គឺ ភាសា​និង​វប្បធម៌​របស់​ពួក​ «ហាន់» ជា ​ជនជាតិ​ច្រើន​។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​រៀបចំសរសេរ​រ​បាយការណ៍​ស្តីពីកុមារ​ទីបេ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍ ទៀតថា ការ​បណ្តុះ​បណ្តាល​បែបនេះ គឺធ្វើ​ឲ្យ​កូន​ក្មេង​ទីបេ មិនបាន​រៀន​សូត្រ​ឈ្វេង​យល់​ស៊ីជម្រៅ​ ពីភាសា​ទីបេ ពី​ប្រវត្តិសាស្ត្រ​ទីបេ​ និង​ពី​ប្រពៃណី​វប្បធម៌​ទីបេ របស់​ដូន​តា តរយ​ជំនាន់​របស់​ពួកគេ​ឡើង។

លោក​ Fernand de Varennes អ្នក​ធ្វើ​របាយការណ៍ម្នាក់​ក្នុង​ចំណោម​បីនាក់ បញ្ជាក់ដែរ​ថា យន្តការ​បង្រៀន​នៅតាម​អន្តេវាសិកដ្ឋានទាំង​នោះ​ ជា​ផលវិបាកអវិជ្ជមាន គឺ បន្តិចម្តងៗ កូនក្មេងទីបេ បាត់បង់​ភាសាវប្បធម៌​​កំណើតដូនតា​ ហើយ​យូរទៅៗ នឹង​បាត់​អត្តសញ្ញាណ​តែម្តង​។​

​សេចក្តីថ្លែង​ការណ៍ ​បង្ហាញទៀត​ថា អន្តេវាសិកដ្ឋានសម្រាប់កុមារ​ទីបេ នៅ​ឆ្ងាយៗ​ពីទីលំនៅ​​គ្រួសារ​ឪពុកម្តាយ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​នោះ​ លំបាក​ចុះ​ឡើង​ផង ហើយ​ម្យ៉ាង ក៏​ផ្តាច់​ទំនាក់ទំនង​ពី​ជីដូនជីតាក្រុមគ្រួសារ ផង​។ នេះជាការ​ផ្តាច់​​ចំណងទាក់ទង​ខាង​ភាសា និង​ផ្តាច់​លំហូរ​​ផ្ទេរមត៌ក​វប្បធម៌​ពី​ចាស់ទុំ​មក​ក្មេងៗ​។

វិធានការ​បែប​​នេះ ធ្វើឡើង​ព្រមៗគ្នា​ទៅលើច្រើន​វិស័យ​ ទាំង​ក្នុង​ការ​សិក្សា​អប់រំ និងកិច្ចការ​សាសនា ដែល​ ទំនង​ដូចជា ​នយោបាយ​សមារណកម្ម​ដោយ​បង្ខំ​ ផ្តាច់​ប្រពៃណីវប្បធម៌​ទីបេ និង​ឲ្យ​បង្ខំ​បញ្ចូល​មក​ក្នុង​សហគមន៍ចិន​ «ហាន់»​ ជា​ជនជាតិ​ភាគច្រើន ។ នយោបាយ​បែបនេះ ​អ្នក​ជំនាញ បាន​ចាត់ទុកថា ជាការ​«រំលោភ​បំពាន​សិទ្ធិមនុស្ស​​»៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ