អានតួអត្ថបទ

ថៃ៖ក្រោយពីបិទ៧ឆ្នាំ អណ្តូងរ៉ែមាសដ៏ចម្រូងចម្រាស បើកឲ្យធ្វើអាជីវកម្មឡើងវិញ

នៅ​ក្នុង​ប្រទេស​ថៃ អណ្តូងរ៉ែ​មាស​ដ៏​ធំ​ជាង​គេ​នៅ​ប៉ែក​ខាង​ជើង​ឈ្មោះ ឆាតទ្រី​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើង​វិញ ក្រោយ​ពី​បាន​បិទ​ទ្វារ​អស់​រយៈពេល ៧ឆ្នាំ។ ការ​បិទ​ទ្វារ​កាល​ណោះ​ដោយសារ​តែ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​បំពុល​បរិស្ថាន។ សម្រាប់​ក្រុមហ៊ុន​អូស្រា្តលី Kingsgate ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​ឆាតទ្រី ការ​បើក​អណ្តូងរ៉ែ​មួយ​នេះ​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ​ជា​ដំណឹង​ល្អ ព្រោះ​ចំ​ពេល​ដែល​មាស​កំពុង​ឡើង​ថ្លៃ​នៅ​ទីផ្សារ​អន្តរជាតិ។ តើ​រឿងរ៉ាវ​ជុំវិញ​អណ្តូងរ៉ែ​មាស​ឆាតទ្រី​នេះ​មាន​ដំណើរ​ដើមទង​យ៉ាង​ម៉េច​ខ្លះ?

នៅថៃ ក្រោយពីបានបិទរយៈពេល ៧ឆ្នាំ អណ្តូងរ៉ែមាសដ៏ចម្រូងចម្រាសត្រូវបានបើកឲ្យធ្វើអាជីវកម្មឡើងវិញ។
នៅថៃ ក្រោយពីបានបិទរយៈពេល ៧ឆ្នាំ អណ្តូងរ៉ែមាសដ៏ចម្រូងចម្រាសត្រូវបានបើកឲ្យធ្វើអាជីវកម្មឡើងវិញ។ © AP
ផ្សាយពាណិជ្ជកម្ម

មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ប៉ែក​ជើង​ក្បែរ​ខេត្ត​ក្រីក្រ​ចំនួន ៣ របស់​ថៃ គឺ​ខេត្ត​ភិជីត ខេត្ត​ផេចៈប៊ូន និង​ខេត្ត​ភិតសនុឡូក អណ្តូងរ៉ែ​ឆាតទ្រី​បាន​ចាប់​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ២០០១។ កាល​ណោះ មាន​មាស​ជាង ៥០តោន និង​ប្រាក់​ជិត ២ ៥០០តោន​ត្រូវ​បាន​ទាញ​ចេញ​ពី​អណ្តូងរ៉ែ​នោះ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ការ​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​មួយ​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ពី​ប្រជាជន​មួយ​ចំនួន​ដែល​រស់​ក្បែរ​នោះ ព្រោះ​វា​បាន​ជះផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​បរិស្ថាន។ តាំង​ពី​ជិត ២០ឆ្នាំ​កន្លង​ទៅ ក្រុម​សកម្មជន​បរិស្ថាន​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​នោះ។

ទីបំផុត​ក្នុង​ឆ្នាំ ២០១៦ ពោល​ក្រោយ​ពី​បាន​ធ្វើ​អាជីវកម្ម​បាន ១៥ឆ្នាំ រដ្ឋាភិបាល​ថៃ​ក្នុង​ដៃ​របបសឹក​កាល​ណោះ​ក៏​បាន​បញ្ជា​ឲ្យ​បិទ​អណ្តូងរ៉ែ​ឆាតទ្រី​ដោយ​ចោទ​ពី​បទ​បាន​បំពុលដី​នៅ​ទី​នោះ។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​របស់​ក្រុម​សកម្មជន​បរិស្ថាន។ តែ​ទីបំផុត​ពេល​នេះ ពោល​ក្រោយ​ពី​បាន​បិទទ្វារ​អស់​រយៈពេល ៧ឆ្នាំ​មក រដ្ឋាភិបាល​ថៃ​ក្នុង​ដៃ​របបសឹក​ដដែល​ក៏​បាន​សម្រេច​បើក​ទ្វារ​អណ្តូងរ៉ែ​ឆាតទ្រី​ដដែល​នេះ​ឡើង​វិញ។ នេះ​ពិត​ជា​ដំណឹង​ល្អ​ខ្លាំង​ណាស់​សម្រាប់​ក្រុមហ៊ុន​អូស្រា្តលី Kingsgate ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​លើ​អណ្តូងរ៉ែ​នោះ។ ជា​ដំណឹង​ល្អ​ព្រោះ​ចំ​ពេល​ដែល​មាស​កំពុង​ឡើង​ថ្លៃ​ខ្ពស់។

មួយ​វិញ​ទៀត នេះ​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​មួយ​ចំនួន​រស់ក្នុង​តំបន់ ព្រោះ​ពួក​គេ​មាន​ការងារ​ធ្វើ​ឡើង​វិញ។ អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន Akara Ressources ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Kingsgate បាន​ធានា​ថា ក្រុមហ៊ុន​នឹង​រើស​បុគ្គលិក​បន្ថែម​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ តែ​ទន្ទឹម​នឹង​ដំណឹង​ល្អ ការ​បើក​អណ្តូងរ៉ែ​ឆាតទ្រី​ឡើង​វិញ​ពេល​នេះ​ក៏​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ដល់​ប្រជាជន​មួយ​ចំនួន​នៅ​ក្បែរ​នោះ រួម​ទាំង​ក្រុម​សកម្មជន​បរិស្ថាន។ សកម្មភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​អណ្តូងរ៉ែ​បង្ក​សំឡេង និង​ធ្វើ​ឲ្យ​ដី​រង្គើរ​ប្រៀប​ដូច​ជា​ដី​រញ្ជួយ។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​បាន​ប្រើ​ផលិតផល​គីមី​ដែល​បំពុល​បរិស្ថាន​ដើម្បី​ញែក​លោហៈ​មាន​តម្លៃ ពិសេស​មាស និង​ប្រាក់​ចេញ​ពី​កម្ទេច​ដី និង​ថ្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ